គ្រូបង្គោលកម្ពុជាសុំទោសអ្នកគាំទ្រ ក្រោយក្រុមកម្ពុជាចាញ់ក្រុមអារូបា ១-២

លោក Koji Gyotoku គ្រូ​បង្គោល​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​លើក​ឡើង​ថា នេះ​ទទួលខុសត្រូវ​ទាំងស្រុង​របស់​លោក ពីព្រោះ​ការ​ជ្រើសរើស​កីឡាករ និង​ការ​រៀបចំ​ក្រុម​លេង​គឺជា​ការ​សម្រេច​របស់​លោក ហើយ​លោក​សុំ​ទោស​អ្នកគាំទ្រ​។

នេះ​ជា​ការ​លើក​ឡើង​របស់​គ្រូ​បង្គោល​កម្ពុជា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​យប់​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៥ នៅ​ក្រោយ​បញ្ចប់​ការ​ប្រកួត​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ចាញ់​ក្រុម​ជម្រើសជាតិ​អា​រូបា ដោយ​លទ្ធផល ១-២ នៅ​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ យប់​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

លោក Koji Gyotoku បាន​គូសបញ្ជាក់​ថា លោក​ទទួលខុសត្រូវ​ទាំងស្រុង សម្រាប់​លទ្ធផល​នេះ ហើយ​លោក​សុំ​ទោស​ដល់​អ្នកគាំទ្រ​ទាំងអស់​។ នេះ​ជា​លទ្ធផល​ដែល​លោក​សោកស្តាយ និង​ក្រៀម​បំផុត​ជា​លើក​ដំបូង គិត​ចាប់តាំងពី​លោក​បាន​ដឹកនាំ​ក្រុម​យុវជន​ជា​ច្រើន​ឆ្នាំ​មកនេះ​។ គ្រូបង្វឹក​កម្ពុជា ដែល​ជា​ជនជាតិ​ជប៉ុន​រូប​នេះ​បន្ថែម​ថា លោក​សោកស្តាយ​ចំពោះ​លទ្ធផល និង​មិន​ធ្លាប់​មាន​ពី​មុន​មក​ចាប់តាំងពី​លោក​ដឹង​នាំ​ពី​ក្រុម​ថ្នាល​យុវជន​រហូត​ដល់​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​។ លោក Koji Gyotoku បន្ថែម​ថា កីឡាករ​អា​រូបា​មាន​កាយសម្បទា​រឹង​មាំ ការ​តាំងចិត្ត​ខ្ពស់ ជា​ពិសេស​តំបន់​ប្រយុទ្ធ ដែល​បង្ក​ការ​លំបាក​ដល់​ប្រព័ន្ធ​ការពារ​នៅ​ការ​ប្រកួត​ដើម​វគ្គ​ទី​មួយ ហើយ​ធ្វើ​ឱ្យ​ក្រុម​កម្ពុជា​របូត ២​គ្រាប់​។

ចំពោះ​លោក Marvic Bermudez គ្រូ​បង្គោល​អា​រូបា (ARUBA) បាន​លើក​ឡើង​ដែរ​ថា លោក​គិត​ថា កីឡាករ​កម្ពុជា​ខកចិត្ត​ខ្លាំង​។ ដូច្នេះ​ហើយ​ពួក​គេ​ក៏​មិន​អាច​គ្រប់គ្រង​អារម្មណ៍ បន្ទាប់​មក​គេ​ក៏​ទទួល​បាន​កាត​ក្រហម ពីព្រោះ​គេ​គិត​ថា​វា​ជា​ការ​ប្រកួត​ដែល​ងាយស្រួល​។ លោក​និយាយ​បន្ថែម​ទៀត​ថា ការ​ឈ្នះ​របស់​ក្រុម​អា​រូបា គឺ​បូក​ផ្សំ​នឹង​កាយសម្បទា​របស់​កូនក្រុម​របស់​លោក​អំណោយផល​ជាង​កម្ពុជា ហើយ​ការ​ប្រកួត​បាន​ចូល​ក្បួន​លេង​របស់​លោក គឺ ការ​ការពារ និង​វាយបក​បាន​ល្អ​។

គួរ​បញ្ជាក់​ថា ក្រុម​ភ្ញៀវ អា​រូបា បាន​បើក​ការ​នាំមុខ​២​គ្រាប់ នៅ​វគ្គ​ទី​១ ហើយ​នៅ​វគ្គ​ទី​២ ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ធ្វើ​ស​ម្រ​ច​បាន​១​គ្រាប់​តាម​ពីក្រោយ​វិញ ដោយ​កីឡាករ Nick Taylor​។ នេះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទី​២ ក្នុង​ខែមីនា ឆ្នាំ​២០២៥​នេះ បន្ទាប់​ពី​ក្រុម​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​វៀតណាម នៅ​ប្រទេស​វៀតណាម ដោយ​លទ្ធផល ១​ទល់​២​ដែរ កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៥៕

Previous articleសម្តេចបវរធិបតី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត
Next articleLiverpool ប្តូរគោលដៅពីកីឡាករ Isak ទៅរកខ្សែប្រយុទ្ធរបស់ក្លឹប Brighton វិញ