បរទេស៖ ការបរាជ័យដ៏ខកចិត្តរបស់ប្រេស៊ីលក្នុងលទ្ធផល ៤-១ ទល់នឹងអាហ្សង់ទីនក្នុងទីក្រុង Buenos Aires បានធ្វើឱ្យមានការវាយតម្លៃជាថ្មីទៅលើគ្រូបង្វឹក Dorival Junior ជាពិសេសជាមួយនឹងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកនៅសល់តែជាងមួយឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីប្រទេសប្រេស៊ីលធ្លាក់ចេញពីការប្រកួត World Cup ២០២២ ក្រោយចេញប្រទេសក្រូអាតក្នុងវគ្គ ១/៤ ចុងក្រោយ លោក Dorival Junior គឺជាគ្រូបង្វឹកទី៣ ដែលបានមកដឹកនាំក្រុម ហើយបុរសវ័យ ៦២ឆ្នាំរូបនេះត្រូវរំពឹងថានឹងចាកចេញពីតំណែងនេះហើយ ប្រសិនជាគាត់មិនអាចផ្លាស់ប្តូរជោគវាសនារបស់ក្រុមជម្រើសជាតិប្រេស៊ីល នេះបើយោងតាមការចេញផ្សាយរបស់ GeGolobo ។
ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីលលោក Ednaldo Rodrigues ដែលទើបជាប់ឆ្នោតថ្មីបានកំណត់អត្តសញ្ញាណលោក Ancelotti ជាគោលដៅអ្នកគ្រប់គ្រងកំពូលរបស់គាត់កាលពីឆ្នាំ២០២៣ ហើយក្នុងនោះឈ្មោះរបស់លោក Pep Guardiola ក៏ត្រូវបានយកមកពិចារណាផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ បុរសសញ្ជាតិអ៊ីតាលីរូបនេះបានបញ្ជាក់ថា ការពិភាក្សាណាមួយអាចកើតឡើងបានបន្ទាប់ពីការប្រកួត Club World Cup ដែលលោកត្រូវដឹកនាំក្លឹប Real Madrid ប្រកួតក្នុងចន្លោះខែមិថុនា ដល់កក្កដា នាសហរដ្ឋអាមេរិក។
លោក Ancelotti នៅតែស្ថិតក្រោមកិច្ចសន្យាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៦ ហើយប្រសិនបើគាត់ទទួលបានឈ្នះពានសំខាន់ៗដូចជា La Liga ឬ Champions League នោះប្រធានក្លឹប Florentino Perez អាចនឹងរក្សាទុកគាត់នៅក្លឹបបន្តទៀត។ បុរសសញ្ជាតិអ៊ីតាលីរូបនេះ ធ្លាប់បាននិយាយថា គាត់នឹងមិនព្រមចាកចេញពី Madrid ឡើយ ប៉ុន្តែប្រសិនបើក្លឹបបញ្ចប់រដូវកាលនេះដោយគ្មានពានរង្វាន់ធំៗ នោះតំណែងជាគ្រូបង្វឹកជម្រើសជាតិប្រេស៊ីលអាចនឹងក្លាយជាឪកាសមួយក្នុងការទាក់ទាញគាត់អោយចាកចេញពីទឹកដីអេស្ប៉ាញ។
ជាមួយនឹងភាពមិនប្រាកដប្រជារបស់ Ancelotti ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីលក៏កំពុងថ្លឹងថ្លែងនូវជម្រើសសក្តានុពលផ្សេងទៀតផងដែរ។ ក្នុងចំណោមឈ្មោះដែលត្រូវបានពិចារណាគឺលោក Filipe Luis ដែលជា អតីតខ្សែការពារក្លឹប Atletico Madrid និងជាគ្រូបង្វឹកក្លឹប Flamengo បច្ចុប្បន្ន។
ក្រុមជម្រើសជាតិប្រេស៊ីលនឹងមានការប្រកួតវគ្គជម្រុះ World Cup បន្ទាប់នៅដើមខែមិថុនា ដោយប្រកួតជាមួយអេក្វាឌ័រនៅក្រៅដី និងប៉ារ៉ាហ្គាយនៅផ្ទះ។ ឥឡូវនេះ សហព័ន្ធបាល់ទាត់ ត្រូវតែកំណត់ថាតើត្រូវរក្សា Dorival Junior រហូតដល់ពេលនោះ ឬតែងតាំងគ្រូបង្វឹកបណ្តោះអាសន្ន ខណៈដែលការចរចាជាមួយ Ancelotti បន្តនៅពីក្រោយឆាក៕