បរទេស៖ អ្នកកាសែតឈ្មោះ Resat Can Ozbudak បានបញ្ជាក់ថាអតីតកីឡាករជម្រើសជាតិអង់គ្លេស និងជាខ្សែការពាររបស់ក្លឹប Newcastle United កីឡាករ Trippier កំពុងមានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្លឹបនៅទួរគី Super Lig ។ កីឡាកររូបនេះត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Eyupspor របស់ប្រទេសទួរគី ដែលគ្រប់គ្រងដោយអតីតខ្សែបម្រើ Barcelona និង Atletico Madrid លោក Arda Turan ហើយឥឡូវនេះកំពុងចរចាលើកិច្ចសន្យាដែលមានស្រាប់របស់គាត់ជាមួយក្លឹបសារិកាព្រៃ។
កីឡាករ Trippier ដែលថ្មីៗនេះបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ហើយកុងត្រារបស់គាត់ជាមួយក្លឹប Newcastle បានមកដល់ឆ្នាំចុងក្រោយដូចគ្នា។ មុននេះ សារព័ត៌មាន The Athletic បានរាយការណ៍ថា ខ្សែការពាររូបនេះចង់ចាកចេញពីក្លឹបនៅ Premier League នារដូវក្តៅនេះ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ Saudi Pro League ។
ខណៈពេលដែលទីផ្សារដោះដូរកីឡាកររដូវក្តៅនៅក្នុងក្របខ័ណ្ឌ Premier League បានបិទនៅថ្ងៃទី៣០ ខែសីហា ប៉ុន្តែទីផ្សារដោះដូរកីឡាករនៅ Super Lig របស់ទួរគីនៅតែបើករហូតដល់ថ្ងៃទី១៨ ខែកញ្ញា។ ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះនឹងសង្ឃឹមថានឹងបញ្ចប់ការចរចាជាមួយក្រុមសារិកាព្រៃ នៅប៉ុន្មានថ្ងៃខាងមុខ មុនពេលបញ្ចប់ការផ្ទេររបស់គាត់ទៅកាន់ប្រទេសទួរគី។
ក្រុមរបស់លោក Eddie Howe ដែលមាន ៤ពិន្ទុនៅក្នុងដៃ ក្រោយប្រកួតបាន ២ដង នឹងត្រូវប្រកួតបន្ទាប់នៅថ្ងៃអាទិត្យ ខណៈដែលពួកគេទទួលក្រុម Tottenham Hotspur ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ៕