ពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៤-២០២៥

ភ្នំពេញ៖ ការ​ប្រកួត​កីឡា​សម្រាប់​សិស្ស​បឋម​សិក្សា​ជម្រើស​ជើងឯក​ថ្នាក់​ខេត្ត ប្រចាំឆ្នាំ​២០២៥ គឺ​ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេស និង​ជ្រើសរើស​យក​កីឡាករ កីឡាការិនី ដែល​ឆ្នើម និង​មាន​ទេព​កោសល្យ​ល្អ​មក​ប្រមូលផ្តុំ​ហ្វឹកហាត់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ​។ លោក នុ​ត ពុធ​ដា​រ៉ា អភិបាលរង​ខេត្តកណ្តាល បាន​មាន​ប្រសាសន៍​បែប​នេះ ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ប្រចាំឆ្នាំ​សិក្សា​២០២៤-២០២៥ នៅ​កីឡដ្ឋាន​ខេត្តកណ្តាល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល នា​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥​។

លោក​អភិបាលរង​ខេត្តកណ្តាល​បាន​មាន​ប្រសាសន៍​ថា ក្នុង​ការ​ប្រកួត​នេះ​ឃើញ​ថា​ក្មួយ​ៗ​កីឡាករ កីឡាការិនី​ទាំងអស់ យក​ស្មារតី​សាមគ្គីភាព​មក​អនុវត្ត​ក្នុង​ការ​ប្រកួត​បាន​ល្អ​ប្រសើរ ទាំង​សាមគ្គី​ក្នុង​ក្រុម និង​រវាង​ក្រុម​មួយ​ទៅ​ក្រុម​មួយទៀត ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​នេះ​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​។ ចំពោះ​ក្រុម​ដែល​មិន​បាន​ទទួល​ជ័យជម្នះ​ក្នុង​ឱកាស​នេះ ពេល​ត្រឡប់​ទៅ​វិញ​ត្រូវ​ខិតខំ​ហ្វឹកហាត់​បន្ត​ដើម្បី​ប្រកួត​ដណ្ដើម​យកជ័យ​ជម្នះ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​។ ឯ​ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ​នា​ពេល​នេះ​ត្រូវ​ស្គាល់​ពី​ភារកិច្ច​របស់​ខ្លួន គឺ​ត្រូវធ្វើ​ជា​តំណាង​ឱ្យ​សិស្ស​បឋម​សិក្សា​ទូ​ទាំង​ខេត្តកណ្តាល ដើម្បី​ទៅ​ចូលរួម​ប្រកួត ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​សិក្សា​២០២៤-២០២៥ ដែល​នឹង​បាប់​ផ្តើម​ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ​នា​ពេល​ខាង​មុខ​នេះ​។ រដ្ឋបាល​ក្រុង​-​ស្រុក ព្រមទាំង​លោក​ប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ក្រុង​-​ស្រុក និង​លោក លោកស្រី ជានា​យក នាយិកា គ្រឹះស្ថាន​បឋម​សិក្សា​ក្នុង​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ការ​អនុវត្ត​ផ្នែក​អប់រំ​កាយ និង​កីឡា នៅ​តាម​គ្រឹះស្ថាន​បឋម​សិក្សា ដើម្បី​ឱ្យ​សិស្សានុសិស្ស​ទទួល​បាន​នូវ​ការ​វិវត្តន៍​ផ្នែក​រូបរាង​កាយ បញ្ញា​ស្មារតី និង​បណ្តុះបណ្តាល​ធនធាន​កីឡាករ ឱ្យ​ចេះ​ស្រឡាញ់​ចូល​ចិត្ត​លេង​កីឡា ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​កំណែទម្រង់​លើ​ផ្នែក​អប់រំ​កាយ និង​កីឡា ដោយ​យុវជន​ម្នាក់​ត្រូវ​មាន​ជំនាញ​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំជីវិត​។

សូម​បញ្ជាក់​ផង​ដែរ លទ្ធផល​នៃ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ប្រចាំឆ្នាំ​សិក្សា​២០២៤-២០២៥ មាន​៥​ផ្នែក ដូច​ជា ទី​១. ផ្នែក​កីឡាអត្តពលកម្ម វិញ្ញាសារ​រត់​ល្បឿន​៦០​ម៉ែត្រ ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​កុមារី​ស្រុក​កណ្តាលស្ទឹង និង​កុមារ​ចំណាត់ថ្នាក់​លេខ​២ ស្រុក​ពញាឮ​។ វិញ្ញាសារ​រត់​ចម្ងាយ​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​កុមារី ក្រុង​សំពៅ​ពូន និង​កុមារ​ចំណាត់ថ្នាក់​លេខ​២ ស្រុក​ពញាឮ​។ វិញ្ញាសារ​លោត​កម្ពស់​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កុមារី និង​កុមារ​ស្រុក​កៀនស្វាយ​។ វិញ្ញាសារ​លោត​ចម្ងាយ​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កុមារី និង​កុមារ ស្រុក​កៀនស្វាយ​។ វិញ្ញាសារ​រត់​បណ្ដាក់ ៤​ដង ៥០​គុណ​៤ ចំណាត់ថ្នាក់​លេខ​១ កុមារ​ស្រុក​ពញាឮ ។ វិញ្ញាសារ​អត្តពលកម្ម​កុមារ បាន​ទៅ​លើ​កុមារ​ចំណាត់ថ្នាក់​លេខ​១ ស្រុក​ពញាឮ​។ ទី​២. ផ្នែក​កីឡា​ប៉េតង់ វិញ្ញាសា​១​ទល់​១ កុមារី និង​កុមារី ចំណាត់ថ្នាក់​លេខ​១​ស្រុក​កោះធំ​។ វិញ្ញាសា វាយ​យក​ពិន្ទុ កុមារី និង​កុមារី ចំណាត់ថ្នាក់​លេខ​១ ក្រុង​តា​ខ្មៅ​។ ទី​៣. ផ្នែក​កីឡាបាល់បោះ​កុមារី និង​កុមារ ចំណាត់ថ្នាក់​លេខ​១​ការិយាល័យ​ក្រុង​តា​ខ្មៅ​។ ទី​៤. ផ្នែក​កីឡាបាល់ទះ កុមារី​ចំណាត់ថ្នាក់​លេខ​១ ការិយាល័យ​ស្រុក​អង្គស្នួល និង​កុមារ​ចំណាត់ថ្នាក់​លេខ​២ ការិយាល័យ​ស្រុក​កណ្តាលស្ទឹង​។ ទី​៥. ផ្នែក​កីឡាបាល់ទាត់​កុមារី ចំណាត់ថ្នាក់​លេខ​១ ការិយាល័យ​ក្រុង​តា​ខ្មៅ និង​កុមារ​ចំណាត់ថ្នាក់​លេខ​២​ការិយាល័យ​ស្រុក​ស្អាង​៕

Previous articleមន្ទីរអប់រំខេត្តកណ្តាលរកឃើញជ័យលាភី៥ប្រភេទកីឡាសិស្សបឋមសិក្សាត្រៀមប្រជែងមេដាយកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ នាខែឧសភាខាងមុខ
Next articleInter គ្រោងផ្តល់កុងត្រាថ្មីដល់ខ្សែប្រយុទ្ធវ័យក្មេង Francesco Pio Esposito