គ្រូបង្គោលកម្ពុជាព្យាយាមរៀបចំក្រុមឱ្យបានលទ្ធផលល្អជាមួយទីម័រខាងកើត ASEAN Mitsubishi Electric Cup 2024

ភ្នំពេញ៖ លោក Koji Gyotoku គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ការ​ប្រកួត កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៤​ថា លោក​មិន​ទាន់​គិត​ពី​ឱកាស​ប្រជែង​កៅអី​វគ្គ​បន្ដ ដោយ​មិន​ទាន់​ផ្ដោត​លើ​រឿង​នេះ ទោះបី​នៅ​សល់​ឱកាស​ស្ដួចស្ដើង ប៉ុន្តែ​អ្វី​ដែល​លោក​ផ្ដោត​សំខាន់ គឺ​ការ​ប្រកួត​ជាមួយ​ទី​ម័​រ​ខាងកើត និង​ការ​ប្រកួត​ចុង​ក្រោយ ដែល​ត្រូវ​ចំ​ក្រុម ដើម្បី​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​។

លោក Koji Gyotoku បន្ថែម​ថា ២​ប្រកួត​កន្លង​មក ការ​លេង​មិនអាក្រក់​ប៉ុន្មាន​ទេ ហើយ​សម្រាប់​ប្រកួត​ទី​៣ ជាមួយ​ក្រុម​ទី​ម័​រ​ខាងកើត នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នៅ​វេលា​ម៉ោង ១៧:៤៥​នាទី ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤​នេះ យើង​នឹង​ព្យាយាម​រៀបចំ​ក្រុម​ឱ្យ​បាន​ល្អ ដើម្បី​រក​ជ័យជម្នះ​ឱ្យ​បាន​។ គ្រូ​បង្គោល​កម្ពុជា​លើក​ឡើង​បែប​នេះ​ថា ៖«​សម្រាប់​ការ​ប្រកួត​របស់​កម្ពុជា​ជាមួយ​ក្រុម​ទី​ម័​រ​ខាងកើត គឺជា​ការ​ប្រកួត​ទី​៣ របស់​យើង​ក្នុង​ព្រឹត្តិការណ៍​នេះ ហើយ ២​ប្រកួត​កន្លង​មក សម្រាប់​លទ្ធផល គឺ​មិនអាក្រក់​ពេក​ទេ​។ ប្រកួត​ថ្ងៃនេះ យើង​នឹង​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ទទួល​បាន​ជ័យជម្នះ​។ ថ្វី​ដ្បិតតែ​កីឡាករ​របស់​យើង​មួយ​ចំនួន​បាន​របួស និង​មិន​អាច​បន្ត​ក្នុង​ព្រឹត្តិការណ៍​នេះ​ក៏​ពិតមែន យើង​នៅ​មាន​កីឡាករ​ផ្សេង​ៗ ដែល​អាច​ជំនួស​ពួក​គាត់​បាន ហើយ​យើង​នៅ​តែ​មាន​ជំនឿ​លើ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ថា​នឹង​អាច​យក​លទ្ធផល​ល្អ​ជូន​ដល់ អ្នកគាំទ្រ​»​។

ចំណែកឯ លោក SIMON ELISETTCHE គ្រូ​បង្គោល​ទី​ម័​រ​ខាងកើត​លើក​ឡើង​ដែរ​ថា ៖«​ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​ដែល​បាន​មក​កាន់​ទី​នេះ ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ជា​រឿយ​ៗ​យើង​តែងតែ​ទស្សនា​លី​គ​កម្ពុជា ខ្ញុំ​បានឃើញ​ពី​ការ​រីក​ចម្រើន​នៃ​កម្រិត​បាល់ទាត់​របស់​កម្ពុជា ព្រោះ​កីឡាករ​របស់​យើង​មួយ​ចំនួន​កំពុង​លេង​នៅ​លី​គ​កម្ពុជា​។ ការ​ប្រកួត​ថ្ងៃនេះ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​យើង ក្នុង​ព្រឹត្តិការណ៍​នេះ​។ សម្រាប់​ក្រុម​កម្ពុជា​គឺជា​ក្រុម​មួយ​ដែល​ល្អ ប៉ុន្តែ​យើង​នឹង​ខំប្រឹង​ឱ្យ​អស់ពី​សមត្ថភាព ហើយ​យើង​សង្ឃឹមថា​ក្រុម​នឹង​ធ្វើ​បាន​ល្អ និង​ទទួល​បាន ៣​ពិន្ទុ​»​។

គួរ​បញ្ជាក់​ថា ក្រុម​កម្ពុជា​នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្រុម​ភ្ញៀវ ទី​ម័​រ​ខាងកើត នា​វេលា​ម៉ោង ១៧:៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែធ្នូ​នេះ ក្នុង វគ្គ​សន្សំ​ពិន្ទុ ASEAN Mitsubishi Electric Cup 2024 មុន​ហោះ​ទៅ​ជួប​ជាមួយ​ម្ចាស់ផ្ទះ ថៃ នៃ​ជំនួប​ចុង​ក្រោយ​ក្នុង​ពូ​ល A នា​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤​ខាង​មុខ​៕

Previous articleReal Madrid ចំណាយលុយ ១សែនអឺរ៉ូចុះហត្ថលេខាយកយុវជន Lamini Fati
Next articleJobe Bellingham ឆ្លើយតបទៅនឹងព័ត៌មានចចាមអារ៉ាមផ្ទេរទៅកាន់ Dortmund