បរទេស៖ កីឡាករ Antony តែងតែទទួលការរិះគន់ចំពោះទម្រង់លេងរបស់គាត់ក្នុងពេលលេងអោយក្លឹប United។ ទោះបីជាត្រូវបានផ្តល់ឱកាសជាច្រើនដោយអ្នកចាត់ការ Erik ten Hag ក៏ដោយក៏គាត់បានបរាជ័យជាបន្តបន្ទាប់ក្នុងការបង្ហាញនៅភាពល្អរបស់ខ្លួន ហើយត្រូវបានគេចាត់ទុកថាជាអ្នកចុះហត្ថលេខាដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ក្លឹប។
នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹបបានចុះហត្ថលេខាយកគាត់ក្នុងតម្លៃ ៨៦លានផោន ពីក្លឹប Ajax កាលពីរដូវក្តៅឆ្នាំ២០២២ ហើយការបង្ហាញខ្លួនរបស់ Antony គឺមិនអាចតាមការរំពឹងទុករបស់ក្លឹបនោះទេ។ នៅពេលនេះក្លឹបមានឆន្ទៈក្នុងការលក់គាត់ចេញសម្រាប់សំណើរដែលមានតម្លៃ ៤០លានផោន ខណៈពួកគេសម្លឹងរកមើលការកាត់បន្ថយនៅការខាតបង់ពីគាត់។
របាយការណ៍បានលើកឡើងបន្ថែមទៀតថា United ក៏កំពុងថ្លឹងថ្លែងថាតើត្រូវដាក់កីឡាករ Antony អោយក្លឹបផ្សេងខ្ចីជើង ដើម្បីអាចបង្កើនតម្លៃរបស់គាត់មុនរដូវកាលរដូវក្តៅឆ្នាំ២០២៥។
សរុបមកកីឡាករ Antony បានលេង ៨៥ប្រកួតឱ្យក្លឹប ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ៥ដង។ គាត់ទើបតែបង្ហាញខ្លួនបាន ៤ប្រកួតប៉ុណ្ណោះនៅក្នុងរដូវកាលនេះ ហើយក្នុងនោះមានម្តងនៅក្របខណ្ឌ Premier League។
កីឡាករ Antony មានសង្ឃឹមថានឹងអាចបង្ហាញខ្លួនម្តងទៀតអោយក្លឹប Man Utd នៅក្នុងការប្រកួតថ្ងៃសៅរ៍នេះ ពេលប៉ះជាមួយក្លឹប Brentford៕