ភ្នំពេញ៖ លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងលោក ទឹម សាវឿន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ កុមារ យុវជន មហាជនបុរស នារី និងក្រុមកម្មកររោងចក្រ ដណ្តើមពានរង្វាន់សង្ក្រាន្ត យុវជនឃុំឈើទាល ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៥ ដែលស្ថិតនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥។
លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា កីឡាជាសកម្មភាពដែលផ្តល់មកនូវសុខភាពល្អ រាងកាយមាំមួន ព្រមទាំងបញ្ញាស្មារតីឈ្លាសវៃ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាបញ្ចកោណទាំងប្រាំ រួមមាន ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន និងការងារ ការអភិវឌ្ឍប្រកបដោយភាពធន ចីរភាព និងបរិយាបន្ន ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយក្នុងនោះរដ្ឋាភិបាលបានសង្កត់ធ្ងន់ទៅលើអាទិភាពគន្លឹះចំនួន៥ សម្រាប់ធ្វើកំណែទម្រង់ គឺទី១ កំណែទម្រង់វិស័យអប់រំ ទី២ ការពង្រឹងវិស័យសុខាភិបាល ទី៣ កំណែទម្រង់វិស័យមុខងារសាធារណៈ ទី៤ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទី៥ កំណែទម្រង់លើប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការ។
ក្នុងការប្រកួតនេះ ក្រុមកីឡាករ កីឡាការិនីទាំងអស់ បានអនុវត្តតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត និងបានយកស្មារតីសាមគ្គីភាព មិត្តភាព មានសីលធម៌ល្អ រវាងក្រុមមួយទៅក្រុមមួយទៀត ធ្វើឱ្យការប្រកួតនេះប្រព្រឹត្តទៅប្រកបដោយលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ ហើយចំពោះព្រឹត្តិការណ៍ប្រកួតបាល់ទាត់នាពេលនេះ មានក្រុមចូលរួមប្រកួតច្រើនប្រភេទ ដោយក្នុងនោះរួមមានផ្នែកកុមារអាយុ ១៣ឆ្នាំ ផ្នែកយុវជនអាយុ ១៦ឆ្នាំ ផ្នែកនារី ផ្នែកមហាជនបុរស និងផ្នែកកម្មកររោងចក្រ ដែលយើងអាចឆ្លុះបញ្ចាំងឱ្យឃើញថា សកម្មភាពប្រកួតនេះក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់កុមារ យុវជន យុវនារី និងបងប្អូនជាកម្មកររោងចក្រ បានបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួន និងបានបង្កើតនូវភាពសប្បាយរីករាយក្រោយពេលសម្រាកពីការសិក្សា និងប្រកបកិច្ចការងាររបស់ខ្លួន និងជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។
លោកអភិបាលរងក៏បានកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួតផងដែរ ដែលបានខិតខំដំណើការកម្មវិធីនេះតាំងពីថ្ងៃចាប់ផ្តើមរហូតដល់ថ្ងៃបញ្ចប់ប្រកបដោយជោគជ័យ និងសូមផ្តាំផ្ញើដល់ក្មួយៗ ប្អូនៗ កីឡាករ កីឡាការិនីទាំងអស់ ត្រូវបន្តនាំគ្នាចូលរួម ឮលេងកីឡាឱ្យបានច្រើនដើម្បីសុខមាលភាព និងរួមចំណែកជម្រុញឱ្យ “ប្រជាពលរដ្ឋម្នាក់ លេងកីឡាឱ្យបានមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។
សូមបញ្ជាក់ថា លទ្ធផលការប្រកួតកីឡាបាល់ទាត់ កុមារ យុវជន មហាជនបុរស នារី និងក្រុមកម្មកររោងចក្រ ដណ្តើមពានរង្វាន់សង្ក្រាន្ត យុវជនឃុំឈើទាល អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៥ មានដូចជា ក្រុមកុមារអាយុ ១៣ឆ្នាំ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកុមារស្រឡាញ់សន្តិភាពមចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមកុមារលោកតាដើមព្រីង។ សម្រាប់ក្រុមប្រកួតកីឡានារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមនារី CFC ឃុំឈើទាល និងចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមនារី លោកតាព្រីង។ ដោយឡែក ក្រុមយុវជនអាយុ ១៦ឆ្នាំ ចំណាត់ថា្នក់លេខ១ បានទៅលើក្រុមយុវជន បិសាចអភិជន និងចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមយុវជន CFC ឃុំឈើទាល។ ចំពោះផ្នែកក្រុមមហាជនបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមយុវជន ភូមិជំរុំ ឃុំឈើទាល និងចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមយុវជន ធីមយើងឯកឧត្តម។ រីឯផ្នែកក្រុមតាមបណ្តារោងចក្រវិញ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមរោងចក្រអគ្គិសនីស្រុកកៀនស្វាយ និងចំណាត់ថ្នាក់លេខ២ បានទៅលើឪក្រុមបោកគក់ រោងចក្រ យីដា ៕