បរទេស៖ សំណួរអំពីអនាគតរបស់ Merino មើលទៅជិតដល់ទីបញ្ចប់ហើយ ខណៈដែលការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាខ្សែបម្រើសញ្ជាតិអេស្ប៉ាញបានសម្រេចចិត្តរើសយកក្លឹប Arsenal និងច្រានចោលក្លឹប Barcelona។ លោក Mikel Arteta ត្រូវបានគេជឿថាមានចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាករវ័យ ២៨ឆ្នាំមកកាន់ទឹកដី Emirates ខណៈដែលគ្រូបង្វឹកថ្មីរបស់ក្លឹប Barca លោក Hansi Flick ត្រូវបានគេរាយការណ៍ថាជាអ្នកគាំទ្រដ៏ធំរបស់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញម្នាក់នេះ។
កីឡាករ Merino នឹងក្លាយជាកីឡាករដែលនឹងមកពង្រឹងនៅតំបន់បម្រើរបស់ក្លឹប Arsenal ហើយកីឡាកររូបនេះបានជ្រើសរើសក្លឹបកាំភ្លើងធំ ក៏ដោយសារទទួលស្គាល់នៅការរីកចម្រើនរបស់ក្លឹបភាគខាងជើងទីក្រុងឡុងដ៍ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរបស់ពួកគេ។ ការមកកាន់ Premier League អាចជាកត្តាដ៏ធំមួយនៅក្នុងការសម្រេចចិត្តរបស់ Merino ដោយសារតែការសន្យានៃការប្រកួតប្រជែងដណ្តើមពាន Premier League និង Champions League ធ្វើឱ្យវាក្លាយជាសំណើដ៏គួរឱ្យទាក់ទាញមួយ។
កីឡាករ Merino បានលេង ៤៥ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់កាលពីរដូវកាលមុនសម្រាប់ក្លឹប Real Sociedad ហើយបានជួយក្លឹបអោយបញ្ចប់នៅចំណាត់ថ្នាក់លេខ៥ នៅ La Liga។ សម្រាប់ក្រុមជម្រើសជាតិគាត់បានបង្ហាញខ្លួន ២៨ដង ដោយស៊ុតបញ្ចូលទីបាន ៨គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបាន ៥ដង។
កីឡាករ Merino នឹងរង់ចាំដោយអត់ធ្មត់ចំពោះកិច្ចព្រមព្រៀងមួយដែលត្រូវបានយល់ព្រមជាមួយក្លឹប Arsenal ខណៈរដូវកាលថ្មីខិតជិតចូលមកដល់។ តាមប្រភពព័ត៌មានមួយបានអោយដឹងថាខ្សែបម្រើរូបនេះអាចមានតម្លៃប្រមាណលើស ៣០លានផោន៕