ភ្នំពេញ៖ ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាបានគូសបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់ឃីកបុកស៊ីង ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ ដែលបិទបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ គឺផ្តោតសំខាន់ និងសម្រួចលើការផលិតធនធានថ្នាលយុវជនបន្តវេន សម្រាប់ជាតិ ទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ នាពេលបន្តបន្ទាប់ខាងមុខ។
ឯកឧត្តម ហេង សុខឃន បានបន្ថែមថា នេះជាចក្ខុវិស័យ ស្របតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ក្នុងការជ្រើសរើសធនធានថ្នាលបន្តវេនប្រកបដោយគុណភាព ក្នុងគោលដៅត្រៀមតាមតម្រូវការទីផ្សារប្រកួតអន្តរជាតិ ដែលកំពុងមានត្រូវការច្រើននៅក្រៅប្រទេស។
ប្រធានសហព័ន្ធរូបនេះបន្ថែមថា កីឡាករ កីឡាការិនី ដែលសម្រិតសម្រាំងបានម្ចាស់ជ័យលាភីពីការប្រកួតជើងឯកថ្នាក់ជាតិនេះនឹងត្រូវបានសហព័ន្ធជំរុញបន្ថែមលើការបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍសមត្ថភាព ហើយពួកគេក៏នឹងត្រៀមជាជម្រើសសម្រាប់សហព័ន្ធ ក្នុងការជ្រើសរើសជាបេក្ខភាពជំនួសកីឡាករ កីឡាការិនីជម្រើសជាតិក្នុងករណីរបួសពេលហ្វឹកហាត់ និងប្រកួត ដែលធ្វើឱ្យជម្រើសជាតិមិនអាចចូលរួមប្រកួតបាន ដូចជាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះជាដើម។
ឯកឧត្តម ហេង សុខឃន សង្កត់ធ្ងន់ថា ការប្រកួតជ្រើសរើសជើងឯកឆ្នាំនេះ ការចូលរួមពីយុវជនតាមបណ្តាសមាគម ក្រសួងរាជធានីខេត្តមានការផុសផុលខ្លាំង ខណៈច្បាប់ប្រដាល់ឃីកបុកស៊ីងត្រូវបានកីឡាករ កីឡាការិនីបានយល់ដឹងយ៉ាងច្បាស់ បន្ទាប់ពីកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ និងទទួលបានមេដាយយ៉ាងច្រើនផងដែរ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដំបូងនោះ។
ការប្រកួតកីឡាប្រដាល់ឃីកបុកស៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ដែលបានរៀបចំការប្រកួតរយៈពេល ៣ថ្ងៃ ពីថ្ងៃទី០៣-០៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសមាគម ក្រសួង រាជធានីខេត្តសរុបចំនួន ១០ ដែលមានកីឡាករ កីឡាការិនី ៨៦នាក់ (នារី ១៤នាក់) ប្រតិភូ គ្រូបង្វឹក ២៦នាក់ មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាលចៅក្រម ៣៥នាក់ សរុបរួមចំនួន ១២១នាក់។ វិញ្ញាសា ដាក់ឱ្យប្រកួតមានសរុប ១២វិញ្ញាសា ក្នុងនោះផ្នែកបុរសមាន ៧ប្រភេទទម្ងន់ និងផ្នែកនារីមាន ៥ប្រភេទទម្ងន់។ ជ័យលាភីលើ១២វិញ្ញាសា រួមមាន៖ ក្រសួងការពារជាតិ ឈរនៅចំណាត់ថ្នាក់លេខ១ មេដាយសរុប៧ (មាស ៤ ប្រាក់២ សំរឹទ្ធ១), ក្រសួងមហាផ្ទៃ លេខ២ មេដាយសរុប៨ (មាស ២ ប្រាក់៤ សំរឹទ្ធ២) ខេត្តស្វាយរៀង ឈរនៅចំណាត់ថ្នាក់លេខ៣ មេដាយសរុប៣គ្រឿង (មាស២ ប្រាក់១)។
តាមរយៈការប្រកួតកីឡាប្រដាល់ឃីកបុកស៊ីង ជើងឯកថ្នាក់ជាតិនេះទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីលោក ដួង មាសចំរើន អគ្គនាយករង អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ខណៈការប្រកួតនេះទទួលបានកញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពន្លឿនផែនការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