ជម្រើសជាតិជឺជីតស៊ូចេញទៅប្រជែងមេដាយជូនជាតិ ក្នុងការប្រកួតជើងឯកអាស៊ី នៅប្រទេសហ្សកដានី

ភ្នំពេញ៖ ក្រុម​ជម្រើសជាតិ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​បាន​ចេញ​មាតុប្រទេស​របស់​ខ្លួន​ទៅ​ចូលរួម​ប្រកួត​ក្នុង​កីឡា​ជឺ​ជី​តស៊ូ​ជ្រើសរើស​ជើងឯក​អាស៊ី (The 2025 ASIAN CHAMPIONSHIP U21 & Adult) នៅ​ប្រទេស​ហ្ស​ក​ដា​នី ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥​។

ឯកឧត្តម ថោ​ង ធន ប្រធាន​ស្តីទី​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​បាន​គូសបញ្ជាក់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥​ថា ការ​ចូលរួម​ប្រកួត​ក្នុង​កម្រិត​ជើងឯក​អាស៊ី​នេះ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ពង្រឹងគុណភាព​បច្ចេកទេស​របស់​អត្ត​ព​លិ​ក​កម្ពុជា​។ នេះ​ជា​ការ​ចូលរួម​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ជា​រៀង​រាល់​ឆ្នាំ បន្ទាប់​ពី​ការ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក ដែល​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ក្នុង​ការ​វាស់​ស្ទង់​គុណភាព​បច្ចេកទេស​របស់​អត្ត​ព​លិ​ក​កម្ពុជា​។

ប្រធាន​ស្តីទី​រូប​នេះ​សង្កត់ធ្ងន់​ថា សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​អន្តរជាតិ​ចាត់​ទុក​ថា សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​តែងតែមាន​ស្នាដៃ​ល្អ ក្នុង​ការ​ឈ្នះ​មេដាយ​ជាមួយនឹង​ការ​បញ្ចប់​លទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។ កត់សម្គាល់​បន្ថែម​ពីលើ​នេ ឯកឧត្តម ថោ​ង ធន អះអាង​ថា ការ​បញ្ជូន​អត្ត​ព​លិ​ក​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​សហព័ន្ធ​បាន​បញ្ជូន​អត្ត​ព​លិ​ក​ជម្រើសជាតិ​៦​នាក់ ដែល​ជា​ម្ចាស់​មេដាយមាស ស៊ី​ហ្គេ​ម ២០២៣ នៅ​កម្ពុជា​កន្លង​ទៅ និង​ជា​ម្ចាស់​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​ជឺ​ជី​តស៊ូ ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ កាលពី​ឆ្នាំ​មុន​។

ឯកឧត្តម ថោ​ង ធន បន្ថែម​ថា ការ​ចូលរួម​ប្រកួត​លើ​នេះ សហព័ន្ធ​ក៏​បាន​ដាក់​គោលដៅ​ដណ្តើម​មេដាយ​ឱ្យ​បាន​ជូន​ជាតិ ហើយ​ប្រសិនបើ​លទ្ធផល​មិន​គាប់ប្រសើរ​តាម​អ្វី​ដែល​យើង​ចង់បាន​នោះ​ទេ ក៏​ជា​បទ​ពិសោធ​ដ៏​មាន​អត្ថន័យ​បំផុត​របស់​កីឡាករ កីឡាការិនី​កម្ពុជា ពីព្រោះ​ការ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី ឆ្នាំ​២០២៥​នេះ​គឺ​មាន​អត្ត​ព​លិ​ក​ខ្លាំង​ៗ​ច្រើន​ប្រទេស​ក៏​បាន​ចូលរួម​ដែរ ដូច​ជា​អត្ត​ពលិកម​ក​ពី​ប្រទេស​អា​រ៉ាប់​រួម​ជាដើម​។

សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​បាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក មន្ត្រី​បច្ចេកទេស និង​កីឡាករ កីឡាការិនី​ជម្រើសជាតិ សរុប ០៩​រូប ឱ្យទៅ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ The 2025 ASIAN CHAMPIONSHIP U21 & Adult នៅ​ប្រទេស​ហ្ស​ក​ដា​នី ក្រោម​ការ​រៀបចំ​របស់​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​អន្តរជាតិ (JJIF)​។ សមាសភាព​ប្រតិភូ​អត្ត​ព​លិ​ក​កម្ពុជា​រួម​មាន​៖ សំ​អុ​ន បូរ​មី ប្រតិភូ លោក JASPER MARTIJN PASS គ្រូបង្វឹក លោក OLIVER ROBERT KING មន្ត្រី​បច្ចេកទេស កីឡាករ មឿ​ន​លឹ​ម សុ​បញ្ញា កីឡាករ គង់​ម៉ូ​ណា មិ​ថុ​រ៉ា កីឡាករ ទូច ពីរ​កក្កដា កីឡាការិនី ទី​ន សុវណ្ណ​បួរ​កែវ កីឡាការិនី ហេង ស៊ីវ​ហ៊ា​ង និង​កីឡាការិនី គង់​ម៉ូ​ណា ជេស​ស៊ី​កា​៕

Previous articleសហព័ន្ធហែលទឹករៀបចំការប្រកួតវ័យចាស់ ដើម្បីប្រមូលធនធាន ត្រៀមចូលរួមប្រកួតហែលទឹកវ័យចាស់ជើងឯកពិភពលោក
Next articleBarcelona និង Raphinha ឈានដល់ការព្រមព្រៀងគ្នាទៅលើកុងត្រាថ្មី