ភ្នំពេញ៖ គ្រប់បណ្តាប្រទេសនានា គ្រប់កីឡាករ កីឡាការិនីទាំងអស់ រួមទាំងគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ ដែលប្រកួតប្រជែង និងដឹកនាំការប្រកួតនៅកម្ពុជា ក្នុងព្រឹត្តិការណ៍នេះបានបង្ហាញភាពសប្បាយរីករាយខ្លាំងណាស់ ដោយសារតែយើងបានទទួលពួកគាត់ប្រកបដោយទឹកចិត្តកក់ក្តៅបំផុត។
នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ផាន់ វណ្ណរ័ត្ន អនុប្រធានទី១ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាប្រធានគណៈកម្មការកណ្តាលរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ នៅក្រោយបញ្ចប់ពិធីបិទជាផ្លូវការ កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
ឯកឧត្តម ផាន់ វណ្ណរ័ត្ន បានលើកឡើងទៀតថា ៖«ការទទួលប្រតិភូកីឡាមកពីបណ្តាប្រទេសនានា ដោយទឹកចិត្តកក់ក្តៅនេះ គឺរាប់ទាំងការទទួលពួកគាត់តាំងពីមាត់ច្រកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការដឹកជញ្ជូនតាមរថយន្តមកស្នាក់នៅសណ្ឋាគារ និងពីកន្លែងស្នាក់នៅមកទីលានប្រកួត មានក្រុមទទួលបដិសណ្ឋារកិច្ចយ៉ាងយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងការយកចិត្តទុកដាក់លើការបញ្ហាម្ហូបអាហារសម្រាប់ពួកគាត់ផងដែរ។ ក្រៅពីនេះម្ចាស់ផ្ទះ កម្ពុជាក៏ទុកពេលឱ្យពួកគាត់មានពេលវេលាសម្រាប់ដំណើរកម្សាន្តទៀត។ ជាមួយគ្នានេះ តំណាងសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិក៏បានបង្ហាញនូវក្តីរំភើបរីករាយណាស់ ដែលម្ចាស់ផ្ទះកម្ពុជារៀបចំបានយ៉ាងល្អ ដោយព្រឹត្តិការណ៍នេះទទួលបានការគាំទ្រពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រាប់ទាំងឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី តំណាងក្រសួងអប់រំ និងតំណាងអាជ្ញាធររាជធានីភ្នំពេញផងដែរ»។
ឯកឧត្តមអនុប្រធានទី១ បន្ថែមថា ថ្ងៃនេះគឺជាមោទនភាពរបស់កម្ពុជា ដែលទទួលបានការរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ លើកទី២ ឆ្នាំ២០២៥ជាមួយនឹងការបញ្ចប់ដោយភាពជោគជ័យយ៉ាងខ្លាំង ជាពិសេសម្ចាស់ផ្ទះ កម្ពុជាដណ្តើមបានមេដាយរហូតដល់ ៩០គ្រឿង ក្នុងនោះមេដាយមាស ៤៨គ្រឿង។មូលហេតុចម្បង ដែលធ្វើឱ្យអត្តពលិកកម្ពុជាដណ្តើមបានមេដាយច្រើន និងឈរនៅចំណាត់ថ្នាក់លេខ១នេះ ត្រូវបានឯកឧត្តមអនុប្រធានទី១រូបនេះពន្យល់ថា ដោយសារតែកីឡាករ កីឡាការិនីកម្ពុជាប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតប្រជែងទាំងថ្នាក់ថ្នាក់ជាតិ និងអន្តរជាតិ ដោយតែងតែឈ្នះមេដាយជាច្រើន ទាំងកម្រិតអាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោកជារៀងរាល់លើក ដែលធ្វើឱ្យពួកគាត់កាន់តែខ្លាំងក្លា ក្នុងគុណភាពបច្ចេកទេស។ ជាការកត់សម្គាល់បន្ថែម ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅកម្ពុជាពេលនេះ ត្រូវបានឯកឧត្តម ផាន់ វណ្ណរ័ត្ន គូសបញ្ជាក់បន្ថែមថា ការប្រកួតឈុតក្រោម១៣ឆ្នាំ ក្រោម១៥ឆ្នាំ ឈុតក្រោម១៧ឆ្នាំ និងឈុតជម្រើសជាតិឈុតធំ ជាពិសេសឈុតថ្នាលកុមារ-យុវជនរបស់កម្ពុជា ដែលជាធនធានថ្នាលបន្តវេនសម្រាប់តេក្វាន់ដូ ITF កម្ពុជា ក្រោមការយកចិត្តទុកដាក់បង្ហាតបង្រៀនពីលោក ប៉ាល់ ជីវ័ន។
ជាគោលដៅបន្ទាប់ ឯកឧត្តម ផាន់ វណ្ណរ័ត្ន សង្កត់ធ្ងន់ថា ឆ្លងកាត់តាមបទពិសោធមួយនេះ យើងពិនិត្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយរបស់យើង។ ដូច្នេះក្នុងរយៈពេល៣ឆ្នាំទៀត សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជានឹងដាក់ស្នើដល់សហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិ ថាតើ កម្ពុជាអាចទទួលរៀបចំធ្វើម្ចាស់ផ្ទ ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី បានឬទេ។ ក្នុងនាមអនុប្រធានទី១ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងក្នុងនាមជាប្រធានគណៈកម្មការកណ្តាលរៀបចំការប្រកួតព្រឹត្តិការណ៍នេះដាក់ការជឿជាក់ថា កម្ពុជានឹងអាចរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតជើងឯកអាស៊ីបាន ដោយយើងបានបែងចែកភារកិច្ចច្បាស់ ក្នុងគណៈកម្មការជំនាញនីមួយៗ។ ចំពោះកីឡាករ កីឡាការិនីកម្ពុជាក៏មានភាពខ្លាំងពូកែដែរ ហើយយើងសង្ឃឹមថា បើកម្ពុជាធ្វើម្ចាស់ផ្ទះ ការប្រកួតជើងឯកអាស៊ី នា៣ឆ្នាំខាងមុខ តេក្វាន់ដូ ITF កម្ពុជានឹងនាំមោទនភាពជូនជាតិ ព្រមទាំងជួយជំរុញដល់វិស័យទេសចរណ៍កាន់តែប្រសើរ តាមរយៈវិស័យកីឡាតេក្វាន់ដូ ITF នេះផងដែរ៕