លោក អ៊ួ តារា ៖ ជើងឯកថ្នាក់ជាតិបញ្ចស៊ីឡាត់ ជាការសម្រួចឆ្ពោះទៅ ដណ្តើមមេដាយជូនជាតិពីស៊ីហ្គេម ២០២៥

ភ្នំពេញ៖ លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធ​កីឡា​បញ្ច​ស៊ី​ឡា​ត់​កម្ពុជា​បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមីនា​នេះ​ថា សហព័ន្ធ​បាន​យក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៥ ឆាប់​នេះ ជា​ការ​សម្រួច​គោលដៅ​ឆ្ពោះទៅ​ប្រជែង​មេដាយ​ជូន​ជាតិ នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នា​ខែធ្នូ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ​។

សហព័ន្ធ​កីឡា​បញ្ច​ស៊ី​ឡា​ត់​កម្ពុជា បាន​ប្រកាស​ជូនដំណឹង​ដល់​សមាគម សាលា​គុន​បញ្ច​ស៊ី​ឡា​ត់​តាម​បណ្តា​ក្រសួង រាជធានី​-​ខេត្ត​ទាំងអស់​ថា សហព័ន្ធ​គ្រោង​នឹង​រៀបចំ​ការ​ប្រកួត​កីឡា​បញ្ច​ស៊ី​ឡា​ត់ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ នា​ថ្ងៃ​ទី​០៧-០៨ ខែមីនា ឆ្នាំ​២០២៥ នៅ​សាល​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ លោក អ៊ួ តារា បាន​លើក​ឡើង​ថា បញ្ច​ស៊ី​ឡា​ត់​ជា​ប្រភេទ​កីឡា​ថ្មី​មួយ​សម្រាប់​កម្ពុជា ដែល​មាន​សណ្ឋាន និង​ទម្រង់​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​កីឡា​ប្រពៃណី​ខ្មែរ​យើង​ដែរ គឺ​កីឡា​គុន​ល្បុក្កតោ​។ ដោយ​សំឡឹង​ឃើញ​ថា កីឡាករ កីឡាការិនី​កម្ពុជា​មាន​ទេព​កោសល្យ ក្នុង​ការ​លេង​បញ្ច​ស៊ី​ឡា​ត់ ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នេះ គឺ​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ ក្នុង​ការ​ប្រកួត​អន្តរជាតិ​នានា​។

លោក​អគ្គលេខាធិការ​សង្ក់តធ្ងន់​ថា ៖«​នា​ខែធ្នូ ឆ្នាំ​២០២៥ ប្រទេស​ថៃ​នឹង​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ ហើយ​បញ្ច​ស៊ី​ឡា​ត់​នេះ​ក៏​ត្រូវ​បាន​ដាក់​ប​ញ្ជូ​ល​ឱ្យ​ប្រកួត ក្នុង​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៥​នេះ​ដែរ​។ ដូច្នេះ សហព័ន្ធ​កីឡា​បញ្ច​ស៊ី​ឡា​ត់​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម សេង ធា​រិ​ន ប្រធាន​សហព័ន្ធ ក៏​ដូច​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ទាំងមូល​បាន​ជំរុញ​ឱ្យ​មានការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​ឡើង ដើម្បី​បើកឱកាស​ដល់​កីឡាករ កីឡាការិនី យុវជន​ខ្មែរ​បាន​ចូលរួម​ប្រកួតប្រជែង ស្វែងរក​ធនធាន សម្រួច​គោលដៅ ឆ្ពោះទៅ​ប្រជែង​មេដាយ​ជូន​ជាតិ ក្នុង​ស៊ី​ហ្គេ​ម ចុងឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ និង​ត្រៀម​ចូលរួម​ប្រកួត​អន្តរជាតិ​នានា​ផង​ដែរ​»​។

