បរទេស៖ កីឡាករ Lionel Messi ដែលជាម្ចាស់ពាន Ballon d’Or ចំនួន ៨ សម័យកាល បានបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួនក្នុងការប្រកួតទល់នឹងក្រុមវ៉េណេស៊ុយអេឡា។ ការប្រកួតនេះត្រូវបានគេរំពឹងថាជាការបង្ហាញខ្លួនលើកចុងក្រោយរបស់គាត់ក្នុងការប្រកួតផ្លូវការសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីននៅលើទឹកដីកំណើតរបស់ខ្លួន។
ប្រសិនបើនេះជាការពិត គាត់បានបញ្ចប់អាជីពដ៏អស្ចារ្យរបស់គាត់នៅលើទឹកដីកំណើត ដោយរកបានពីរគ្រាប់ក្នុងការប្រកួតដែលអាហ្សង់ទីនបានយកឈ្នះ ៣-០។ គ្មានហានិភ័យណាមួយនឹងត្រូវប្រថុយលើកាយសម្បទារបស់គាត់ក្នុងការប្រកួតទល់នឹងអេក្វាឌ័រនោះទេ ដោយសារតែអាហ្សង់ទីនបានកក់កៅអីរបស់ពួកគេសម្រាប់ World Cup នៅរដូវក្តៅក្រោយរួចទៅហើយ។
នេះគឺជាដំណឹងល្អសម្រាប់ក្លិប Inter Miami ដែលចង់ឃើញប្រធានក្រុមដ៏សំខាន់របស់ពួកគេត្រលប់ទៅរដ្ឋ Florida វិញក្នុងស្ថានភាពល្អបំផុត។ លោក Lionel Scaloni រីករាយនឹងផ្តល់ការសម្រាកដល់កីឡាករដ៏អស្ចារ្យបំផុតគ្រប់សម័យកាលរូបនេះ ខណៈដែលសំណួរនៅតែត្រូវបានគេសួរថា តើគាត់នឹងចូលរួមក្នុង World Cup ឆ្នាំ ២០២៦ ដែរឬទេ។
ក្នុងពេល Messi អវត្តមាន នរណាម្នាក់ផ្សេងទៀតចាំបាច់ត្រូវបោះជំហានឡើងដើម្បីទទួលតួនាទីជាអ្នកបញ្ជូនបាល់ដ៏សំខាន់លេខ ១០។ យោងតាមទូរទស្សន៍ ESPN បានអៅយដឹងថាការទទួលខុសត្រូវនោះនឹងត្រូវប្រគល់ទៅឱ្យកីឡាករ Almada។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះ ដែលធ្លាប់បានលេងយ៉ាងលេចធ្លោនៅលីគ MLS សម្រាប់ក្លិប Atlanta United ឥឡូវនេះកំពុងលេងនៅលីគ La Liga ជាមួយក្លិប Atletico Madrid។
គាត់ទើបតែបង្ហាញខ្លួនបាន ១១ ប្រកួតសម្រាប់ក្រុមជម្រើសជាតិរបស់គាត់ ប៉ុន្តែគាត់ធ្លាប់ជាផ្នែកមួយនៃក្រុមជ័យជម្នះនៅ World Cup ឆ្នាំ ២០២២ នៅប្រទេសកាតារ។ កីឡាករ Almada ត្រូវបានគេជឿជាក់ថានឹងផ្តល់នូវភាពច្នៃប្រឌិត ដែលធានាថានឹងមិនធ្វើឱ្យក្រុមនឹកការដល់វត្តមានរបស់ Messi នោះទេ៕