បរទេស៖ កីឡាករ Lookman គឺជាតារាដ៏សំខាន់មួយរូបសម្រាប់ក្រុម Atalanta កាលពីរដូវកាលមុន បន្ទាប់ពីបានជួយក្រុមអ៊ីតាលីឈ្នះពាន Europa League ដែលជាពានធំដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៦៣មក។ ទោះជាយ៉ាងណាក៏ដោយ ខ្សែបម្រើស្លាបសញ្ជាតិនីហ្សេរីយ៉ាកំពុងសម្លឹងមើលការចាកចេញពីក្លឹបនៅរដូវក្តៅនេះជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Paris Saint-Germain ខណៈក្លឹបយក្សនៅ Ligue 1 បានបរាជ័យក្នុងការដាក់សំណើរទៅកាន់ក្លឹប Atalanta។

នេះបើយោងតាមការចេញផ្សាយរបស់ Sportitalia បានអះអាងថាក្លឹប Arsenal កំពុងសម្លឹងមើលការដាក់សំណើរផ្ទេររូបគាត់នៅរដូវក្តៅនេះ។ ប្រភពដដែលបានអោយដឹងថាក្លឹបកាំភ្លើងធំកំពុងរៀបចំការដាក់សំណើរមានតម្លៃ ៥០លានអឺរ៉ូ បូកនឹងប្រាក់រង្វាន់ ប៉ុន្តែអាចនឹងដាក់បញ្ចូលនៅកីឡាករ Jakub Kiwior ទៅនៅកិច្ចព្រមព្រៀងមួយនេះដើម្បីបញ្ចុះតម្លៃផ្ទេរ។ ការខ្ចីជើងជាមួយនឹងលក្ខខណ្ឌទិញផ្តាច់ក៏ជាជម្រើសមួយដែលអាចកើតឡើងនៅក្នុងដោះដូរដែលខិតជិតនឹងបិទផងដែរ។

កីឡាករ Lookman មិនបានចូលរួមជាមួយក្រុម Atalanta សម្រាប់ការប្រកួតបើករដូវកាលកាលពីថ្ងៃចន្ទជាមួយក្រុម Lecce តាមការទាមទាររបស់កីឡាករ។ យោងតាមរបាយការណ៍របស់ Sportitalia បានអោយដឹងថាគាត់បានបដិសេធមិនចូលរួមក្នុងការហ្វឹកហាត់នៅថ្ងៃពុធ ទី២១ ខែសីហា ខណៈដែលគាត់មើលទៅបង្ខំឱ្យមានការចាកចេញឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។

កីឡាករវ័យ ២៦ឆ្នាំរូបនេះក៏បានការចាប់អារម្មណ៍ពីក្លឹប Liverpool ជុំវិញការផ្ទេរនៅរដូវក្តៅនេះ ខណៈដែលហង្សក្រហមសម្លឹងរកការចុះហត្ថលេខាលើកដំបូងរបស់ពួកគេក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Arne Slot ។ ជាមួយនឹង Lookman ព្យាយាមបង្ខំការចាកចេញ វាអាចទៅរួចដែលការចាកចេញរបស់គាត់អាចត្រូវបានកើតឡើងមុនទីផ្សារដោះដូរបិទ៕



