កាយសម្ព័ន្ធកម្ពុជាឈ្នះមេដាយមាស ១ និងសំរឹទ្ធ១ ជាប្រវត្តិសាស្ត្រដំបូងក្នុងព្រឹត្តិការណ៍ ជើងឯកអាស៊ីនៅប្រទេសម៉ុងហ្គោលី

ភ្នំពេញ​៖ អត្ត​ព​លិ​កកាយ​សម្ព័ន្ធ​កម្ពុជា​ដណ្តើម​បាន​មេដាយមាស​១​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង​ពី​ការ​ប្រកួត​កីឡា​កាយសម្ព័ន្ធ ជើងឯក​អា​អេ​រ៉ូ​ប៊ិក​អាស៊ី លើក​ទី​៨ ពី​ថ្ងៃ​ទី​១៣-១៧ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ទីក្រុង Ulaanbaatar ប្រទេស​ម៉ុង​ហ្គោ​លី ខណៈ​មេដាយមាស និង​សំរឹទ្ធ​១​គ្រឿង​នេះ​ត្រូវ​បាន​អ្នកជំនាញ​ចាត់​ទុក​ថា​ជា​ប្រវត្តិសាស្ត្រ​ដំបូង​ប្រកបដោយ​មោទនភាព​ជាតិ​។

ឯកឧត្តម ណ​យ ផា​ណា អគ្គលេខាធិការ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ដែល​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​បាន​បញ្ជាក់​ពី​ប្រទេស​ម៉ុង​ហ្គោ​លី នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​ថា មេដាយមាស​១​វិញ្ញាសា ដែល​អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើម​បាន គឺ​លើ​វិញ្ញាសា​ទ្រី​យ៉ូ​សម្តែង​ជា​ក្រុម ដោយ​កីឡាការិនី​៣​រូប មាន​កីឡាការិនី ស៊ីវ ច​ន្ថា​, កីឡាការិនី ណេ​ម សុខ​ហេង និង​កីឡាការិនី ឌឹ​ម អ៊​ន​ធីតា រីឯ​កីឡាការិនី សួ​ស ស្រី​ពៅ ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង លើ​វិញ្ញាសា​ឯកត្តជន​នារី (Senor IW)​។ ឯកឧត្តម​អគ្គលេខាធិការ​បន្ថែម​ថា ជើងឯក​អាស៊ី​នេះ មាន​១៤​ប្រទេស​ចូលរួម ដោយ​សមិទ្ធផល​មេដាយមាស និង​សំរឹទ្ធ​១​គ្រឿង ដែល​អត្ត​ព​លិ​កកាយ​សម្ព័ន្ធ​កម្ពុជា​ដណ្តើម​បាន នា​ពេល​នេះ គឺ​សហព័ន្ធ​មានការ​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ពី​ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ថោ​ង ខុន ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​។ ជាក់ស្តែង​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​កម្រិត​អាស៊ី​មួយ​នេះ ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​ក៏​បាន​ទាក់ទង​ផ្តល់​ការ​លើកទឹកចិត្ត​ជា​និច្ច ដល់​ចៅ​ៗ កីឡាករ កីឡាការិនី​ផង​ដែរ​។

ឯកឧត្តម ណ​យ ផា​ណា គូសបញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖ «​មេដាយមាស​នេះ សម្រាប់​ប្រភេទ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​យើង នា​ពេល​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​អាស៊ី ហើយ​គឺជា​មោទនភាព​ដ៏​ឧត្តុង្គឧត្តម​បំផុត​សម្រាប់​ជាតិ​។ យើងខ្ញុំ​ក៏​សូម​កោតសរសើរ​ចំពោះ​គ្រូបង្វឹក គ្រូ​ជំនួយ រួម​ទាំង​កីឡាករ កីឡាការិនី​ទាំងអស់ ដែល​យើង​បាន​រួម​គ្នា​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ទើប​យើង​ទទួល​បាន​លទ្ធផល​ល្អ ដូច​ពេល​នេះ​»​។

គួរ​បញ្ជាក់​ថា ក្រុម​ជម្រើសជាតិ​កាយសម្ព័ន្ធ​កម្ពុជា​ផ្នែក​អា​អេ​រ៉ូ​ប៊ិក​បាន​ចូលរួម​ប្រកួត​លើ​៤​វិញ្ញាសា គឺ​វិញ្ញាសា​ឯកត្តជន​បុរស (IM), ឯកត្តជន​នារី (IW), ទ្រី​យ៉ូ (TRIO) និង​ក្រុម ដោយ​កម្ពុជា​មាន​សមាសភាព​កីឡាការិនី​៧​នាក់ និង​កីឡាករ​ម្នាក់ និង​ប្រតិភូ​ដឹកនាំ គ្រូបង្វឹក គ្រូ​ជំនួយ សរុប ១១​នាក់​៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Previous articleកីឡាករចំបាប់កម្ពុជា ស៊ូ បាលី នៅមានឱកាសឈ្នះមេដាយសំរឹទ្ធជើងឯកពិភពលោក និងអាចមានឈ្មោះចូលប្រកួតកីឡាអូឡាំពិក នៅបារាំង ២០២៤
Next articleកីឡាករ ស៊ូ បាលី ចាញ់ម្ចាស់ជើងឯករុស្ស៊ី ប៉ុន្តែជាជំហាថ្មីរបស់ចំបាប់កម្ពុជា ក្នុងជើងឯកពិភពលោក