បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Real Madrid គ្រោងនឹងចុះហត្ថលេខាឡើងវិញនូវកីឡាករ Kepa Arrizabalaga របស់ Chelsea ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅ Bournemouth ក្នុងស្ថានភាពដែល Andriy Lunin ចាកចេញពីក្លឹបដើម្បីស្វែងរកពេលវេលាលេងបន្ថែមទៀតនៅក្លឹបផ្សេង។
កាលពីរដូវកាលមុន Lunin គឺជាវីរបុរសម្នាក់សម្រាប់ក្រុម Real Madrid ខណៈដែលពួកគេបានលើកពាន La Liga និង Champions League បន្ទាប់ពីអ្នកចាំទីដៃទី១ កីឡាករ Thibaut Courtois បានរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរនៅមុនរដូវកាលមុនរដូវកាល ២០២៣-២៤។ ជាការពិតណាស់ Real Madrid បានចុះហត្ថលេខាលើអ្នកចាំទី Kepa ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Chelsea ហើយនៅគ្រានោះលោក Carlo Ancelotti ថែមទាំងពេញចិត្តអ្នកចាំទីរូបនេះជាជាង Lunin នៅប៉ុន្មានខែដំបូងនៃរដូវកាលនេះ។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិអ៊ុយក្រែនបានដណ្តើមយកជម្រើសដំបូងពីកីឡាករ Kepa ត្រលប់មកវិញក្រោមការដឹកនាំរបស់លោក Ancelotti ដោយគាត់បានបង្ហាញខ្លួន ៣១ដងនៅក្នុងការប្រកួតទាំងអស់។ នៅក្នុងរដូវកាលនេះ ជាមួយនឹងការវិលត្រឡប់របស់ Courtois មកកាន់តំណែងធម្មតាវិញ ធ្វើអោយតួនាទីរបស់ Lunin ត្រូវបានកាត់បន្ថយ ហើយត្រលប់មកធ្វើជាអ្នកចាំទីបម្រុងវិញ ដោយគាត់ទើបតែបង្ហាញខ្លួនបាន ១០ដងប៉ុណ្ណោះ។
អ្នកចាំទី Lunin បានបន្តកិច្ចសន្យាថ្មិជាមួយក្លឹប Real Madrid រហូតដល់ឆ្នាំ២០៣០ ខណៈមានពាក្យចចាមអារ៉ាមក្នុងការចាកចេញពីក្លឹបក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបបើកទូលាយក្នុងការទទួលសំណើរផ្ទេរ ហើយអាចអនុញ្ញាតឱ្យគាត់ចាកចេញ ប្រសិនបើទទួលបានសំណើរក្នុងតម្លៃសមរម្យមួយ ខណៈដែលអ្នកចាំទី Lunin ចង់ស្វែងរកតួនាទីជាជម្រើសដំបូងនៅក្លឹបផ្សេង ស្របពេលដែលភ្នាក់ងាររបស់គាត់លោក Jorge Mendes កំពុងធ្វើការលើរឿងនេះ។ ប្រសិនបើគាត់ចាកចេញ ក្លឹប Real Madrid គ្រោងនឹងនាំយក Kepa មកវិញ ខណៈដែលអ្នកចាំទីរូបនេះធ្លាប់បង្ហាញទម្រង់លេងដ៏ទាក់ទាញកំឡុងពេលខ្ចីជើងនៅក្លឹបយក្សអេស្ប៉ាញការពីរដូវកាលមុន ហើយគាត់គឺស័ក្តិសមក្នុងការមកធ្វើជាអ្នកបម្រុងដ៏រឹងមាំសម្រាប់ Courtois ។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ Sky Sports អ្នកចាំទី Kepa បានរំឮកពីពេលវេលារបស់គាត់នៅ Real Madrid ថា៖ “មួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែខ្ញុំរីករាយណាស់។ ឈ្នះ La Liga និង UCL ។ ជាក់ស្តែងខ្ញុំមានទម្រង់លេងឡើង ចុះ។ កំពុងចាប់ផ្តើមការប្រកួត របួស និងចាប់ផ្តើមលេងតិច ប៉ុន្តែខ្ញុំមានអារម្មណ៍ថាសំខាន់នៅក្នុងក្រុម។ យើងចាញ់តែ ២ដង ប៉ុណ្ណោះក្នុង ៦០-៧០ប្រកួត”។
ពាក្យរបស់គាត់ច្បាស់ណាស់ឆ្លុះបញ្ចាំងថាគាត់ចូលចិត្តនៅ Bernabeu ហើយថាការត្រឡប់មកវិញនាពេលអនាគតអាចនៅតែមាន ប្រសិនបើក្លឹប Real Madrid ចង់បានគាត់។ ខណៈពេលដែលអនាគតរបស់គាត់នៅតែស្ថិតក្នុងការពិភាក្សា គាត់នឹងត្រលប់មកជួយក្រុម Bournemouth នៅចុងសប្តាហ៍នេះ នៅពេលដែលពួកគេជួប Manchester City ក្នុងការប្រកួត FA Cup វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យទី៣០ ខែមីនា៕