បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GOAL បានអោយដឹងថាកីឡាករ McKennie បានត្រលប់មកហ្វឹកហាត់ជាមួយក្លឹប Juventus វិញ បន្ទាប់ពីការឈប់សម្រាក់វិស្សមកាលត្រូវបានបញ្ចប់ ហើយខ្សែបម្រើរូបនេះកំពុងហ្វឹកហាត់ដាច់ដោយឡែកពីក្រុមដំបូង។ កិច្ចសន្យារបស់ខ្សែបម្រើជម្រើសជាតិអាមេរិក នឹងផុតកំណត់នៅឆ្នាំ២០២៥ ហើយក្លឹបអ៊ីតាលីបានធ្វើការសម្រេចចិត្តថាលក់គាត់នៅរដូវក្តៅនេះ ដោយសារតែពួកគេមិនមានបំណងបន្តកិច្ចសន្យារបស់គាត់ឡើយ។
កីឡាករ McKennie ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Fiorentina នៅរដូវក្តៅនេះ បើទោះបីជាប្រាក់ឈ្នួលដ៏ខ្ពស់របស់គាត់បានបង្កជាភាពលំបាកក្នុងការផ្ទេររបស់ក្លឹប Fiorentina ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ សញ្ញាច្បាស់លាស់មួយត្រូវបានផ្ញើទៅកាន់អតីតកីឡាករ Leeds United ទាក់ទងនឹងអនាគតរបស់គាត់ដោយអ្នកចាត់ការ Thiago Motta ខណៈដែលគាត់ត្រូវបានដកចេញពីក្រុមសម្រាប់ការប្រកួតមិត្តភាពរបស់ពួកគេជាមួយក្រុម Brest ។
កីឡាករ McKennie បានបង្ហាញខ្លួន ៣៨ដងក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុន ប៉ុន្តែច្បាស់ណាស់លោក Motta ជឿថាកីឡាកររូបនេះមិនមានចំណែកក្នុងការលេងនៅក្នុងគម្រោងរបស់ក្លឹប Juventus នោះទេ។ ក្រៅពីក្លឹប Fiorentina គាត់ក៏បានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Aston Villa នៅ Premier League ផងដែរ។
ក្លឹប Juventus សង្ឃឹមថានឹងបញ្ចប់ការលក់ក្នុងពេលឆាប់ៗនេះ ខណៈដែលពួកគេសម្លឹងរកការពង្រឹងក្រុមរបស់ពួកគេនៅមុនរដូវកាលថ្មី។ ក្លឹប Juventus នឹងចាប់ផ្តើមយុទ្ធនាការរដូវកាលថ្មីរបស់ពួកគេ ដោយត្រូវប្រកួតជាមួយក្រុម Como ដែលទើបនឹងឡើងមកកាន់ Serie A នៅថ្ងៃទី១៩ ខែសីហា៕