បរទេស៖ ក្លឹប Newcastle ចង់ផ្តល់កុងត្រាថ្មីអោយកីឡាករ Gordon បន្ទាប់ពីគាត់បានបង្ហាញនៅទម្រង់លេងយ៉ាងល្អកាលពីរដូវកាលមុន ហើយវាជាកត្តាដែលធ្វើអោយក្លឹប Liverpool ចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកកីឡាករវ័យ ២៣ឆ្នាំនេះ។ អតីតកីឡាកររបស់ក្លឹប Everton បានស៊ុតបញ្ចូលទីបាន ១១គ្រាប់ និងបញ្ជូនបាល់បាន ១១គ្រាប់ សម្រាប់ការបង្ហាញខ្លួន ៣៥ដងនៅ Premier League ខណៈពេលដែលគាត់ក៏បានលេងអោយក្រុមជម្រើសជាតិអង់គ្លេសនៅ Euro ២០២៤ផងដែរ។
កីឡាករ Gordon ត្រូវបានគេរាយការណ៍ថាខិតជិតក្នុងការផ្ទេរទៅក្លឹប Liverpool ក្នុងខែកក្កដា ខណៈក្លឹប Newcastle បានព្យាយាមគេចពីការដាក់ទណ្ឌកម្មដោយសារការបំពាន PSR។ ការពិភាក្សាត្រូវបានធ្វើឡើងលើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ៦០លានផោន ប៉ុន្តែការផ្ទេរនេះបានបរាជ័យវិញបន្ទាប់ពីក្លឹប Newcastle បានលក់កីឡាករ Yankuba Minteh និង Elliot Anderson ជំនួសវិញ។
យោងតាមការចេញផ្សាយរបស់របស់សារព័ត៌មាន The Athletic បានអោយដឹងថាក្លឹប Newcastle នឹងធ្វើការពិភាក្សាដើម្បីបន្តកុងត្រារបស់កីឡាករ Gordon នៅពេលដែលគាត់ត្រលប់ពីការសម្រាកនៅសប្តាហ៍ក្រោយ។ ក្លឹប Newcastle មានការភ័យក្លាយដែលកីឡាករ Gordon នឹងទៅចូលរួមជាមួយនឹងក្លឹប Liverpool ដូច្នេះក្លឹបនឹងព្យាយាមក្នុងការផ្តល់នៅសំណើរថ្មី ដែលមានរយៈពេលវែង និងលក្ខខណ្ឌល្អមួយសម្រាប់គាត់៕