លោក កែវ សារ៉េត៖ FFC បើកការស៊ើបអង្កេតករណីការកំណត់លទ្ធផលទុកមុនរបស់ក្រុមជម្រើសជាតិកម្ពុជាប្រកួតជាមួយ សិង្ហបុរី ក្នុងពានជើងឯកអាស៊ាន

ភ្នំពេញ៖ លោក កែវ សា​រ៉េ​ត អគ្គលេខាធិការ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៥​នេះ​ថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កំពុង​ដំណើរការ​ស៊ើបអង្កេត​លើ​ករណី ដែល​មហាជន​ជា​អ្នកគាំទ្រ​កំពុង​ផ្ទុះ​ការ​សង្ស័យ​ចំពោះ​ការ​កំណត់​លទ្ធផល​ទុកជា​មុន​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្នុង​ពេល​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ សិង្ហ​បុរី កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល នៃ​ពានរង្វាន់​ជើងឯក​អាស៊ាន (SEAN Mitsubishi Electric Cup 2024)​។

មហាជន និង​អ្នកគាំទ្រ​មួយ​ចំនួន​បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​ថា ការ​កំណត់​លទ្ធផល​ទុកជា​មុន ដែល​ជា​ការ​ទិញ​-​លក់ ក្នុង​ល្បែងស៊ីសង ខុស​ពី​គោលការណ៍​កីឡាបាល់ទាត់​។ លោក កែវ សា​រ៉េ​ត បាន​បញ្ជាក់​ជូន​ថា ៖«​យើង​ទទួល​បាន​ព័ត៌មាន​មួយ​ចំនួន​ពី​មហាជន និង​អ្នកគាំទ្រ នៅ​តាម​បណ្តាញ​សង្គម ដោយ​គេ​កាត់​ស្មានថា អាច​នឹង​មាន​ករណី​កំណត់​លទ្ធផល​ទុក​មុន​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​។ ដូច្នេះ​ហើយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​ក៏​បាន​យក​បញ្ហា​នេះ​មក​ពិនិត្យ​មើល ដោយ​មិន​ទុក​ចោល​បញ្ហា​បែប​នេះ​ឱ្យ​កើតឡើង​នោះ​ឡើយ​»​។

អគ្គលេខាធិការ FFC មាន​ប្រសាសន៍​ថា ៖«​ជាមួយ​គ្នា​នេះ FFC ក៏​បាន​ធ្វើ​ពាក្យ​ស្នើ​សុំ​មួយ​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល ដើម្បី​ឱ្យ​បើក​ការ​ស៊ើបសួរ​។ បើ​យើង​នៅ​ក្នុង​វិស័យ​កីឡាបាល់ទាត់​ខ្លួនឯង សួរ​ខ្លួនឯង គឺ​មានការ​លំបាក ដូច្នេះ​ហើយ FFC បាន​សម្រេច​ឱ្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ការ​កំណត់​លទ្ធផល​ទុក​នេះ មួយ​ផ្នែក ហើយ​សហព័ន្ធ​កីឡាបាល់ទាត់​ខ្លួនឯង ក៏​បាន​បង្កើត​គណៈកម្មការ​សុច្ចរិត​ភាព​មួយ ដើម្បី​ពិនិត្យ​មើល​ករណី​ដែល​បាន​កើតឡើង​នេះ​ដែរ​»​។

មក​ដល់​ពេល​នេះ យើង​មិន​ទាន់​ទទួល​បាន​លទ្ធផល​ទាំងស្រុង​ទេ ហើយ​យើង​ក៏​មិន​ទាន់​ទទួល​បាន​ចម្លើយ​ជាក់លាក់​ពី​គណៈកម្មការ​នោះ​ដែរ ពោល​គឺ​កំពុង​ដំណើរការ ហើយ​ពេល​ទទួល​បាន​លទ្ធផល​លើ​ការ​ស៊ើបអង្កេត​ករណី កំណត់​លទ្ធផល​ទុក​មុន យើង​នឹង​ជម្រាប​ប្រាប់​ជា​ផ្លូវការ ឬ​អាច​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ជា​សាធារណៈ​។ យន្តការ​នេះ​មាន​២ គឺ​ទី​១ សមត្ថកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កំពុងធ្វើការ និង​ទី​២ គណៈកម្មការ​សុច្ចរិត​ភាព​នឹង​ផ្ទៀងផ្ទាត់​លទ្ធផល និង​ត្រូវ​សម្រេច​យ៉ាងណា ដើម្បី​រាយការណ៍​ជូន​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

