រឿងបន្ថែមជុំវិញអនាគតរបស់កីឡាករ Osimhen និងកីឡាករ Lukaku

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TuttoSport បានអោយដឹងថាលោក Antonio Conte គ្រូបង្វឹករបស់ក្លឹប Napoli មានបំណងចង់បានខ្សែប្រយុទ្ធថ្មីអោយបានមុនថ្ងៃទី​២៥ ខែកក្កដា។ ការបន្ទាន់នេះកើតចេញពីតម្រូវការក្នុងការពង្រឹងក្រុមនៅមុនរដូវកាលថ្មី ប៉ុន្តែការផ្ទេររបស់ Osimhen ចាំបាច់ត្រូវបញ្ចប់ឱ្យបានឆាប់រហ័ស ដើម្បីពួកគេអាចប្រើប្រាស់ថវិការដើម្បីផ្ទេរយកកីឡាករ Lukaku។

Osimhen Lukaku HD

ទន្ទឹមនឹងនេះដែរ បានយោងតាមការចេញផ្សាយរបស់ Gianluca Di Marzio បានអោយដឹងថាកីឡាករ Lukaku បានបង្ហាញអំពីបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការជួបជុំជាមួយលោក Conte ដែលគាត់ធ្លាប់លេងនៅក្លឹប Chelsea និង Inter Milan ជាមួយគ្នា។ កីឡាករ Lukaku ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយក្លឹប Napoli ដោយទទួលបានប្រាក់ឈ្នួល ៦.៥ លានអឺរ៉ូក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ វានៅមានគម្លាតតម្លៃនៃការទាមទាររបស់ក្លឹប Chelsea និងការផ្តល់អោយរបស់ក្លឹប Napoli។ ក្លឹប Chelsea បានទាមទារតម្លៃ ៣៥លានអឺរ៉ូ បូកនឹងប្រាក់រង្វាន់សម្រាប់ខ្សែប្រយុទ្ធបែលហ្ស៊ិក ខណៈពេលដែល Napoli កំពុងសម្លឹងរកការបង់ប្រាក់ប្រហែល ២៥លានអឺរ៉ូប៉ុណ្ណោះ។

ការចាកចេញរបស់ Osimhen ពី Napoli គឺជាប្រធានបទនៃការរំពឹងទុកជាច្រើនខែ។ ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា​មាន​លក្ខខណ្ឌ​ផ្តាច់កុងត្រាប្រមាណ ១៣០លានអឺរ៉ូ ដែល​រារាំង​អ្នក​ទិញ​ដូចជាក្លឹប Chelsea និង Arsenal។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នៅក្នុងប្រទេសអ៊ីតាលីបានអះអាងថា Paris Saint-Germain បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Osimhen ហើយ។ ក្លឹបនៅបារាំងបានផ្តល់ជូនខ្សែប្រយុទ្ធរូបនេះនូវកិច្ចសន្យារយៈពេល ៥ឆ្នាំដែលទទួលបានប្រាក់ឈ្នួល ១៤លានអឺរ៉ូក្នុងមួយឆ្នាំ។ ទោះបីជាយ៉ាងនេះក្តី PSG និង Napoli មិនទាន់ឈានដល់ការឯកភាពគ្នាលើតម្លៃផ្ទេរនៅឡើយទេ។

ឧបសគ្គផ្នែកហិរញ្ញវត្ថុរបស់ Napoli កាន់តែធ្ងន់ធ្ងរឡើង ធ្វើឱ្យវាពិបាកក្នុងការរក្សា Osimhen ដែលមានប្រាក់ឈ្នួល ១០លានអឺរ៉ូក្នុងមួយឆ្នាំ។ កត្តានេះបានជំរុញឱ្យក្លឹប PSG ដាក់សំណើដេញថ្លៃ ៨៥លានអឺរ៉ូ ហើយត្រូវបានបដិសេធ ប៉ុន្តែបើកទ្វារសម្រាប់ការចរចាបន្ថែមទៀត។

Osimhen

សម្រាប់ក្លឹប Chelsea ការលក់ Lukaku នឹងធ្វើអោយចប់បញ្ហាដ៏ច្របូកច្របល់មួយនៅក្នុងក្លឹប។ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះមានបញ្ហាជាច្រើននៅ Stamford Bridge ហើយការផ្លាស់ប្តូរទៅកាន់ Napoli អាចផ្តល់ឱ្យគាត់នូវការចាប់ផ្តើមថ្មី។ ទន្ទឹមនឹងនេះ PSG ចង់បញ្ចប់ការចុះហត្ថលេខាលើ Osimhen ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីជំនួសកន្លែង Kylian Mbappe ដែលបានចាកចេញទៅ Real Madrid រួចហើយ៕

Previous articlePierre-Emile Højbjerg ត្រៀមខ្លួនទៅចូលរួមជាមួយក្លឹបនៅលីគបារាំង
Next articleMan Utd កាន់តែខិតជិតក្នុងការចុះហត្ថលេខាយក Rabiot ដោយគ្មានតម្លៃខ្លួន