ភ្នំពេញ៖ បន្ទាប់ពីដំណើរការប្រកួតជាច្រើនខែ នៅទីបំផុត ក្រុមវិទ្យាល័យឫស្សីកែវបានឈ្នះជើងឯក ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ AIA ជើងឯកវិទ្យាល័យ រដូវកាលទី៤ ប្រចាំឆ្នាំ២០២៤ បន្ទាប់ពីបានយកឈ្នះក្រុមឥន្ទ្រទេវី ដោយលទ្ធផល ៤ទល់៣ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
នៅក្នុងការប្រកួតយ៉ាងស្វិតស្វាញ ក្នុងវគ្គផ្តាច់ព្រ័ត្រដ៏ជក់ចិត្តនេះ ក្រុមវិទ្យាល័យឫស្សីកែវ និងឥន្ទ្រទេវី រក្សាបានលទ្ធផល ស្មើគ្នា ១ទល់១ ក្នុងការប្រកួតពេញម៉ោង៩០នាទី ដោយ១គ្រាប់របស់វិទ្យាល័យឫស្សីកែវរកបានដោយកីឡាករ ម៉ាន រ៉យ៉ានី នៅនាទី នៅវគ្គទី១ ហើយ១គ្រាប់តាមស្មើរបស់ក្រុមឥន្ទ្រទេវី ធ្វើសម្រេចដោយកីឡាករ ស៊ីថា ម៉េងជូន នៅវគ្គទី២។ ដូច្នេះក្រុមទាំងពីរត្រូវកាត់សេចក្តីដោយទាត់បាល់១១ម៉ែត្រ ដោយក្រុមវិទ្យាល័យឫស្សីកែវបានយកឈ្នះក្រុមឥន្ទ្រទេវី ដោយលទ្ធផល ៤-៣។
ដូច្នេះក្រុមវិទ្យាល័យឫស្សីកែវដណ្តើមបានចំណាត់ថ្នាក់លេខ១ ទទួលបានពានរង្វាន់១ មេដាយមាស អមដោយប្រាក់រង្វាន់ ៦០លានរៀល, ក្រុមវិទ្យាល័យឥន្ទ្រទេវី ទទួលបានជើងឯករង ទទួលបានមេដាយប្រាក់ អមដោយប្រាក់រង្វាន់ ៤០លានរៀល, ក្រុមចំណាត់ថ្នាក់លេខ៣ វិទ្យាល័យ ជាស៊ីមសាមគ្គី ទទួលបានមេដាយសំរឹទ្ធ អមដោយប្រាក់រង្វាន់ ១៥លានរៀល, ក្រុមចំណាត់ថ្នាក់លេខ៤ ក្រុមវិទ្យាល័យ ជ័យវរ្ម័ន្តទី៧ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៥លានរៀល ខណៈក្រុម Fair Play បានទៅលើក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ។
ចំពោះជ័យលាភីឯកត្តជន រួមមាន៖ គ្រូបង្វឹកល្អ បានទៅលើលោក ញ៉ែម ភារម្យ ក្រុមវិទ្យាល័យឫស្សីកែវ,កីឡាករទាត់បញ្ជូលទីបានច្រើនជាងគេ បានទៅលើកីឡាករ ធារី ទិត្យមុន្នីចេស្តា, អ្នកចាំទីល្អ កីឡាករ យ៉ាមហាម៉ាត់ រិនវ៉ាន ក្រុមវិទ្យាល័យឫស្សីកែវ, កីឡាករល្អជាងគេ កីឡាករ ពៅ វិសាល មកពីក្រុមវិទ្យាល័យឥន្ទ្រទេវី, ក្រុមអាជ្ញាកណ្តាលល្អ ដោយជ័យលាភីឯកត្តជននេះក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដូចៗគ្នាផងដែរ។
ពិធីបិទការប្រកួតពានង្វាន់ AIA ជើងឯកវិទ្យាល័យទទួលបានកិត្តិយសអញ្ជើញជាអធិបតីពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ AIA ជើងឯកវិទ្យាល័យនេះ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយក្លឹបកីឡាបាល់ទាត់បឹងកេត និងទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាបាល់ទាត់ នៅកម្ពុជា ជាពិសេសផ្តល់ឱកាស និងទីកន្លែងបង្ហាញសមត្ថភាព ទេពកោសល្យដល់យុវជន ក្នុងការសម្រួចបំណិន ដើម្បីបំពេញក្តីសុបិនឱ្យក្លាយជាកីឡាករអាជីព និងជម្រើសជាតិ នាពេលខាងមុខ។
ជាមួយគ្នានេះ តាមរយៈព្រឹត្តិការណ៍កីឡានេះ ក៏ជាការបណ្តុះស្មារតីឱ្យយុវជនបានស្រឡាញ់ និងលេងកីឡា ដើម្បីសុខភាព មិត្តភាព រឹតចំណងសាមគ្គីភាពរវាងសិស្សានុសិស្ស តាមគ្រឹះស្ថានសិក្សានានា ក្នុងការបង្កើតភាពសប្បាយរីករាយ ជៀសឆ្ងាយពីអំពើមិនល្អផ្សេងៗ ក្នុងសង្គមជាតិ។ ព្រឹត្តិការណ៍ជើងឯកវិទ្យាល័យត្រូវបានបង្កើតឡើងជាលើកដំបូង កាលពីឆ្នាំ២០២៩ ដោយមានការចូលរួមរបស់កីឡាករមកពីវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញយ៉ាងផុសផុល ជាមួយនឹងការផលិតធនធានយុវជនបាល់ទាត់ឱ្យកាន់តែសម្បូរបែបនិងប្រកបដោយគុណភាពល្អៗផងដែរ៕