លោក កែវ សា​រ៉េ​ត បាន​សង្កត់ធ្ងន់​ថា ៖«​ឱ្យ​តែ​កើតឡើង​នូវ​បញ្ហា​ណាមួយ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មិន​ទុក​ចោល​បញ្ហា ឬ​មិន​អើពើ​នោះ​ទេ ដើម្បី​ទាញ​ការ​គាំទ្រ​ពី​មហាជន និង​មហា​អ្នកគាំទ្រ​របស់​យើង​ទាំងអស់​គ្នា ហើយ​សហព័ន្ធ​តែងតែ​ធ្វើ​កិច្ចការ​ស្រប​តាម​សំណូមពរ​របស់​មហាជន ខណៈ​ចំណុច​សំខាន់​មួយទៀត គឺ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​តែងតែ​ធ្វើការ​តាម​ផ្លូវ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) និង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ដែល​តែងតែ​ធ្វើ​ចំពោះ​ការ​ប្រកួត​ណាមួយ​មិន​ប្រក្រតី​។ ប្រព័ន្ធ​បាល់ទាត់ ដែល​បង្កើត​ឡើង ដើម្បី​គ្រប់គ្រង​រឿង​ភ្នាល់​បាល់ មាន​លីង​ចាំ​តាមដាន​លទ្ធផល​ឡើង​ចុះ ដែល​មិន​ប្រក្រតី​ជាដើម​នោះ គឺ​គេ​តែងតែ​សួរនាំ​មក​យើង ប៉ុន្តែ​បើ​មិន​មាន​បញ្ហា​អ្វី​ទេ ក៏​គេ​មិន​សួរនាំ​មក​ដែរ​។ ដូច្នេះ​យើង​បង្ការ​ទុក​ខ្លួន​យើង​ផង ហើយ​យើង​ក៏​រក្សា​សណ្តាប់ធ្នាប់ សីលធម៌​ល្អ ក្នុង​ការ​ប្រកួត​ឱ្យ​បាន​ល្អ ក្នុង​ន័យ​ទាក់ទាញ​អ្នក​ឧបត្ថម្ភ​គាំទ្រ មហាជន ដើម្បី​បន្ត​ដំណើរការ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​»​។

ជា​រួម ការ​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​កំណត់​លទ្ធផល​ទុក​មុន​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នេះ ត្រូវ​បាន​លោក​អគ្គលេខាធិការ FFC អះអាង​ថា មិន​ធ្វើ​បិទមុខ​នោះ​ទេ គឺ​មានការ​កោះ​ប្រជុំ​ជាមួយ​កីឡាករ​ជម្រើសជាតិ ក្រុម​ដឹកនាំ​ក្រុម​ជម្រើសជាតិ ដើម្បី​ឱ្យ​ដឹង​ឮ​ទាំងអស់​គ្នា ហើយ​ឯកឧត្តម​ប្រធាន FFC ក៏​បាន​ណែនាំ​ដល់​កីឡាករ​ជម្រើសជាតិ​ថា ប្រសិនបើ​មិន​មាន​ប៉ះពាល់​ដល់​ករណី​កំណត់​លទ្ធផល​ទុក​មុន​នេះ​ទេ សូមកុំ​ភ័យ​ព្រួយ ត្រូវ​តាំង​អារម្មណ៍​ឱ្យ​ស្ងប់ស្ងាត់ និង​ហ្វឹកហាត់​តាម​ធម្មតា​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ជើងឯក​អាស៊ាន (SEAN Mitsubishi Electric Cup 2024) គឺ​ក្រុម​ជម្រើសជាតិ​កម្ពុជា ស្ថិត​ក្នុង​ពូ​ល A ជាមួយ​ថៃ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ទី​ម័​រ​ខាងកើត​។ ឆ្លងកាត់​៤​ប្រកួត គឺ​ក្រុម​កម្ពុជា ឈ្នះ​១ ស្មើ​១ និង​ចាញ់​២​ប្រកួត ឈរ​នៅ​លេខ​៤ ក្នុង​ពូ​ល A​។ ក្នុង​ចំណោម​៤​ប្រកួត​នេះ គឺ​ក្រុម​កម្ពុជា​ត្រូវ​បាន​គេ​សង្ស័យ​ថា មាន​ករណី​កំណត់​លទ្ធផល​ទុក​មុន ចំនួន​១​ប្រកួត​ជាមួយ​ក្រុម​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤ ដែល​១​ប្រកួត​នោះ​គឺ​ក្រុម​សិង្ហ​បុរី​ជា​ម្ចាស់ផ្ទះ ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ជាតិ​សិង្ហ​បុរី ដោយ​ក្រុម​ភ្ញៀវ​កម្ពុជា របូត​២​គ្រាប់​មុន នៅ​ដើម​វគ្គ​ទី​១ ពោល​គឺ​នៅ​នាទី​ទី​៩ និង​នៅ​នាទី​១៦​។ នៅ​នាទី​ទី​៥៩ កីឡាករ​ខ្សែប្រយុទ្ធ សៀង ច​ន្ធា ធ្វើ​សម្រេច​តាម​ពីក្រោយ​បាន​១​គ្រាប់​វិញ ហើយ​ចប់​ការ​ប្រកួត ក្រុម​កម្ពុជា​ចាញ់​ម្ចាស់ផ្ទះ សិង្ហ​បុរី ដោយ​លទ្ធផល ១-២៕

Previous articleKlopp នឹងធ្វើរឿងនេះ ប្រសិនក្លឹប Man City មានទោស ហើយត្រូវដកហូតពាន PL មកអោយ Liverpool
Next articleលទ្ធផលចេញហើយ!! ចាន់​ វឌ្ឍនាកា​ រងរបួសដាច់ ACL ជង្គង់ឆ្វេង និងបែកទ្រនាប់ឆ្អឹងខ្ចីជង្គង់