បរទេស៖ អ្នកចាំទី Onana បានទទួលរងនូវការរិះគន់ជាច្រើនក្នុងអំឡុងពេលដែលគាត់នៅក្លឹប Manchester United ដែលត្រូវបានគេរិះគន់ពាក់ព័ន្ធទៅនឹងការបង្កកំហុសជាច្រើន។ ក្លឹបបិសាចក្រហមត្រូវបានគេនិយាយថាលក់អ្នកចាំទីរូបនេះចេញក្នុងរដូវក្តៅនេះ ហើយសង្ឃឹមថានឹងអាចលក់គាត់ទៅកាន់ Saudi Pro League ។ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាអ្នកចាំទី Onana ចង់បន្តនៅ Old Trafford ហើយនឹងពិចារណាការផ្ទេរទៅកាន់មជ្ឈឹមបូព៌ាប្រសិនបើគាត់ត្រូវបានប្រាប់ថាក្លឹបលែងចង់បានគាត់ទៀត។
ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរំពឹងថានឹងធ្វើការផ្លាស់ប្តូរក្រុមនៅក្នុងរដូវក្តៅនេះ ខណៈពួកគេចាប់អារម្មណ៍ទៅលើអ្នកចាំទី Senne Lammens របស់ Royal Antwerp និង Lucas Chevalier របស់ Lille ។ លោក Ruben Amorim ប្រហែលជាត្រូវបន្ថែមអ្នកចាំទីម្នាក់ទៀតមិនថាមានអ្វីកើតឡើងជាមួយ Onana ខណៈដែលអ្នកចាំទី Tom Heaton អាយុ ៣៨ឆ្នាំត្រូវបានគេរំពឹងថានឹងចូលនិវត្តន៍ ហើយអ្នកចាំទី Altay Bayindir អាចចាកចេញដើម្បីស្វែងរកពេលវេលាលេងបន្ថែមទៀត។
អ្នកចាំទី Onana បានបង្ហាញខ្លួន ៦៧ ប្រកួតនៅ Premier League កំឡុងពេលគាត់នៅ Manchester United ហើយគាត់បានរក្សាសំណាញ់ទីបាន ១៧ដង ដោយមិនអោយរបូតគ្រាប់បាល់។
អ្នកចាំទី Onana និងក្លឹប Man Utd ត្រលប់មកប្រកួតវិញបន្ទាប់ពីការសម្រាកអន្តរជាតិ ដោយក្រុមនឹងធ្វើការប្រកួតនៅ Premier League ជាមួយក្រុម Nottingham Forest នៅ City Ground នាថ្ងៃទី១ ខែមេសា៕