បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាទម្រង់លេងដ៏អស្ចារ្យរបស់ Julian Alvarez សម្រាប់ Atletico Madrid ក្នុងយុទ្ធនាការដំបូងរបស់គាត់នៅក្នុងប្រទេសអេស្ប៉ាញបានទាក់ទាញក្លឹបកំពូលៗជាច្រើនដូចជា Bayern Munich, Barcelona, Liverpool និង Arsenal ខណៈក្លឹបកាំភ្លើងកំពុងជំរុញខ្លាំងបំផុតសម្រាប់ការផ្ទេរខ្សែប្រយុទ្ធរូបនេះ។ លោក Mikel Arteta កំពុងស្ថិតក្នុងបេសកកម្មដើម្បីធ្វើការផ្លាស់ប្តូរដ៏សំខាន់សម្រាប់ក្រុមរបស់គាត់នៅរដូវក្តៅនេះ ហើយការពង្រឹងតំបន់ប្រយុទ្ធគឺជាជម្រើសអាទិភាពបំផុតរបស់គាត់។
ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍អាចនឹងមានការពិបាកក្នុងការធ្វើឱ្យមានការវិវឌ្ឍណាមួយក្នុងការតាមប្រមាញ់កីឡាករ Alvarez ពីព្រោះបើយោងតាមការផ្សាយរបស់ Marca បានអះអាងផងដែរថាកីឡាករសញ្ជាតិអាហ្សង់ទីនបានតាំងទីលំនៅក្នុងទីក្រុងម៉ាឌ្រីដ ហើយមិនមានចំណាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញនៅរដូវក្តៅនេះទេ៕