បរទេស៖ កីឡាករ Oleksandr Zinchenko បានធ្លាក់ចេញពីការពេញចិត្តក្រោមការដឹកនាំរបស់លោក Mikel Arteta នៅ Arsenal ខណៈដែលគាត់បានលេងត្រឹមតែ ៥២២នាទីប៉ុណ្ណោះនៅ Premier League សម្រាប់ការបង្ហាញខ្លួន ១៥ដងក្នុងយុទ្ធនាការ ២០២៤-២៥ ។ បន្ទាប់ពីត្រូវបានចាត់ទុកថាជាចំណែកលើសរបស់ក្រុមលោក Arteta បានធ្វើអោយក្រុមកាំភ្លើងធំកំពុងពិចារណាចែកផ្លូវជាមួយកីឡាករនៅមុនរដូវកាលថ្មី។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Fulham បានចូលរួមការប្រណាំងប្រជែងក្នុងការផ្ទេរយកកីឡាករ Zinchenko នៅរដូវក្តៅនេះ ខណៈដែលពួកគេរំពឹងលើការផ្ទេរមានតម្លៃ ១០លានផោន បើទោះបីជា Arsenal ដាក់តម្លៃគាត់ ១២.៧លានផោនក៏ដោយ។ តារាអ៊ុយក្រែនរូបនេះបានចូលរួមជាមួយក្លឹបពី Manchester City ក្នុងឆ្នាំ២០២២ ក្នុងតម្លៃ ៣២លានផោន ដែលមានន័យថាក្រុមភាគខាងជើងទីក្រុងឡុងដ៍គ្រោងនឹងត្រូវខាតបង់យ៉ាងច្រើនសម្រាប់កីឡាកររូបនេះ៕



