បរទេស៖ ខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបានបង្ហាញខ្លួនសម្រាប់រដូវកាលដំបូងរបស់គាត់នៅឯកីឡដ្ឋាន Stamford Bridge និងជាកីឡាករឆ្នើមម្នាក់របស់ក្លឹប Chelsea ក្នុងរដូវកាលនេះផងដែរ។ ចាប់តាំងពីមកចូលរួមជាមួយក្លឹប Chelsea ពីក្លឹប Manchester City កាលពីរដូវក្តៅមុន កីឡាករ Palmer បានស៊ុតបញ្ចូលទី ១៦គ្រាប់និងបញ្ជូនបាល់បាន ១២ដង ក្នុងការបង្ហាញខ្លួន ៣៥ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។

ចំពោះកុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ ២១ឆ្នាំជាមួយនឹងក្លឹបតោខៀវ អាចទទួលបានប្រាក់ឈ្នួល ៨ម៉ឺនផោនក្នុងមួយសប្តាហ៍ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹបនៅភាគខាងលិចទីក្រុងឡុងមួយនេះគ្រោងនឹងផ្តល់នៅកិច្ចសន្យាថ្មីជាមួយនឹងការតម្លើងប្រាក់ឈ្នួលសម្រាប់គាត់នៅរដូវកាល២០២៤-២៥។ ស្របពេលដែក្លឹបមិនទាន់បានធ្វើការពិភាក្សាទៅលើកុងត្រាថ្មីជាមួយនឹងកីឡាករ ខាងផ្ទៃក្នុងរបស់ក្លឹប Chelsea ជឿជាក់ថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះស័ក្តិសមនឹងទទួលបាននៅកិច្ចព្រមព្រៀងដ៏ល្អមួយជានេះ។
ការបង្ហាញទម្រង់លេងដ៏ល្អរបស់គាត់ជាមួយក្លឹប Chelsea បានធ្វើអោយត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូងរបស់គាត់កាលពីខែវិច្ឆិកា។

ក្រុមរបស់លោក Mauricio Pochettino កំពុងត្រៀមជួប Manchester United នៅផ្ទះនៅថ្ងៃព្រហស្បតិ៍ក្នុងការប្រកួតដ៏សំខាន់មួយនៅ Premier League ៕



