ភ្នំពេញ៖ ស្ថាបនិករៀបចំការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សតវត្សរ៍នៃព្រះធម៌ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥នៃទំនាក់ទំនងការទូតកម្ពុជា-ថៃបានលើកឡើងថា តាមរយៈការប្រកួតបាល់ទាត់មិត្តភាពនេះនឹងបង្ហាញពីវប្បធម៌កីឡានាំមកនូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងការទូតល្អរវាងប្រទេសទាំងពីរ និងវប្បធម៌នៃការរស់នៅប្រកបដោយសុខសន្តិភាព ក្រោមម្លប់ព្រះធម៌នៃព្រះពុទ្ធិសាសនា ក្នុងនាមជាប្រជាជាតិនៃសហគមន៍អាស៊ានតែមួយ។
នេះបើតាមការឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ លោកបណ្ឌិត សុផាឆៃ វីរៈភុជង្គ ម្ចាស់សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និងជានាយកប្រតិបត្តិទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន Vattanac Brewery ព្រមទាំងតំណាងក្រុមបាល់ទាត់ទាំង៤ក្រុម។
ឯកឧត្តម ឃ្លាំង ហួត អភិបាលរង រាជធានីភ្នំពេញលើកឡើងថា ការប្រកួតកីឡាតែងតែមានអ្នកឈ្នះនិងចាញ់ ប៉ុន្តែជំនួបមិត្តភាពរវាងក្រុមទាំងពីរក្រុមបាល់ទាត់កម្ពុជា និងក្រុមថៃ នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥នេះ គឺចាញ់ឈ្នះតែលទ្ធផលប៉ុណ្ណោះ ប៉ុន្តែចំណងមិត្តភាព គឺយើងឈ្នះទាំងអស់គ្នា ក្នុងព្រឹត្តិការណ៍ប្រកួតអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតចំណងមិត្តភាពកម្ពុជានិងថៃ។
ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាសហស្ថាបនិកផ្តួចផ្តើមព្រឹត្តិការណ៍នេះ គូសបញ្ជាក់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងបង្កើតនូវវប្បធម៌ការរស់នៅដោយសុខសន្តិភាពនៃប្រទេសទាំងពីរ ក្នុងនាមជាប្រទេសអនុតំបន់ទន្លេមេគង្គដូចគ្នា និងប្រទេសជិតខាងនឹងគ្នា ដែលមានវប្បធម៌ អរិយធម៌ស្រដៀងគ្នា។ឯកឧត្តមបន្ថែមទៀតថា ជាការពិតណាស់ការប្រកួតបាល់ទាត់ គឺត្រូវតែមានភាគីម្ខាងឈ្នះ និងមានភាគីម្ខាងទៀតចាញ់ ប៉ុន្តែលទ្ធផលចាញ់និងឈ្នះវាគ្រាន់តែជាលទ្ធផលប៉ុណ្ណោះ។ អ្វីដែលជំនួបជួបគ្នានៅស្អែកនេះ គឺពួកយើងឈ្នះទាំងអស់គ្នា គឺយើងរួបរួមគ្នាសាងអំពើរល្អ និងសាងនូវសន្តិភាព ព្រោះសន្តិភាពវាពិតជាពិបាករកណាស់ ទម្រាំបានសន្តិភាពគឺត្រូវមានការពលីជីវិតមនុស្សយ៉ាងច្រើននាក់។ ទន្ទឹមជាមួយគ្នានោះ ភាគីតំណាងក្រុមទាំងកម្ពុជា និងថៃ សុទ្ធសឹងតែបានបង្ហាញនូវទំនាក់ទំនងមិត្តភាពសាមគ្គីភាពនិងគ្នា ហើយពួកគេម្នាក់ៗសង្ឈឹមជឿជាក់ថា ការប្រកួតមិត្តភាពនេះ និងក្លាយជារូបភាពប្រវត្តិសាស្ត្រថ្មីមួយទៀតរវាងតារា ក៏ដូចជាប្រជាតិនៃប្រទេសទាំងពីរ។
លោកបណ្ឌិត សុផាឆៃ វីរៈភុជង្គ ក្នុងនាមជាស្ថាបនិកបង្កើតព្រឹត្តិការណ៍នេះលើកឡើងថា ការប្រកួតបាល់ទាត់មិត្តភាពនេះមិនផ្តោតសំខាន់លើលទ្ធផលឈ្នះចាញ់ឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជន។ ក្នុងនាមជាស្ថាបិកព្រឹត្តិការណ៍នេះ លោកបណ្ឌិត សុផាឆៃ វីរៈភុជង្គ បានបន្ថែមទៀតថា ប្រជាជាតិកម្ពុជា-ថៃ ប្រៀបបានជាបងប្អូននឹងគ្នា ព្រោះមានប្រវត្តិចាក់ស្រេះជាមួយគ្នាអស់ជាច្រើនពាន់ឆ្នាំមកហើយ ពិសេសជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាដូចគ្នា និងឋិតនៅតាមបណ្តោយទន្លេមេគង្គជាមួយគ្នាទៀត។ ដូច្នេះ ប្រទេសទាំងពីរត្រូវតែរក្សាទំនាក់ទំនងជាមួយគ្នាឲ្យបានល្អចាប់ពីពេលនេះ និងតទៅដល់អនាគតជារៀងរហូត។
គួរបញ្ជាក់ថា ការប្រកួតនេះនឹងធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយដោយគូទី១ ជាជំនួបរវាងក្រុមគុនខ្មែរ All Star ជាមួយក្រុម Muay Thai All Star រីឯគូទី២ ជាជំនួបរវាងក្រុមតារាបាល់ទាត់កម្ពុជា និងក្រុមតារាបាល់ទាត់ថៃ ចាប់ពីវេលាម៉ោង ២រសៀលតទៅ៕