ភ្នំពេញ៖ ក្រុមម្ចាស់ផ្ទះនារីជម្រើសជាតិកម្ពុជាធ្វើសម្រេច១គ្រាប់តាមស្មើក្រុមហុងកុង ដោយលទ្ធផល ១-១ នៅនាទី៨២ បន្ទាប់ពីក្រុមហុងកុងបើកការនាំមុខ ១-០ តាំងតែនាទី៣១ នៅក្នុងការប្រកួតបើកឆាកវគ្គជម្រុះប្រចាំពូល G ពានរង្វាន់បាល់ទាត់នារីទ្វីបអាស៊ី (AFC Women’s Asian Cup Australia 2026 Qualifiers) កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
នៅក្នុងការប្រកួតវគ្គទី១ ក្រុមភ្ញៀវ នារីហុងកុង បានបើកការនាំមុខ១គ្រាប់មុន នៅនាទី៣១ ដោយបាល់ពិន័យ១១ម៉ែត្រ ធ្វើសម្រេចដោយកីឡាការិនី Hong Kiu Anke Leong បន្ទាប់ពីខ្សែការពារកម្ពុជា វិបុល សេរីសេដ្ឋា បានបង្កកំហុស។ ចូលដល់វគ្គទី២ ក្រុមម្ចាស់ផ្ទះនារីកម្ពុជាបានបង្ហាញការលេងស៊ីសង្វាក់គ្នាយ៉ាងល្អ និងដាក់សម្ពាធលើក្រុមហុងកុង រហូតដល់នារី៨២ កីឡាការិនីកម្ពុជាធ្វើសម្រេចតាមបានស្មើ ១ទល់១ ដែលរកបានដោយកីឡាការិនី វឿន សុថាន តាមរយៈការបង្កើតឱកាសពីកីឡាការិនី វិបុល សេរីសេដ្ឋា និងកីឡាការិនី ហុក សៅឌី។ ជាមួយនឹងលទ្ធផលនេះបានធ្វើឱ្យក្រុមកម្ពុជា និងក្រុមហុងកុងចែកគ្នាម្នាក់១ពិន្ទុ នៅក្នុងការប្រកួតដំបូងក្នុងពូល G នេះ។
ដោយឡែក១ប្រកួតទៀត ក្នុងពូល G នេះដែរ ក្រុមហ្វីលីពីនរកបាន៣ពិន្ទុ ឈរលើកំពូលតារាងបណ្តោះអាសន្ន បន្ទាប់ពីបានយកឈ្នះក្រុមអារ៉ាប់ប៊ីសាអូឌីត ដោយលទ្ធផល ៣-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា។ ឆ្លងកាត់១ប្រកួតដំបូង គឺហ្វីលីពីន ទទួលបាន៣ពិន្ទុ ឈរលេខ១ កម្ពុជា មាន១ពិន្ទុ ឈរលេខ២ ហុងកុង ឈរលេខ៣ មាន១ពិន្ទុ ខណៈក្រុមអារ៉ាប់ប៊ីសាអូឌីត ឈរលេខ៤ ពិន្ទុ ០។
២ប្រកួតបន្ទាប់របស់ក្រុមនារីកម្ពុជា នឹងត្រូវប៉ះក្រុមនារីហ្វីលីពីន នាថ្ងៃទី០២ ខែមិថុនា និងប្រកួតទី៣ ដែលជាប្រកួតចុងក្រោយត្រូវប៉ះ ក្រុមអារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី០៥ ខែមិថុនា ដោយចាប់ផ្តើមប្រកួតនាវេលាម៉ោង ៧យប់ដូៗគ្នា នៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចៗគ្នាផងដែរ៕