ភ្នំពេញ៖ មតិយោបល់របស់ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីការប្រកួតមិត្តភាពអន្តរជាតិ MinebeaMitsumi ដោយក្រុមជម្រើសជាតិកម្ពុជាប្រកួតចាញ់ក្រុមជាតិអារូបា ក្នុងលទ្ធផល ២-១។
លោក Koji Gyotoku បាននិយាយនៅក្នុងសន្និសិទ្ធសារព័ត៌មានក្រោយចប់ការប្រកួតថា៖ “ខ្ញុំពិតជាសោកស្តាយមែនទែនចំពោះលទ្ធផលថ្ងៃនេះ។ ខ្ញុំនឹងទទួលខុសត្រូវចំពោះលទ្ធផលនេះ។ ហើយខ្ញុំក៏សុំទោសទៅកាន់អ្នកគាំទ្រចំពោះលទ្ធផលនេះ។ ជាក់ស្តែងយើងចាប់ផ្តើមជាមួយនឹងកីឡាករ ១១នាក់ ហើយចង់បញ្ចប់វិញដោយមានកីឡាករ ១១នាក់ ប៉ុន្តែអត់ដូចអ្វីដែលយើងបានរំពឹងទុកនោះទេ។ ដោយនៅពេលបញ្ចប់ពួកយើងនៅសល់កីឡាករតែ ៩នាក់។ ជាក់ស្តែងបញ្ហារបស់យើងកើតឡើងនៅតង់ទី១ ភ្លាមៗ យើងមានការគ្រប់គ្រង់បាល់ច្រើន ប៉ុន្តែនៅពេលដែលយើងបាត់បាល់ ហើយគេវាយបកត្រលប់មកវិញ គឺគេមានខ្សែប្រយុទ្ធដែលមាំ ហើយមាឌធំ ធ្វើអោយពួកយើងមិនអាចបិទគេបាន និងធ្វើអោយយើងរបូតគ្រាប់បាល់រហូតដល់ទៅ ២គ្រាប់”។
“ខ្ញុំចាប់អារម្មណ៍ឃើញថានៅពេលដែលចូលដល់តង់ទី២ យើងបានបាត់បង់កីឡាករម្នាក់ គឺកីឡាករ Yudai ដោយសារទទួលបានកាត់ក្រហមកាលពីចុងតង់ទី១។ ក្រោយយើងបាត់បង់កីឡាករម្នាក់ យើងបានពិភាក្សាគ្នាអំពីការលេងនៅតង់ទី២ ហើយការលេងនៅតង់ទី២ បានល្អជាកាលយើងនៅមានគ្នា ១១នាក់ រហូតដល់យើងមានឪកាសអាចរកគ្រាប់បាល់បានទៀតផង”។
“សម្រាប់ខ្ញុំវិញខ្ញុំយល់ឃើញថាការប្រកួតមួយនេះ ជាការប្រកួតមួយដែលធ្វើអោយខ្ញុំសោកស្តាយបំផុត ដោយខ្ញុំធ្លាប់បានដឹកនាំតាំងពី U17, U18, U19, U20 គឺមិនដែលសោកស្តាយដូចប្រកួតនឹងទេ។ សម្រាប់ខ្ញុំការប្រកួតបន្ទាប់ទៀត នឹងព្យាយាមពង្រឹងក្រុមបន្ថែមទៀត ដើម្បីទទួលបានលទ្ធផលល្អ អោយអ្នកគាំទ្រពេញចិត្ត៕