ប្រធានសហព័ន្ធអត្តពលកម្ម៖ ការប្រកួតជើងឯកខេមអេដចម្រាញ់បានធនធានរបស់ខ្លួន ដើម្បីជំរុញដល់ការអភិវឌ្ឍចូលជាជម្រើសជាតិ

ភ្នំពេញ៖ លោក ដួង មាស​ចំរើន អគ្គនាយករង អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្តបាន​គូសបញ្ជាក់​ថា ការ​ប្រកួត​ជើងឯក​វិទ្យាស្ថាន​ខេ​ម​អេ​ដ កីឡាអត្តពលកម្ម ឆ្នាំ​២០២៥ ត្រូវ​បាន​គណៈកម្មការ​ជំនាញ​ចម្រាញ់​បាន​ធនធាន​ឆ្នើម​ៗ​ប្រចាំ​វិទ្យាស្ថាន ក្នុង​ន័យ​ជំរុញ​ដល់​ដំណើរការ​អភិវឌ្ឍ​រួម​គ្នា ដើម្បី​អាច​ក្លាយជា​ជម្រើសជាតិ នា​ថ្ងៃ​ខាង​មុខ​។

ការ​លើក​ឡើង​បែប​នេះ នៅ​ក្នុង​ឱកាស​បិទ​បញ្ចប់​ដោយ​ជោគជ័យ ការ​ប្រកួត​ជើងឯក​វិទ្យាស្ថាន​ខេ​ម​អេ​ដ កីឡាអត្តពលកម្ម កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។ លោក ដួង មាស​ចំរើន គូសបញ្ជាក់​ថា វិទ្យាស្ថាន​ខេ​ម​អេ​ដ​បាន​រៀបចំ​កីឡាអត្តពលកម្ម​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ​ទទួល​បានការ​ចូលរួម​ពី​និស្សិត​របស់​ខ្លួន​ចូលរួម​ច្រើន​។ នៅ​ក្នុង​ការ​ចូលរួម​របស់​ប្រភេទ​កីឡាអត្តពលកម្ម​នេះ យើង​ឃើញ​ថា មាន​សក្តានុពល ដែល​ស្ថិត​នៅ​ក្នុង​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក ដោយ​មាន​វិញ្ញាសា​ច្រើន ខណៈ​ការ​ចូលរួម​ដ៏​ច្រើន​របស់​កីឡាករ កីឡាការិនី​ជា​និស្សិត​ខេ​ម​អេ​ដ លើក​នេះ​ធ្វើ​ឱ្យ​អ្នកជំនាញ​រក​ឃើញ​នូវ​គុណភាព​របស់​ខេ​ម​អេ​ដ ក៏​ដូច​ជា​នឹង​អាច​ជ្រើសរើស​ជា​កីឡាករ កីឡាការិនី​ជម្រើសជាតិ​របស់​យើង​ផង​ដែរ​។ តាម​រយៈ​លទ្ធផល​នៃ​ការ​ប្រកួត​នេះ​នឹង​អាច​ជ្រើសរើស​បាន​ធនធាន​ឆ្នើម​ៗ ត្រៀម​ចូលរួម​ប្រកួត​កីឡា​សាកលវិទ្យាល័យ​ថ្នាក់​ជាតិ ក្រោម​ការ​រៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ពេល​ខាង​មុខ​។

ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​សង្កត់ធ្ងន់​ថា ជា​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ គឺ​យើង​ចង់ឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់ មិន​ត្រឹមតែ​សាលារៀន​ប៉ុណ្ណោះ​ទេ ដែល​ចូលរួម​លេង​កីឡា​ឱ្យ​បាន​កាន់តែ​ច្រើន ដោយ​ចង់ឱ្យ​ពួក​គាត់​មាន​សុខភាព​ល្អ ហើយ​បើ​គាត់​គិត​ថា​ខ្លួនឯង​អាច​មានគុណ​ផល​ល្អ អាច​ចូលរួម​ជាមួយ​ថ្នាក់​ជាតិ និង​អន្តរជាតិ​បាន​។ ជាមួយ​គ្នា​នេះ ជា​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​សាកលវិទ្យាល័យ​ថ្នាក់​ជាតិ តែងតែបាន​អញ្ជើញ​គ្រប់​គ្រឹះស្ថានឧត្តមសិក្សា​ទាំងអស់​ចូលរួម​ប្រកួតប្រជែង ហើយ​នៅ​គ្រប់​សាលារៀន​ទាំងអស់​គួរតែ​មាន​ប្រភេទ​កីឡាអត្តពលកម្ម​នេះ ដោយសារ​តែ​ប្រភេទ​កីឡា​នេះ​មាន​វិញ្ញាសា​ច្រើន ដែល​ជា​ជម្រើស​ល្អ​សម្រាប់​សិស្ស​និស្សិត​តាំ​ចំណង់​ចំណូលចិត្ត និង​ជំនាញ​រៀង​ៗ​ខ្លួន ដូច​ជា​វិញ្ញាសា​រត់ លោត​កម្ពស់​ជាដើម​។

ក្នុង​នាម​សហព័ន្ធ​យើង​តែងតែបាន​អំពាវនាវ​ឱ្យ​គ្រប់​សាលារៀន គ្រឹះស្ថានឧត្តមសិក្សា​រៀបចំ​ការ​ប្រកួត​កីឡាអត្តពលកម្ម​នេះ ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​សាលា​រៀប​មួយ​ចំនួន នៅ​មិន​ទាន់​រៀបចំ និង​កិច្ចសហការ​បាន​ល្អ​នៅឡើយ យ៉ាងណា​លោក ដួង​មាស ចំរើន នៅ​តែ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​សាលា​នានា​បំផុសស្មារតី​ឱ្យ​សិស្ស​និស្សិត​ចូលរួម​លេង​កីឡា​ឱ្យ​បាន​ច្រើន​កុះករ ដើម្បី​ឱ្យ​សហព័ន្ធ ក៏​ដូច​អាជ្ញាធរ​កីឡា​អាច​រកបាន​ធនធាន​កីឡាករ កីឡាការិនី​កាន់តែ​សម្បូរ​បែប និង​ប្រកបដោយ​គុណភាព​ខ្ពស់​ៗ​សម្រាប់​ជាតិ និង​អាច​ត្រៀមខ្លួន​កាន់តែ​ល្អ​ប្រសើរ ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នានា​ផង​ដែរ​។

បើ​តាម​ការ​បញ្ជាក់​របស់​តំណាង​វិទ្យាស្ថាន​ខេ​ម​អេ​ដ​បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡាអត្តពលកម្ម​ជើងឯក​ខេ​ម​អេ​ដ ឆ្នាំ​២០២៥​នេះ​មាន​៨​វិញ្ញាសា ដោយ​គណៈកម្មការ​បច្ចេកទេស​សម្រិតសម្រាំង​បាន​ម្ចាស់​ជ័យ​លា​ភី​ពី​ក្នុង​ការ​ចូលរួម​សរុប​របស់​និស្សិត​ខេ​ម​អេ​ដ សរុប ៣៥៣​នាក់ ខណៈ​ឆ្នាំ​នេះ​ត្រូវ​បាន​លើកទឹកចិត្ត​ខ្ពស់​សម្រាប់​និស្សិត​ស្រី​ៗ​ឱ្យ​ចូលរួម​លេង​កីឡា​ដើម្បី​សុខភាព មិត្តភាព សាមគ្គីភាព និង​អាច​រក​ធនធាន​ឆ្នើម​ៗ​ផង​ដែរ​។ ជ័យ​លា​ភី​លើ​៨​វិញ្ញាសា​នឹង​ត្រៀមខ្លួន​ចូលរួម​ការ​ប្រកួត​កីឡា​សាកលវិទ្យាល័យ​ថ្នាក់​ជាតិ ក្រោម​ការ​រៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ពេល​ខាង​មុខ​៕

Previous article២៥លានអឺរ៉ូ បូកនឹងលក្ខខណ្ឌលក់ ២០%នាពេលអនាគតសម្រាប់កីឡាករ ​Vitor Roque
Next articleSteven Gerrard ពន្យាពេលទៅដឹកនាំក្រុម Ranger ដោយសារតែ…!