បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានឱ្យដឹងថាក្លឹប Man City មិនទាន់ទទួលបានការផ្តល់ជូនណាមួយសម្រាប់កីឡាករសញ្ញាតិព័រទុយហ្គាល់ ឫក៏ធ្វើការសម្រេចចិត្តថាតើគាត់គួរចាកចេញឬអត់ មុនពេលទីផ្សារដោះដូរកីឡាករបិទនៅចុងខែនេះ។ ឥឡូវនេះក្លឹប Atletico កំពុងពិចារណាលើការខ្ចីជើងកីឡាករវ័យ ២៥ឆ្នាំរូបនេះ បន្ទាប់ពីបានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Julian Alvarez ពីក្រុមរបស់លោក Pep Guardiola កាលពីដើមខែនេះ។
កីឡាករ Nunes បានផ្ទេរពីក្លឹប Wolves មកកាន់ក្លឹប City កាលពីរដូវក្តៅមុនក្នុងតម្លៃ ៥៣លានផោន ប៉ុន្តែបានចាប់ផ្តើមក្នុងជម្រើសដំបូងត្រឹមតែ ៧ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៧ប្រកួតនៅ Premier League ដែលគាត់បានបង្ហាញខ្លួនឱ្យក្លឹបកាលពីរដូវកាលមុន។ ជាងនេះទៅទៀត កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះគឺជាកីឡាករបម្រុងដែលមិនអាចចូលលេងបានក្នុងជ័យជម្នះ ២-០ លើក្រុម Chelsea ហើយបានក្លាយជាកីឡាករបម្រុងម្តងទៀតនៅចុងសប្តាហ៍មុនក្រោយជ័យជម្នះ ៤-១ ទល់នឹងក្រុម Ipswich Town ។ ជាមួយនឹង Ilkay Gundogan ចុះហត្ថលេខាត្រលប់មកកាន់ក្លឹបវិញ ការខ្ចីជើងទៅកាន់ក្លឹបផ្សេងគឺជាជម្រើសដ៏ល្អសម្រាប់គាត់ ដែលអាចទទួលបានម៉ោងលេងធម្មតា។
កីឡាករ Nunes បានចូលរួមជាមួយក្រុម Wolves ពីក្លឹប Sporting Lisbon ក្នុងឆ្នាំ២០២២ និងបានលេង ៤១ដងសម្រាប់ក្រុម ក្នុងរដូវកាលនោះ មុននឹងធ្វើដំណើរទៅកាន់ Etihad កាលពីមួយឆ្នាំមុន។
ប្រសិនជា Nunes ចង់ចាកចេញពីក្លឹប City ក្នុងលក្ខខណ្ឌខ្ចីជើង គាត់នៅសល់ពេលដែលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ខណៈដែលទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃទី៣០ ខែសីហា។ មួយថ្ងៃបន្ទាប់ពីការបិទទីផ្សារដោះដូរក្លឹប Man City នឹងត្រូវទទួលក្រុម West Ham ក្នុង Premier League ៕