ភ្នំពេញ៖ ក្រុមម្ចាស់ផ្ទះ កម្ពុជា បានយកឈ្នះក្រុមទីម័រខាងកើត ដោយលទ្ធផលបច្ចេកទេស ២-១ កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅក្នុងការប្រកួតសន្សំពិន្ទុ ប្រចាំពូល A នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ាន (ASEAN Mitsubishi Electric Cup 2024)។
នៅក្នុងការប្រកួតដ៏ជក់ចិត្តនេះ ក្រុមភ្ញៀវ ជម្រើសជាតិទីម័រខាងកើតបានធ្វើសម្រេច១គ្រាប់បើកការនាំមុខ១គ្រាប់មុនលើក្រុមម្ចាស់ផ្ទះ កម្ពុជា នៅនាទី២២ ដោយកីឡាករ Joao Pedro Da Silva Freitas។ នៅនាទី៤២ កីឡាករ ស រតនា របស់កម្ពុជាធ្វើសម្រេចបាន១គ្រាប់តាមស្មើ ១-១។ ចូលដល់វគ្គទី២ នៅនាទី៧៩ ក្រុមកម្ពុជាធ្វើសម្រេចបានទី២ ដោយកីឡាករ ហាវ សុខនេត្រ ដែលជាគ្រាប់បាល់ជ័យជម្នះ ក្នុងការរកបាន៣ពិន្ទុជាលើកដំបូង ក្នុងចំណោម៣ប្រកួត។
ឆ្លងកាត់៣ប្រកួត ក្រុមជម្រើសជាតិកម្ពុជា មាន៤ពិន្ទុ ក្រោយឈ្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត ឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងពូល A ខណៈក្រុមថៃ ឈរនៅលើកំពូលតារាងជាមួយ៩ពិន្ទុ រីឯក្រុមសិង្ហបុរីឈរលេខ២បណ្តោះអាសន្ន។ ចំពោះក្រុមទីម័រខាងកើត ឈរនៅបាតតារាង មាន០ពិន្ទុ ក្រោយឆ្លងកាត់៤ប្រកួត ចាញ់ទាំង៤ប្រកួត។
ក្រុមកម្ពុជា នៅសល់១ប្រកួតទៀត ក្នុងដៃនៃវគ្គចែកពូលនេះ ដោយត្រូវជួបម្ចាស់ផ្ទះ ថៃ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ខណៈក្រុមម៉ាឡេស៊ីនឹងធ្វើម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ សិង្ហបុរី នៅថ្ងៃទី២០ខែធ្នូដែរ ដើម្បីបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល A។ សម្រាប់ប្រកួតរវាងក្រុមម៉ាឡេស៊ី និងសិង្ហបុរី គឺជាការប្រកួតដ៏សំខាន់ ដើម្បីកាត់សេចក្តីថាតើក្រុមណាមួយនឹងបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈពូល B ២ក្រុមលើកំពូលតារាងបណ្តោះអាសន្ន គឺវៀតណាម និងឥណ្ឌូណេស៊ី។
ថ្លែងក្រោយបញ្ចប់ការប្រកួត លោក KOJI GYOTOKU គ្រូបង្គោលក្រុមជម្រើសកម្ពុជាបានលើកឡើងថា សម្រាប់ការប្រកួតយប់មិញ គឺជាប្រកួតដ៏តានតឹង ក្រុមជម្រើសជាតិទីម័រល្អ ពួកគេមាន កីឡាករល្បឿនលឿនក្នុងការវាយបក និងលេងការពារ។ យើងមានបញ្ហាក្នុងតង់ទី១ ប៉ុន្តែកីឡាករយើងគាត់យល់ពីអ្វីដែលលោកបានប្រាប់ និងព្យាយាមកែតម្រូវចំណុចខ្វះខាត ក្នុងតង់ទី២ ហើយកីឡាកររបស់យើងព្យាយាមលេងរហូតដល់ទីបញ្ចប់។ ចំពោះ ការប្រកួតខាងមុខ អ្វីដែលលោកបារម្ភ គឺការបាត់បង់កម្លាំងរបស់កីឡាករយើង ដោយសារប្រកួតកន្លងមក គឺលោកមិនសូវដូរកីឡាករ ហើយដាក់កីឡាករដដែលៗ។ ប្រសិនបើកម្លាំង ពួកគេមិនគ្រប់គ្រាន់ ប្រហែលនឹងអាចមានការផ្លាស់ប្តូរ៕