ភ្នំពេញ៖ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានជំរុញលើកទឹកចិត្តដល់មន្ត្រីចូលរួមវគ្គបំប៉នសមត្ថភាព ស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាឱ្យខិតខំអភិវឌ្ឍសមត្ថភាពឱ្យកាន់តែល្អប្រសើរ ដើម្បីទទួលបានបទពពិសោធ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាឱ្យមានលក្ខណៈស្តង់ដា ស្របតាមការរៀបចំក្នុងតំបន់ ជាពិសេសគឺការត្រៀមលក្ខណៈទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ និងកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នៅក្នុងឱកាសបិទវគ្គបំប៉ន កាលពីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តម ប៊ូ ជុំសេរី បានគូសបញ្ជាក់ថា ក្នុងនាមថ្នាកដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបានអបអរសាទរ និងថ្លែងអំណរគុណចំពោះនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ដែលបានផ្តួចផ្តើមរៀបចំវគ្គបំប៉ននេះឡើង ដើម្បីពង្រឹងសមត្ថភាពស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងបង្កើនធនធានមន្ត្រីកីឡានៅតាមមន្ទីរអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធបម្រើឱ្យការងារកីឡា និងសហព័ន្ធកីឡាជាតិ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការចូលរួមគាំទ្រយ៉ាងច្រើនពី យុវជន ហើយលទ្ធផលនៃការប្រកួតជាលក្ខណៈអន្តរជាតិមានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរសាទរពីមហាជនរហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ សមិទ្ធផលខាងលើនេះ មិនអាចកាត់ផ្តាច់ចេញបានពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តដឹកនាំ និងរក្សាសុខសន្តិភាពជូនប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។ ដូច្នេះសិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គដ៏មានតម្លៃនាពេលនេះ ត្រូវយកចំណេះដឹងថ្មីៗដែលគ្រូឧទ្ទេសបានផ្តល់ឱ្យ ដើម្បីយកទៅអនុវត្តក្នុងការរៀបចំ ដឹកនាំ និងគ្រប់គ្រងការប្រកួតឱ្យបានល្អប្រសើរ ស្របតាមស្តង់ដានៃការរៀបចំការប្រកួត។
ជាមួយគ្នានេះ លោក ធិន វិចិត្រ អនុប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡាបានជម្រាបជូនថា វគ្គបំប៉នសមត្ថភាព ស្តីពីការរៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡា មានរយៈពេល០៤ថ្ងៃ គឺចាប់ពីថ្ងៃទី០១-០៤ ខែមេសា ឆ្នាំ២០២៥ ដោយុំានសិក្ខាកាមចូលរួម ៨០នាក់មកពី២៥រាជធានីខេត្ត និងសហព័ន្ធកីឡាជាតិចំនួន៣៦។ វគ្គបំប៉នសមត្ថភាពលើការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បានបញ្ចប់ដោយជោគជ័យ ដោយបានបំពាក់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងជំនាញសំខាន់ៗ ដើម្បីបង្កើនការរៀបចំផែនការ ការអនុវត្ត និងអភិបាលកិច្ចនៃការប្រកួតកីឡា ហើយវគ្គបណ្តុះបណ្តាលបានគ្របដណ្តប់លើផ្នែកសំខាន់ៗដែលមានសារៈសំខាន់ ចំពោះការអភិវឌ្ឍឧស្សាហកម្មកីឡាប្រកបដោយនិរន្តរភាព និងវិជ្ជាជីវៈ។
លោក ធិន វិចិត្រ បន្ថែមថា វគ្គបំប៉នេះផ្តោសំខាន់លើស្តង់ដាការប្រកួតកីឡាលក្ខណៈជ្រើសរើសជើងឯក, អភិបាលកិច្ចល្អក្នុងកីឡា, ការគ្រប់គ្រងព្រឹត្តិការណ៍កីឡា, ការធ្វើទីផ្សារ និងចលនូបត្ថម្ភកីឡា, ឧស្សាហកម្មកីឡា , ស្តង់ដានៃការរៀបចំការប្រកួត, ស្តង់ដាការប្រកួតកីឡាជាតិ, ការចុះឈ្មោះតាមប្រព័ន្ធព័ត៌មានវិទ្យា, អ្នកស្ម័គ្រចិត្តចូលរួមក្នុងព្រឹត្តិការណ៍កីឡា, ការយល់ដឹងពីដូប៉ា៕