ភ្នំពេញ៖ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានលើកឡើងថា ការប្រកួតកីឡាបាញ់កាំភ្លើង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ដែលបានបិទបញ្ចប់ដោយជោគជ័យ គឺជាការដកពិសោធន៍ និងពង្រឹងសមត្ថភាពរបស់កីឡាករ កីឡាការិនី ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥។
នេះជាលើកឡើងរបស់ឯកឧត្តមប្រធាន ក្នុងឱកាសបិទការប្រកួតកីឡាបាញ់កាំភ្លើង ជើងឯកថ្នាក់ជាតិ ដែលបានធ្វើឡើងរយៈពេល២ថ្ងៃពីថ្ងៃទី១៧-១៨ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ឯកឧត្តម សុខ ពុទ្ធិវុធ បានលើកទឹកចិត្តជាពិសេសបំផុតដល់កីឡាករ កីឡាការិនីគ្រប់ៗរូប បន្តការខិតខំ តស៊ូ ហ្វឹកហាត់ឱ្យបានច្រើន និងទៀងទាត់ជាទីបំផុត ដើម្បីអាចនាំយកមេដាយជូនជាតិមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងទាំងអស់គ្នា។ ជំនាញកីឡានេះត្រូវការជាចាំបាច់នូវការហ្វឹកហាត់យ៉ាងច្រើន និងទៀងទាត់ជាទីបំផុត ដើម្បីឈានទៅរកការទទួលជ័យជម្នះបាន។
បន្ថែមពីលើនេះ ប្រធានសហព័ន្ធគូសបញ្ជាក់ថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងមុតស្រួចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាមានគោលដៅដ៏ច្បាស់លាស់មួយ គឺយើងត្រូវយកជ័យលាភីមេដាយជូនជាតិឱ្យខានតែបាន ទាំងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងព្រឹត្តិការណ៍កីឡាអន្តរជាតិផ្សេងៗទៀត។
បើតាមរបាយការណ៍របស់ឯកឧត្តម ស៊ិន សូផានណាក់ អគ្គលេខាធិការ សហព័ន្ធបានឱ្យដឹងថា ការប្រកួតថ្នាក់ជាតិឆ្នាំនេះមានកីឡាករ កីឡាការិនីចូលរួមប្រកួតសរុប៤៤នាក់ ដោយប្រជែងមេដាយលើ៤វិញ្ញាសា។ ចំពោះជ័យលាភីលើ៤វិញ្ញាសានេះ រួមមាន៖ វិញ្ញាសាកាំភ្លើងវែងខ្យល់ ឈរ ១០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ កីឡាការិនី វង្ស សុខាវីន, វិញ្ញាសាកាំភ្លើងវែង ជំហរ៣ ៥០ម៉ែត្រ លេខ១ កីឡាការិនី ហ៊ឹម រ៉ាវី វិញ្ញាសាបាញ់ប្រតិកម្មស្តង់ដា (4 Stages) លេខ១ កីឡាករ យោង យួត ខណៈវិញ្ញាសាបាញ់ប្រតិកម្ម Production Optic (4 Stages) លេខ១ កីឡាករ ហោ មុន្នីរតនៈ។ ក្រៅពីនេះ ក៏មានជ័យលាភីលេខ២ និងលេខ៣ អមលើវិញ្ញាសាទាំង៤នេះផងដែរ។ ចំពោះប្រាក់រង្វាន់ជ័យលាភី លេខ១ ទទួលបានមេដាយមាស១ ពាន១ អមដោយប្រាក់រង្វាន់ ១លាន២០លានរៀល លេខ២ មេដាយប្រាក់ អមដោយប្រាក់រង្វាន់ ៨០ម៉ឺនរៀល ខណៈលេខ៣ មេដាយសំរឹទ្ធ អមដោយប្រាក់រង្វាន់ ៦០ម៉ឺនរៀល៕