ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាព ពានរង្វាន់សតវត្សរ៍នៃព្រះធម៌ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃចំណងមិត្តភាព កម្ពុជា-ថៃ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិកបានប្រកាសថា ប្រិយមិត្តទស្សនិកជនដែលមានបំណងចូលរួមទស្សនាគាំទ្រ អាចទៅយកសំបុត្រទស្សនាដោយឥតគិតថ្លៃ នៅស្តាតចាស់ និងស្តាតអូឡាំពិក ចាប់ពីម៉ោង៩ព្រឹកតទៅ ថ្ងៃទី០៦-០៧ ខែមីនា ឆ្នាំ២០២៥។
សម្រាប់កម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាពនេះ គឺការប្រកួតបាល់ទាត់រវាងក្រុមកម្ពុជា និងថៃ ដោយគូទី១ ក្រុមកីឡាករប្រដាល់គុនខ្មែរ ប្រកួតជាមួយ ក្រុម Muay Thai All Star និងគូទី២ ក្រុមតារាបាល់ទាត់កម្ពុជា ប្រកួតជាមួយ ក្រុមតារាបាល់ទាត់ថៃ ចាប់ពីវេលាម៉ោង២ រសៀលតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាសហស្ថាបនិកនៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្មីៗនេះ បានអំពាវនាដល់មហាជនចូលរួមទស្សនាគាំទ្រឱ្យបានច្រើនកុះករ។ ឯកឧត្តម ខូវ ឆាយ លើកឡើងថា ការប្រកួតបាល់ទាត់មិត្តភាពនេះ មានគោលបំណងចម្បង គឺជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងថៃ ព្រមទាំងមានគោលបំណងបង្កើតទំនាក់ទំនងមិត្តភាពសាមគ្គីភាពរវាងកម្ពុជានិងថៃឱ្យកាន់តែល្អជាមួយគ្នាបន្ថែមទៀត ក្នុងនាមជាប្រទេសជាប់របងជាមួយគ្នា ក៏ដូចជាប្រទេសនៅក្នុងអនុតំបន់ទន្លេមេគង្គទាំងអស់ផងដែរ៕