ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ ការលេងកីឡាជាការកសាងមិត្តភាពសាមគ្គីភាព និងសុខភាព ក៏ដូចជាការលើកតម្កើងគុណភាព ក្នុងវិស័យកីឡា

ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​លេង​កីឡា​ជា​ការ​កសាង​នូវ​មិត្តភាព សាមគ្គីភាព និង​សុខភាព ក៏​ដូច​ជា​ការ​លើកតម្កើង​គុណភាព ក្នុង​វិស័យ​កីឡា​។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ នៅ​ក្នុង​ឱកាស​បើក​ការ​ប្រកួត​ជា​ផ្លូវការ ការ​កីឡាបាល់បោះ​ជន​ពិការ​អាស៊ី លើក​ទី​១ (1st ASIAN PARA Throwball Championship) ឆ្នាំ​២០២៥ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​ជាតិ​នៃ​ជន​ពិការ​តេ​ជោ​សែន​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា រាជធានី​ភ្នំពេញ​។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ​កីឡាករ កីឡាការិនី​មាន​ពិការ​ភាព​ទាំង​៦​ប្រទេស ដែល​បាន​ចូលរួម​ប្រកួតប្រជែង​មេដាយ នៅ​ប្រទេស​កម្ពុជា នា​ពេល​នេះ​។ «​ក្នុង​នាម​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ឥណ្ឌា លោកស្រី Nimala Rawit ប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​ជន​ពិការ​ពិភពលោក ព្រមទាំង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដែល​សហការ​រៀបចំ​ការ​ប្រកួត​ជើងឯក​កីឡាបាល់បោះ​ជន​ពិការ​អាស៊ី​លើក​ទី​១ (1st ASIAN PARA Throwball Championship) ឆ្នាំ​២០២៥ នៅ​កម្ពុជា​»​។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​មាន​ប្រសាសន៍​ថា កីឡា​មិន​ត្រឹមតែ​នាំ​មក​នូវ​សាមគ្គីភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កីឡា​ជា​មោទនភាព​ជាតិ និង​បងប្អូន​ជន​ពិការ​យើង ហើយ​តាម​រយៈ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កម្រិត​អាស៊ី​មួយ​នេះ​នឹង​ផ្តល់​ឱកាស​ជូន​ដល់​អត្ត​ព​លិ​ក​ពិការ​កម្ពុជា ក៏​ដូច​ជា​អត្ត​ព​លិ​ក​ពិការ​ក្នុង​អាស៊ី​ផង​ដែរ​។ តាម​រយៈ​ព្រឹត្តិការណ៍​នេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន សង្ឃឹមថា ការ​លេង​កីឡា​នេះ ជា​ការ​កសាង​នូវ​មិត្តភាព​សាមគ្គីភាព និង​សុខភាព ក៏​ដូច​ជា​ការ​លើកតម្កើង​គុណភាព ក្នុង​វិស័យ​កីឡា​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​សា​មគ្គ​ភាព ទំនាក់ទំនង​ប្រកបដោយ​គុណធម៌ សេចក្តី​ថ្លៃថ្នូរ ក្នុង​ជី​វីត​រស់នៅ​។

ការ​ប្រកួត​ជើងឯក​កីឡាបាល់បោះ​ជន​ពិការ​អាស៊ី​លើក​ទី​១ ឆ្នាំ​២០២៥ ដែល​កម្ពុជា​បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ មាន​ប្រទេស​ចំនួន​៦ ចូលរួម​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៥ នៅ​ទីលាន​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​។ ការ​ប្រកួត​នេះ​មាន​២​វិញ្ញាសា​គឺ វិញ្ញាសា​បាល់បោះ​ជន​ពិការ​បុរស និង​វិញ្ញាសា​បាល់បោះ​ជន​ពិការ​នារី​។ សម្រាប់​វិញ្ញាសា​បាល់បោះ​ជន​ពិការ​បុរស មាន​៤​ប្រទេស​គឺ ក្រុម​បុរស​ម្ចាស់ផ្ទះ​កម្ពុជា ម៉ា​ឡេ​ស៊ី ស្រី​លង្កា និង​ឥណ្ឌា ខណៈ​វិញ្ញាសា​បាល់បោះ​ជន​ពិការ​នារី មាន​៤​ប្រទេស​គឺ ក្រុម​នារី​ម្ចាស់ផ្ទះ​កម្ពុជា ថៃ ឥណ្ឌា និង​នេ​ប៉ា​ល់​។ កម្ពុជា និង​ឥណ្ឌា​បាន​ដាក់​កីឡាករ កីឡាការិនី​ជន​ពិការ​របស់​ខ្លួន​ចូលរួម​ប្រកួត​ទាំង​ពីរ​វិញ្ញាសា​។

ក្នុង​ឱកាស​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញការងារ​ប្រកបដោយ​ការ​យកចិត្តទុកដាក់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​រហូត​ទទួល​បាន​លទ្ធផល​ជា​មោទនភាព​សម្រាប់​ជាតិ ជា​ពិសេស សហព័ន្ធ​កីឡាបាល់បោះ​ពិភពលោក ដែល​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ជើងឯក​កីឡាបាល់បោះ​ជន​ពិការ​អាស៊ី លើក​ទី​១ ដែល​មាន​សមាសភាព​ចូលរួម​ពី​កីឡាករ កីឡាការិនី​ជន​ពិការ និង​មន្ត្រី​បច្ចេកទេស​សរុប​ទាំងអស់​ចំនួន ១២២​នាក់ មក​ពី​៦​ប្រទេស រួម​មាន​៖ ឥណ្ឌា នេ​ប៉ា​ល់ ស្រី​លង្កា ម៉ា​ឡេ​ស៊ី ថៃ និង​ម្ចាស់ផ្ទះ កម្ពុជា​។

ក្នុង​ន័យ​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​នេះ​ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង ដើម្បី​បង្ហាញ​អំពី​សមត្ថភាព​របស់​ខ្លួន ជា​ពិសេស​ដើម្បី​លើកកម្ពស់​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់នៅ ដោយ​ទោះបីជា​បងប្អូន​មាន​ពិការ​ភាព​ក្តី ក៏​ប៉ុន្តែ​ស្មារតី​កីឡា​នៅ​តែ​បង្ហាញ​ឆន្ទៈ​ដ៏​មោះមុត និង​ភាព​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ជន​ពិការ​ដទៃ​ទៀត​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​នៅ​ក្នុង​តំបន់​អាស៊ី​ផង​ដែរ​៕

Previous articleខេត្តកណ្តាលជ្រើសរើសបានកីឡាករ កីឡាការិនីឆ្នើមៗ ក្នុងកីឡាសិស្សមធ្យមសិក្សា ត្រៀមប្រជែងមេដាយថ្នាក់ជាតិ នាខែមិថុនា ២០២៥
Next articleឯកឧត្តម យី វាសនា ៖ កម្ពុជាកសាងប្រវត្តិសាស្ត្រថ្មីជូនដល់អាស៊ី និងជាគំរូក្នុងនាមជាម្ចាស់ផ្ទះ កីឡាបាល់បោះជនពិការ លើកទី១