មន្ទីរអប់រំខេត្តកណ្តាលរកឃើញជ័យលាភី៥ប្រភេទកីឡាសិស្សបឋមសិក្សាត្រៀមប្រជែងមេដាយកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ នាខែឧសភាខាងមុខ

ភ្នំពេញ៖ តាម​រយៈ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្តកណ្តាល ប្រចាំឆ្នាំ​សិក្សា​២០២៤-២០២៥ ដែល​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥ មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល​ចម្រាញ់​បាន​ធនធាន​ជ័យ​លា​ភី ដើម្បី​ប្រមូលផ្តុំ​ហ្វឹកហាត់ ត្រៀម​ចូលរួម​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ ក្រោម​ការ​រៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ខែឧសភា ២០២៥​ខាង​មុខ​។

ឯកឧត្តម នុ​ត ពុធ​ដា​រ៉ា អភិបាលរង​ខេត្តកណ្តាល​តំណាង​ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​បាន​លើក​ឡើង​ថា ការ​ប្រកួត​កីឡា​សម្រាប់​សិស្ស​បឋម​សិក្សា​ជម្រើស​ជើងឯក​ថ្នាក់​ខេត្ត ប្រចាំឆ្នាំ​២០២៥ នា​ពេល​នេះ គឺ​ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេស និង​ជ្រើសរើស​យក​កីឡាករ កីឡាការិនី ដែល​ឆ្នើម និង​មាន​ទេព​កោសល្យ​ល្អ​មក​ប្រមូលផ្តុំ​ហ្វឹកហាត់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ នា​ពេល​ខាង​មុខ​។ វិស័យ​កីឡា​របស់​ខេត្តកណ្តាល​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ដោយ​នេះ​គឺជា​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ លោក​ប្រធាន​ការិយាល័យ អប់រំ យុវជន និង​កីឡា នៃ​រដ្ឋបាល ក្រុង ស្រុក និង​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​បឋម​សិក្សា ក្នុង​ខេត្ត​ទាំងអស់ ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា និ​តិ​កាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ ។

ឯកឧត្តម​អភិបាលរង​ខេត្ត​បន្ថែម​ថា បើ​យើង​ឆ្លុះ​បញ្ចាំង​មក​ការ​ប្រកួត​នេះ​វិញ ឃើញ​ថា​កីឡាករ កីឡាការិនី​ទាំងអស់​បាន​យក​ស្មារតី​សាមគ្គីភាព មក​អនុវត្ត​ក្នុង​ការ​ប្រកួត​នេះ​បាន​ល្អ​ប្រសើរ ទាំង​សាមគ្គី​ក្នុង​ក្រុម និង​រវាង​ក្រុម មួយ​ទៅ ក្រុម​មួយទៀត​ធ្វើ​ឱ្យ​ការ​ប្រកួត​នេះ​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​។ ចំពោះ​ជ័យ​លា​ភី​ត្រូវ​ស្គាល់​ពី​ភារកិច្ច​របស់​ខ្លួន គឺ​ត្រូវធ្វើ​ជា​តំណាង​ឱ្យ​សិស្ស​បឋម​សិក្សា​ទូ​ទាំង​ខេត្តកណ្តាល ដើម្បី​ទៅ​ចូលរួម​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា ថ្នាក់​ជាតិ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០២-១១ ខែឧសភា ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ​។ ដូច្នេះ​ក្មួយ​ៗ​កីឡាករ កីឡាការិនី ទាំងអស់​ត្រូវ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​ដើម្បី​យកជ័យ​ជម្នះ​ជូន​ខេត្ត​របស់​យើង​។

ជាមួយ​គ្នា​នេះ លោក ចេ​ង សំ​អ៊ុ​ល ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល​បាន​ជម្រាប​ជូន​ថា ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ខេត្ត​មាន​៥​ប្រភេទ​កីឡា ដូច​ជា​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និង​កីឡា​ប៉េតង់ ដោយ​មាន​ក្រុម​ចូលរួម​សរុប ៥០​ក្រុម ស្រី ២០​ក្រុម ស្មើនឹង​កីឡាករ កីឡាការិនី​សរុប ៥១៦​នាក់ (​ស្រី ១៩០​នាក់​)​មក​ពី​ស្រុក​-​ក្រុង​សរុប​ចំនួន​១២​នៃ​ខេត្តកណ្តាល​។

លោក ចេ​ង សំ​អ៊ុ​ល បាន​គូសបញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ គណៈកម្មការ​បច្ចេកទេស​ជ្រើសរើស​បាន​កីឡាករ កីឡាការិនី និង​ក្រុម​ដែល​ដណ្តើម​បាន​ចំណាត់ថ្នាក់​ជើងឯក​ថ្នាក់​ខេត្ត ប្រចាំឆ្នាំ​សិក្សា ២០២៤-២០២៥ ហើយ​ក្រុមកីឡា​សិស្ស​បឋម​សិក្សា​របស់​ខេត្តកណ្តាល​នឹង​ត្រូវ​ទៅ​ចូលរួម​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​០២-១១ ខែឧសភា ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ ក្រោម​ការ​រៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​នឹង​មាន​២៥​រាជធានី​ខេត្ត​នឹង​ចូលរួម​ប្រកួតប្រជែង​មេដាយ ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​។ គួរ​រម្លឹក​ថា កីឡា​ខេត្តកណ្តាល​ដណ្តើម​បាន​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ចំណោម​២៥​រាជធានី​ខេត្ត ក្នុង​ការ​រ​ប្រកួត​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ កាលពី​ឆ្នាំ​២០២៤ កន្លង​ទៅ​៕

Previous articleគ្រូបង្គោលកម្ពុជា ៖ មិនមានការប្រកួតណាមួយដែលងាយស្រួលនោះទេ
Next articleពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៤-២០២៥