បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Barcelona ត្រូវការប្រមូលប្រាក់អោយបាន ១៣០លានអឺរ៉ូ អោយបានមុខចុងខែមិថុនា ឫក៏ពួកគេនឹងត្រូវប្រឈមមុខបញ្ហាឈឺក្បាលនៅពេលដែលធ្វើការចុះឈ្មោះបន្ថែមកីឡាករថ្មី។ ជាលទ្ធផល ក្លឹបកំពុងស្វែងរកការវិនិយោគថ្មី ហើយក៏មានបំណងរៀបចំរចនាសម្ព័ន្ធឡើងវិញជាមួយក្រុមហ៊ុន Nike ផងដែរ។
ដូចដែលបានបញ្ជាក់ ក្លឹប Barcelona មិនអាចចុះឈ្មោះ Inigo Martinez ឬ Vitor Roque បានទេដោយសារវិធីដែលពួកគេត្រូវបានចុះបញ្ជីកាលពីរដូវកាលមុន ខណៈដែលកិច្ចសន្យាសម្រាប់កីឡាករ Alejandro Balde, Lamine Yamal, Pau Cubarsi និង Hector Fort មិនត្រូវបានចុះឈ្មោះជាមួយ La Liga ។ កីឡាករ Sergi Roberto និង Marcos Alonso នឹងផុតកុងត្រាក្នុងពេលឆាប់ៗនេះ ខណៈដែលនៅមានសញ្ញាសួរជុំវិញកិច្ចព្រមព្រៀងកុងត្រាជាមួយ Gavi។
វិបត្តិហិរញ្ញវត្ថុរបស់ក្លឹប Barcelona កាន់តែធ្ងន់ធ្ងរទៅៗ ដោយសារតែកីឡាករខ្ចីជើងបានត្រលប់មកកាន់ក្លឹបនឹងទទួលប្រាក់ឈ្នួលពីក្លឹបវិញ។ កីឡាករ Ansu Fati, Eric Garcia, Clement Lenglet និង Sergino Dest ទាំងអស់កំពុងត្រលប់ទៅ Camp Nou ហើយប្រាក់ឈ្នួលរបស់ពួកគេទាំងអស់ត្រូវបានគិតដោយលីក។ វានៅតែត្រូវមើលថាតើកីឡាករទាំងបួននាក់ត្រូវបានលក់ ខណៈគ្មាននរណាម្នាក់ស្ថិតនៅក្នុងផែនការរបស់លោក Hansi Flick នោះទេ។
ប្រសិនជាក្លឹប Barcelona មិនអាចស្វែងរកនៅវិធីសាស្ត្រក្នុងការប្រមូលថវិកាបាននោះទេ ពួកគេនឹងប្រឈមមុខនឹងឧបសគ្គដ៏សំខាន់នៅពេលនិយាយអំពីការបន្ថែមកីឡាករថ្មី។ ប្រភពដដែលបានបន្ថែមថា ការលក់កីឡាករក្នុងជម្រើស១១នាក់ដំបូង គឺមិនអាចចៀសបាននោះទេ។ កីឡាករ Ronald Araujo, Frenkie De Jong និង Raphinha ទាំងអស់អាចត្រូវបានចាត់ទុកថាជាគោលដៅសម្រាប់ការលក់ចេញ។
ពេលវេលាកំពុងមានកំណត់សម្រាប់ក្លឹប Barcelona។ កិច្ចព្រមព្រៀងត្រូវតែត្រូវបានធ្វើឱ្យបានលឿន ប្រសិនបើពួកគេត្រូវដាក់បញ្ជូលនៅកីឡាករថ្មីមកកាន់ Camp Nou៕