បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាកីឡាករ Osimhen បានរាយការណ៍អំពីការទាមទារនៅប្រាក់ឈ្នួល ៥សែនផោនក្នុងមួយសប្តាហ៍ មុននឹងធ្វើការផ្ទេរទៅកាន់ក្លឹប Chelsea។ ប្រសិនជាក្រុមតោខៀវយល់ព្រមតាមការទាមទាររបស់ខ្សែប្រយុទ្ធរូបនេះ វានឹងធ្វើអោយគាត់ក្លាយជាកីឡាករដែលរកចំណូលបានខ្ពស់បំផុតនៅក្នុងក្របខ័ណ្ឌ Premier League ។ ទោះជាយ៉ាងណាក៏ដោយ វាមិនទំនងថាក្លឹបយក្សរបស់អង់គ្លេសនឹងសុខចិត្តចំណាយប្រាក់ដ៏ច្រើនបែបនេះដល់ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ានោះទេ។
ក្លឹប Chelsea កំពុងសម្លឹងមើលការកាត់បន្ថយថ្លៃឈ្នួលរបស់ពួកគេនៅរដូវកាលនេះ ដែលជាហេតុផលចម្បងមួយដែលពួកគេបានសម្រេចចិត្តលក់ Raheem Sterling ចេញ។ លឹបបានចរចាជាមួយក្លឹប Napoli និងភ្នាក់ងាររបស់កីឡាករ Osimhen នៅក្នុងរដូវក្តៅនេះ ប៉ុន្តែនៅតែបរាជ័យក្នុងការឈានដល់ការព្រមព្រៀង។ ដំបូងឡើងពួកគេបានដាក់សំណើរសុំខ្ចីជើងពីក្លឹប Napoli ខណៈពួកគេមិនមានឆន្ទៈក្នុងការផ្តល់អោយតាមតម្លៃផ្តាច់កុងត្រារបស់គាត់ប្រមាណ ១៣០លានអឺរ៉ូ។
កីឡាករ Osimhen រំពឹងថានឹងអាចចាកចេញពី Serie A នៅក្នុងរដូវក្តៅនេះ បន្ទាប់ពីបានស្នើរសុំក្លឹបក្នុងការចាកចេញ។ ទោះបីជាយ៉ាងណាក៏ដោយ កាផ្ទេររបស់គាត់ទៅ Stamford Bridge នឹងអាស្រ័យលើថាតើគាត់នឹងយល់ព្រមកាត់បន្ថយការទាមទារប្រាក់ឈ្នួលរបស់គាត់ដែរឬទេ។ ក្លឹប Paris Saint-Germain ក៏ចាប់អារម្មណ៍លើការចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះផងដែរ ខណៈដែល Arsenal ត្រូវបានគេនិយាយថាកំពុងស្ថិតនៅក្នុងការពិភាក្សាផ្ទៃក្នុង ស្របដែលពួកគេបន្តតាមដានស្ថានភាពរបស់គាត់។
ក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៍ត្រូវបានគេរាយការណ៍ថាបានកំណត់ជម្រើសជំនួសក្នុងករណីដែលពួកគេខកខានក្នុងការផ្ទេរយកតារាឆ្នើមរបស់ក្លឹប Napoli ខណៈដែលពួកគេកំពុងមានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីរបស់ក្លឹប Juventus កីឡាករ Federico Chiesa និងខ្សែប្រយុទ្ធក្រុម Everton កីឡាករ Dominic Calvert-Lewin ៕