ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាគូសបញ្ជាក់ថា ៖«ខ្ញុំហ៊ានធានាពីសុខសុវត្ថិភាព និងមិនធ្វើឱ្យមានពាក្យសម្តីប៉ះពាល់សតិអារម្មណ៍ដល់ប្រតិភូកីឡាមកពីប្រទេសថៃឡើយ ដែលកម្ពុជាត្រៀមរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ពីថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ បើទោះបីជាពេលនេះកម្ពុជា-ថៃកំពុងមានបញ្ហារឿងព្រំដែនជាមួយគ្នាយ៉ាងណាក្តី»។
នេះជាការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ក្នុងឱកាសបិទការប្រកួតកីឡាតេក្វាន់ដូ ITF នៃព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ កាលពីពេលកន្លងទៅថ្មីនេះ។
ឯកឧត្តម កែវ រ៉េមី លើកឡើងថា មុនពេលប្រទេសកម្ពុជា-ថៃមានបញ្ហារឿងព្រំដែនជាមួយគ្នា ប្រតិភូកីឡាថៃថានឹងបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនក្នុងចំនួនច្រើនមកចូលរួមប្រកួតប្រជែងមេដាយ ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ នៅកម្ពុជា ប៉ុន្តែនៅពេលមានបញ្ហាព្រំដែននៃប្រទេសទាំពីរ គឺប្រតិភូកីឡាថៃមានការព្រួយបារម្ភ ដែលក្នុងនោះឪពុកម្តាយកីឡាករ កីឡាការិនី (ថៃ) ខ្លះស្ទាក់ស្ទើរ ក្នុងការបញ្ជូនកូនចៅរបស់គាត់មកចូលរួមប្រកួតនៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសង្កត់ធ្ងន់បែបនេះថា៖ «ខ្ញុំសូមធានាជាមួយគាត់ ១០០% ដោយឱ្យពួកគាត់ជឿទុកចិត្តថាអញ្ជើញមកប្រកួតនៅកម្ពុជាចុះ ដោយធានាសុវត្ថិភាពជូនពួកគាត់ថា កម្ពុជាមិនមានអ្នកណាធ្វើអីគាត់គេ។ កីឡាបង្កើននូវមិត្តភាព កីឡានាំមកនូវសន្តិភាព ហើយសន្តិភាពនាំមកនូវការអភិវឌ្ឍក្នុងវិស័យកីឡា។ ចំណុចនេះសំខាន់ណាស់ ដែលកីឡាគឺជាការទូតមួយ។ ខ្ញុំបានធានាជាមួយគាត់ថា អញ្ជើញមកចុះ អត់មានបញ្ហាអ្វីទាំងអស់ ធានាសន្តិសុខសណ្តាប់ធ្នាប់ជូនដល់កូនៗទាំងអស់ រាប់ទាំងកីឡាករ កីឡាការិនីទាំងអស់មកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន សម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះទេ គឺធានាមួយទៀត គឺសូម្បីតែពាក្យសម្តី ក៏មិនឱ្យប៉ះពាល់សតិអារម្មណ៍របស់គណៈប្រតិភូមកពីប្រទេសថៃដែរ»។
គួរបញ្ជាក់ថា សម្រាប់ការរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ពីថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ មានប្រទេសចូលរួមសរុប ៧ប្រទេស រួមទាំងម្ចាស់ផ្ទះកម្ពុជា ខណៈប្រតិភូ អាជ្ញាកណ្តាល ចៅក្រម និងកីឡាករ កីឡាការិនី សរុបប្រមាណ ២០០នាក់៕