បរទេស៖ កីឡាករ Chiesa បានមកដល់ Anfield បានតែមួយរដូវកាលប៉ុណ្ណោះ ប៉ុន្តែពិបាកក្នុងការបង្ហាញទម្រង់លេងរបស់ខ្លួន ហើយការវិលត្រលប់ទៅកាន់ប្រទេសអ៊ីតាលីវិញអាចជាការស័ក្តិសមសម្រាប់គាត់។ ហើយបើយោងតាមការចេញផ្សាយរបស់អ្នកកាសែត Orazio Accomando បានអោយដឹងថាក្លឹប AC Milan ចង់បានគាត់ ខណៈដែលក្លឹបហង្សក្រហមចង់បានតម្លៃប្រមាណ ១១លានផោន ដែលក្លឹបបានចំណាយដើម្បីនាំគាត់មកកាន់អង់គ្លេសកាលពីឆ្នាំមុន។
កីឡាករ Chiesa ខ្លួនគាត់ក៏កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងនេះផងដែរ បន្ទាប់ពីបានបង្ហាញខ្លួនត្រឹមតែ ១៤ប្រកួត និងស៊ុតបញ្ចូលទីបាន ២គ្រាប់ក្នុងអំឡុងពេលយុទ្ធនាការ ២០២៤-២៥។ ហើយបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងកាលពីពេលថ្មីៗអំពី ឱកាសមាស” សម្រាប់ខ្សែប្រយុទ្ធក្នុងការផ្ទេរទៅ Atletico Madrid នៅរដូវក្តៅនេះ។
ក្លឹប AC Milan ក៏អាចត្រូវបានគូប្រជែងដោយអតីតក្លឹប Juventus របស់ Chiesa សម្រាប់ការចុះហត្ថលេខាយកគាត់។ កីឡាករសញ្ជាតិអ៊ីតាលីបានប្រាប់ Gazzetta dello Sport នៅសប្តាហ៍នេះថា “Juventus? ខ្ញុំនៅតែស្រលាញ់ក្លឹប។ ត្រលប់ទៅទីនោះនៅថ្ងៃណាមួយ? ហេតុអ្វីមិនធ្វើ”។
កីឡាករ Chiesa ហាក់ដូចជាមិនខ្វះជម្រើសនោះទេ ទោះបីជាមានរបួស និងទម្រង់លេងមិនសូវល្អ ប៉ុន្តែដោយមើលឃើញកេរ្តិ៍ឈ្មោះរបស់គាត់ក្នុងនាមជាកីឡាករល្អបំផុតរបស់ពិភពលោកកាលពីពេលកន្លងមក។ ទោះជាយ៉ាងណាការបន្តនៅ Liverpool ហាក់ដូចជាមិនទំនង៕