ឯកឧត្តម វ៉ាត់ ចំរើន៖ ដើម្បីឱ្យការប្រកួតដំណើរការបានល្អទាល់តែមន្ត្រីអាជ្ញាកណ្ដាល-ចៅក្រមមានវិជ្ជាជីវៈត្រឹមត្រូវ

ភ្នំពេញ៖ ដើម្បី​ឱ្យ​ដំណើរការ​ប្រកួត​ប្រព្រឹត្ត​ទៅ​បាន​ល្អ ទាល់តែ​មាន​មន្ត្រី​អាជ្ញាកណ្ដាល ចៅក្រម មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ យល់​ដឹង​ពី​របៀប​ដឹកនាំ​ការ​ប្រកួត វិនិច្ឆ័យ​ត្រឹមត្រូវ យុត្តិធម៌ (Fair Play) មាន​ក្រមសីលធម៌ អព្យាក្រឹត ហើយ​ចៅក្រម​ត្រូវ​មានចំណេះ​ដឹង​ច្បាស់លាស់​ទាំង​អ្នក​នៅ​ផ្នែក​សម្ដែង និង​ផ្នែក​ប្រយុទ្ធ ដើម្បី​ឱ្យ​ការ​ផ្ដល់​ពិន្ទុ​មាន​ភាព​ត្រឹមត្រូវ​។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្ដម វ៉ា​ត់ ចំរើន អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ «​ពានរង្វាន់​សម្ដេច​បវរ​ធិ​បតី​» ក្នុង​ឱកាស​បិទ​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​ចៅក្រម មាន​សិក្ខាកាម​ចូលរួម​៧០​នាក់ រយៈពេល​២​ថ្ងៃ​ពី​ថ្ងៃ​ទី​២១-២២ ខែមីនា ឆ្នាំ​២០២៥ ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពានរង្វាន់​សម្ដេច​បវរ​ធិ​បតី លើក​ទី​២ នា​ខែវិច្ឆិកា ឆ្នាំ​២០២៥​។

ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សិក្ខាកាម ដែល​បាន​ក្រេប​យកចំណេះ​ដឹង​ពី​គ្រូឧទ្ទេស​ប្រកបដោយ​បទ​ពិសោធ​ច្បាស់លាស់​។ ជាមួយ​គ្នា​នេះ ឯកឧត្ដម វ៉ា​ត់ ចំរើន ក៏​បាន​បង្ហាញ​ការ​ដឹងគុណ​ដល់​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​ការ​លើកកម្ពស់​យុទ្ធ​គុន​ខ្មែរ​បុរាណ​ដែល​ជា​ព្រលឹង​ដូនតា​ខ្មែរ​ឡើង​វិញ តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ខ្មែរ ពានរង្វាន់​សម្តេច​បវរ​ធិ​បតី លើក​ទី​១ ឆ្នាំ​២០២៤ កន្លង​ទៅ​ប្រកបដោយ​ភាព​ជោគជ័យ​។

គួរ​បញ្ជាក់​ថា ដំណើរការ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ ដោយ​ផ្ដោត​លើ​ទ្រឹស្ដី​កីឡា​ប្រយុទ្ធ​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ បទបញ្ជាផ្ទៃក្នុង ការ​ដាក់​ពិន្ទុ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​។ ក្រៅពី​នេះ​ក៏​មានការ​អនុវត្ត​ផ្ទាល់ និង​មើល​ការ​ប្រើ​កាយវិការ​បច្ចេកទេស​របស់​អាជ្ញាកណ្ដាល​ផង​ដែរ​។ សម្រាប់​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ​ពានរង្វាន់​សម្ដេច​បវរ​ធិ​បតី លើក​ទី​២ គ្រោង​នឹង​ធ្វើ​ពី​ថ្ងៃ​ទី​២៧-៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​៕

Previous articleReal Madrid ត្រៀមចាយលុយ ៤៦លានផោនផ្ទេរយកខ្សែការពារ Bournemouth
Next articleកីឡាករ កីឡាការិនីទូក ៦៣នាក់ចូលរួមធ្វើតេស្តសមត្ថភាព ដណ្តើមកៅអីជម្រើសជាតិ ឆ្នាំ២០២៥