ភ្នំពេញ៖ ការរៀបចំព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ដល់សិទ្ធិស្មើភាព និងអានុភាពរបស់ស្ត្រីក្នុងសកម្មភាពកីឡា ហើយអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ដែលជាថ្ងៃរម្លឹកខួប ១១៤ឆ្នាំពីសិទ្ធិសេរីភាពស្មើគ្នារវាងបុរស និងស្ត្រី។
នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការស្ត្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ក្រោមប្រធានបទ «ឆ្ពោះទៅមុខដើម្បីស្ត្រី» ប្រព្រឹត្តិឡើងដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា បានដំណើរការ និងបញ្ចប់ប្រកបដោយភាពរីករាយ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅសួនច្បារ មុខវត្តបទុមវត្តី រាជធានីភ្នំពេញ។
លោកជំទាវបណ្ឌិតបានបន្ថែមថា លោកជំទាវបណ្ឌិតពិតជាមានក្តីសោមនស្សរីករាយក្រៃលែង នៅពេលដែលឃើញប្រជាពលរដ្ឋទាំងចាស់ ក្មេងចូលរួមព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី ក្នុងឆ្នាំ២០២៥ នេះយ៉ាងច្រើនកុះករ ដែលមានចំនួនច្រើនជាង ៣០០០នាក់។ នេះជាការបង្ហាញឱ្យឃើញពីការផ្តោតលើវិស័យកីឡា ការគិតគូរពីសុខភាព និងការរួមសាមគ្គីគ្នារវាងបុរស និងស្ត្រី ដើម្បីលើកស្ទួយសង្គមជាតិយើងឱ្យកាន់តែរីកចម្រើន។
កីឡាករ កីឡាការិនីជាង ៣០០០ នាក់បានចូលរួមរត់ប្រណាំងក្នុងព្រឹតិ្តការណ៍រត់ប្រណាំងប្រកបដោយទឹកមុខសប្បាយរីករាយ ស្នាមញញឹម ដែលចាប់ផ្តើមពីសួនច្បារ មុខវត្តបទុមវត្តី បន្តទៅកោះពេជ្រ និងឆ្លងកាត់កោះនរា ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។
ជាមួយគ្នានេះ លោក Loke Kah Meng អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គូសបញ្ជាក់ថា លោកពិតជាមានមោទកភាព ក្នុងការសហការជាមួយ NOCC ហើយក្រុមហ៊ុនរបស់លោក នៅតែបន្តជាម្ចាស់ឧបត្ថម្ភធំ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងស្ត្រីចម្ងាយ ១០គីឡូម៉ែត្រ រយៈពេល៤ ឆ្នាំមកហើយ។ លោកបានបន្ថែមថា លើសពីនេះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់វិភាគទានចំនួន ២០០០ រៀល ក្នុងអ្នកចូលរួមម្នាក់ដែលបានចុះឈ្មោះ ជាមួយនឹងអំណោយសរុបដល់ទៅ ៨ ០០០ ០០០ រៀល។ ថវិកាទាំងនេះនឹងត្រូវផ្តល់ទៅអង្គការចំនួនពីរ គឺមជ្ឈមណ្ឌលវិបត្តិស្ត្រីកម្ពុជា (CWCC) និង Women Are Gold (WAG)។ មូលនិធិនឹងប្រើប្រាស់លើការផ្តល់ជូនសម្ភារសិក្សា សម្ភារបណ្ណាល័យ នឹងគាំទ្រកម្មវិធីបណ្តុះបណ្តាលផ្សេងៗដូចជា ភាពជាអ្នកដឹកនាំរបស់សហគ្រិន ការរៀបចំផែនការហិរញ្ញវត្ថុ ឬការគ្រប់គ្រងហិរញ្ញវត្ថុជាដើម៕