កីឡាករ កីឡាការិនីទូក ៦៣នាក់ចូលរួមធ្វើតេស្តសមត្ថភាព ដណ្តើមកៅអីជម្រើសជាតិ ឆ្នាំ២០២៥

ភ្នំពេញ៖ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ី​ង​កម្ពុជា​បាន​រៀបចំ​កម្មវិធី​ធ្វើតេស្ត​ជ្រើសរើស​កីឡាករ កីឡាការិនី​ដែល​មានការ​ចូលរួម ៦៣​នាក់ រយៈពេល​ពីរ​ថ្ងៃ ពី​ថ្ងៃ​ទី​២៤-២៥ ខែមីនា ឆ្នាំ​២០២៥ នៅ​ទន្លេ វ៉ៃ​គោ ខេត្តស្វាយរៀង ដើម្បី​ប្រមូលផ្តុំ​ក្នុង​ក្រុម​ជម្រើសជាតិ​ប្រចាំឆ្នាំ​២០២៥ ក្រោម​ការ​ប្រមូលផ្តុំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក គង់ សុភាព អគ្គលេខាធិការ​រង សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ី​ង​កម្ពុជា​បាន​គូសបញ្ជាក់​ថា ការ​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​នេះ គឺ​ដើម្បី​ហ្វឹកហាត់​បង្កើន​គុណភាព​បច្ចេកទេស ត្រៀម​ការ​ប្រកួត​កម្រិត​ពិភពលោក អាស៊ី​អាគ្នេយ៍ និង​អាស៊ី ដែល​មាន​កីឡាករ កីឡាការិនី​ចូលរួម ៦៣​នាក់​មក​ពី​ក្រសួងមហាផ្ទៃ បញ្ជាការដ្ឋាន​កងទ័ពជើងទឹក ខេត្តកំពង់ធំ និង​ខេត្តស្វាយរៀង លើ​ប្រភេទ​កីឡា​ទូក​កា​នូ កា​យ៉ាក់ ទូក​រ៉ូ​អ៊ី​ង និង​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​។ ការ​ធ្វើតេស្ត​នេះ មាន​គោលបំណង​ជ្រើសរើស​ធនធាន​កីឡាករ​ដែល​មាន​សក្តានុពល និង​សមត្ថ​ភាពល្អ​បំផុត ជ្រើសរើស​ជា​ជម្រើសជាតិ​សម្រាប់​ឆ្នាំ​២០២៥ ក្រោម​ការ​បំពាក់បំប៉ន​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក គង់ សុភាព បន្ថែម​ថា កីឡាករ កីឡាការិនី​ចូលរួម​ធ្វើតេស្ត​ទាំង​អស់នេះ តម្រូវ​ធ្វើតេស្ត រត់​ចម្ងាយ ២០០០ ម៉ែត្រ , ឡើង​របារ​ហ្វិ​ច (Chin-Up) ធ្វើតេស្ត​ជាមួយ​ទូក​តាម​ប្រភេទ​វិញ្ញាសា​នីមួយ​ៗ រួម​មាន​ទូក​កា​នូ​ចម្ងាយ ២០០ ម៉ែត្រ​, ទូក​កា​យ៉ាក់ ២០០ ម៉ែត្រ និង​ទូក​រ៉ូ​អ៊ី​ង ៥០០​ម៉ែត្រ​។ ក្រៅពី​នេះ ក៏​មានការ​ធ្វើតេស្ត​សុខភាព​ទូទៅ និង​តេស្ត​រក​សារធាតុ​គ្រឿងញៀន​ផង​ដែរ ដើម្បី​ធានា​សុវត្ថិភាព និង​សុជីវធម៌​នៃ​វិស័យ​កីឡា​។ សហព័ន្ធ​ក៏​បាន​កំណត់​លក្ខខណ្ឌ​សម្រាប់​ការ​ជ្រើសរើស​ជា​ដាច់ខាត ពាក់ព័ន្ធ​នឹង​អាយុ​របស់​កីឡាករ កីឡាការិនី ត្រូវ​មាន​អាយុ​ចាប់ពី ១៥​ឆ្នាំ ដល់ ៣០​ឆ្នាំ មាន​សុខភាព​ល្អ កាយសម្បទា​មាំមួន និង​ត្រូវ​ចេះ​ហែល​ទឹក​។ បន្ថែម​ពី​នេះ កីឡាករ កីឡាការិនី​ត្រូវ​គោរព​បទបញ្ជាផ្ទៃក្នុង​របស់​សហព័ន្ធ ដូច​ជា​មិន​ប្រើប្រាស់​សារធាតុ​ហាមឃាត់ (​ដូ​ពីង​) មិន​សេព​គ្រឿង​ស្រវឹង និង​មិន​ចាក​ចេញពី​ជំរុំ​ហ្វឹកហាត់​ជាដើម​។

លោក គង់ សុភាព បាន​លើក​ឡើង​ទៀត​ថា ការ​ធ្វើតេស្ត​នេះ សហព័ន្ធ​បាន​ជ្រើសរើស​ដោយ​តម្លាភាព និង​យុត្តិធម៌​បំផុត សម្រាប់​កីឡាករ កីឡាការិនី ដែល​មាន​សមត្ថភាព​ទេព​កោសល្យ​ពិតប្រាកដ ទើប​ជាប់​ក្នុង​ការ​ធ្វើតេស្ត​នេះ ព្រោះ​ត្រូវ​ឆ្លងកាត់​គណៈកម្មការ​វាយតម្លៃ​ជា​ច្រើន​នាក់ ក្នុង​នោះ គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​វាយតម្លៃ​បន្ថែម​ទៀត​ផង​ដែរ​។ ការ​ជ្រើសរើស​នេះ ជា​អនុសាសន៍​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ី​ង​កម្ពុជា ដោយ​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ត្រូវ​តែ​មាន​ទេព​កោសល្យ​ល្អ ជា​ធនធាន​ប្រកបដោយ​សក្តានុពល ដើម្បី​ត្រៀម​ដណ្តើម​មេដាយ​ជូន​ជាតិ​ពី​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នានា ពិសេស​គឺ​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ ដែល​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ នា​ខែធ្នូ ឆ្នាំ​២០២៥​។

សូម​បញ្ជាក់​ថា គណៈកម្មការ​ធ្វើតេស្ត​មិន​ទាន់​កំណត់​យក​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ ដែល​ក្រោយ​កីឡាករ កីឡាការិនី​បាន​ឆ្លងកាត់​ការ​ធ្វើតេស្ត​នេះ អ្នក​ដែល​ធ្វើ​បាន​ពិន្ទុ​ល្អ​ៗ​ទាំងអស់​នឹង​ត្រូវ​បញ្ជូន​ឈ្មោះ​ទៅ​កាន់​ថ្នាក់ដឹកនាំ​ដើម្បី​សម្រេច និង​ង​ប្រកាស នា​ពេល​ខាង​មុខ​៕

Previous articleឯកឧត្តម វ៉ាត់ ចំរើន៖ ដើម្បីឱ្យការប្រកួតដំណើរការបានល្អទាល់តែមន្ត្រីអាជ្ញាកណ្ដាល-ចៅក្រមមានវិជ្ជាជីវៈត្រឹមត្រូវ
Next articleគ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា បញ្ជាក់អំពីចំណាប់អារម្មណ៍ខ្លួនមុនការប្រកួតជា​ក្រុម​ជម្រើសជាតិ​អា​រូបា