បរទេស៖ កីឡាករ Alexander-Arnold ដែលបានដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះរបស់ក្លឹប Liverpool ១-០ លើក្លឹប RB Leipzig ក្នុងក្របខ័ណ្ឌ Champions League កាលពីដើមសប្តាហ៍នេះ កំពុងមានពាក្យចចាមអារ៉ាមថាកំពុងស្ថិតនៅលើកំពូលតារាងដែលក្លឹប Real Madrid ចង់បានសម្រាប់ខ្សែការពារស្តាំថ្មី។ គាត់នឹងឈានចូលដល់រយៈពេលប្រាំមួយខែចុងក្រោយនៃកិច្ចព្រមព្រៀងរបស់គាត់នៅក្នុងខែមករាខាងមុខ ហើយនឹងមានសេរីភាពក្នុងការចរចាជាមួយក្លឹបបរទេសដែលធ្វើឱ្យ Liverpool ងាយនឹងបាត់បង់គាត់ដោយគ្មានបានអ្វីទាំងអស់។
ក្លឹប Real Madrid កំពុងស្ថិតក្នុងទីផ្សារសម្រាប់ការស្វែងរកអ្នកជំនួសរយៈពេលយូរសម្រាប់ Dani Carvajal ដែលរបួសជង្គង់ថ្មីៗនេះ ហើយនឹងត្រូវសម្រាក់ព្យាបាលដល់ខែតុលា ឆ្នាំ២០២៥។ ជាមួយនឹងពាក្យចចាមអារ៉ាមជុំវិញអនាគតរបស់កីឡាករ Alexander-Arnold លោក Arne Slot អ្នកចាត់ការក្លឹប Liverpool នៅតែមានសង្ឃឹមថាកីឡាករដែលចេញពីក្រុមយុវជនរបស់ក្លឹប នឹងបន្តកុងត្រាថ្មី។ ទោះបីជាយ៉ាងណាក៏ដោយ មិនមែនមនុស្សគ្រប់គ្នាមានភាពសុទិដ្ឋិនិយមដូចលោក Slot នោះទេ ខណៈបើយោងតាមការចេញផ្សាយរបស់លោក Tim Sherwood អ្នកសារព័ត៌មាន Sky Sports បានអោយដឹងអំពីភាពងឿងឆ្ងល់ដែលក្លឹបមួយនេះអាចរក្សាទុកខ្សែការពារ Alexander-Arnold បាន។
លោក Sherwood បាននិយាយថា៖ “ខ្ញុំគិតថាជាមួយ Trent ខ្ញុំគិតថាគាត់នឹងចាកចេញ។ នៅពេលដែល Real Madrid មករកគាត់… គាត់បានឈ្នះគ្រប់យ៉ាងនៅក្លឹបបាល់ទាត់ និងជាកីឡាករដ៏អស្ចារ្យម្នាក់ ប៉ុន្តែមិនមានឱកាសដែលពួកគេរក្សាទុកគាត់បានទេ”។
កីឡាករ Alexander-Arnold មិនមែនជាកីឡាករតែម្នាក់គត់នៅ Liverpool ដែលជិតផុតកុងត្រារបស់គាត់ ខណៈដែល Virgil van Dijk និង Mohamed Salah ដែលជាសមាជិកសំខាន់ពីររូបផ្សេងទៀតនៃក្រុមក៏កំពុងខិតជិតដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ពួកគេ ដែលបង្កើនការព្រួយបារម្ភបន្ថែមទៀតសម្រាប់ក្លឹប។
នៅពេលសួរថាតើ Slot អាចជួយបញ្ចុះបញ្ចូលអ្នកទាំងបីឱ្យបន្តនៅ Anfield ដែរឬទេ? លោក Sherwood បានប្រកែកថាឥទ្ធិពលនៃការចាប់ផ្តើមដ៏រឹងមាំរបស់ Liverpool ក្នុងរដូវកាលនេះអាចជារឿងសំខាន់។
គាត់បាននិយាយថា៖ “វាអាចជួយ។ យើងកំពុងនិយាយអំពីកីឡាករលំដាប់ពិភពលោកចំនួនបីនាក់ដែលចង់ឈ្នះពានរង្វាន់។ ពួកគេមិនចាប់អារម្មណ៍ក្នុងការប្រយុទ្ធដើម្បីដណ្តើមតំណែងជើងឯក Champions League នោះទេ ពួកគេចង់លើកពាន ហើយការចាប់ផ្តើមរដូវកាលដ៏រឹងមាំអាចជួយដល់ករណីរបស់ Liverpool ប៉ុណ្ណោះ។ ជាមួយ Virgil van Dijk និង Mohamed Salah ខ្ញុំគិតថាវាខុសគ្នាទាំងស្រុងព្រោះខ្ញុំមិនប្រាកដថាពួកគេនឹងទៅទីណាដែលល្អជាង Liverpool នោះទេ”។
ក្លឹប Liverpool កំពុងនាំមុខគេក្នុងតារាង Premier League ប៉ុន្តែត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងរឹងមួយជាមួយនឹងក្លឹប Arsenal នៅ Emirates នាសប្តាហ៍នេះ។ កីឡាករ Alexander-Arnold, Van Dijk និង Salah នឹងបង្ហាញខ្លួននៅចុងសប្តាហ៍ ហើយអ្នកទាំងបីត្រូវតែបង្ហាញទម្រង់លេងយ៉ាងល្អ ដើម្បីរក្សាតំណែងកំពុងតារាអោយក្លឹប Liverpool៕