លោក អ៊ួ តារា គូសបញ្ជាក់​បន្ថែម​ទៀត​ថា ដោយសារ​តែ​សហព័ន្ធ​នេះ​ថ្មី មិន​ទាន់​ទទួល​បាន​បញ្ចប់​ថវិកា​គាំទ្រ​ប្រចាំឆ្នាំ​ដូច​សហព័ន្ធ​ដទៃ​នៅឡើយ​ទេ ប៉ុន្តែ​គណៈកម្មាធិការ​ប្រតិបត្តិ​តែងតែ​ប្រឹងប្រែង​ជំរុញ​ការងារ​អភិវឌ្ឍ​ប្រភេទ​កីឡា​ថ្មី​មួយ​នេះ នៅ​កម្ពុជា​ដូច​ប្រភេទ​កីឡា​ផ្សេង​ៗ​ដែរ​។ ជាក់ស្តែង សហព័ន្ធ​បញ្ច​ស៊ី​ឡា​ត់​កម្ពុជា​បាន​បញ្ជូន​កីឡាករ កីឡាការិនី​របស់​ខ្លួន​ទៅ​ចូលរួម​ប្រកួត​អន្តរជាតិ​នានា និង​កម្រិត​ពិភពលោក ដែល​ចុង​ក្រោយ​នេះ គឺ​អត្ត​ព​លិ​ក​បញ្ច​ស៊ី​ឡា​ត់​កម្ពុជា​ដណ្តើម​ម​បាន​មេដាយ​សំរឹទ្ធ​ពី​ការ​ប្រកួត​ជើងឯក​ពិភពលោក នៅ Abu Dhabi​។ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៥​នេះ គឺ​ប្រើប្រាស់​ថវិកា​ផ្ទាល់​របស់​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​បញ្ច​ស៊ី​ឡា​ត់​កម្ពុជា ដោយ​យើង​បាន​សំឡឹង​មើល​ឱកាស ក្នុង​ការ​ដណ្តើម​មេដាយ និង​កិត្តិយស​ជូន​ជាតិ ពីលើ​ឆាក​អន្តរជាតិ​។

លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធ​កីឡា​បញ្ច​ស៊ី​ឡា​ត់​កម្ពុជា​បាន​គូសបញ្ជាក់​ថា នេះ​ការ​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២៥ ក្រោម​ការ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ នេះ​ជា​ការ​ប្រកួត​ក្នុង​កម្រិត​ថ្នាក់​ជាតិ​មួយ ដែល​សហព័ន្ធ​បាន​រៀបចំ​១៥​វិញ្ញាសា​បុរស​-​នារី ក្នុង​នោះ​មាន​វិញ្ញាសា​ប្រយុទ្ធ​ផ្នែក​បុរស ចំនួន​៩ ប្រភេទ​ទម្ងន់ និង​នារី​មាន​ចំនួន​៦​ប្រភេទ​ទម្ងន់​។ ចំពោះ​ផ្នែក​បុរស ដែល​មាន​៩​វិញ្ញាសា គឺជា​ប្រភេទ​វិញ្ញាសា​ប្រយុទ្ធ ប្រភេទ​ម្ង​ន់ ៤៨-៥១ គ​.​ក្រ​, ៥១-៥៤ គ​.​ក្រ​, ៥៤-៥៧ គ​.​ក្រ​, ៥៧-៦០​គ​.​ក្រ​, ៦០-៦៣ គ​.​ក្រ​, ៦៣-៦៦ គ​.​ក្រ​, ៦៦-៦៩ គ​.​ក្រ​, ៦៩-៧២ គ​.​ក្រ​, និង​ប្រយុទ្ធ​ទម្ងន់ ៧២-៧៥ គ​.​ក្រ​។ រីឯ ៦​វិញ្ញាសា​ផ្នែក​នារី​មាន ប្រយុទ្ធ​ប្រភេទ​ម្ង​ន់ ៤០-៤៣ គ​.​ក្រ​, ៤៣-៤៦ គ​.​ក្រ​, ៤៦-៤៩ គ​.​ក្រ​, ៤៩-៥២​គ​.​ក្រ​, ៥២-៥៥ គ​.​ក្រ​, និង​៥៥-៥៨ គ​.​ក្រ​៕

Previous articleLiverpool ផ្តល់កុងត្រាថ្មីដល់យុវជន Conor Bradley
Next articleVinicius Jr និយាយច្បាស់ៗជាថ្មីអំពីអនាគតគាត់ជាមួយក្លឹប Real Madrid