ការប្រកួតបាល់ទាត់លីគយុវជន U16 និង U19 ចាប់ផ្តើមកសាងធនធានជាថ្មី នៅរដូវកាល ២០២៤

ភ្នំពេញ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​រៀបចំ​សិក្ខាសាលា​បង្ហាញ​ពី​ច្បាប់​ការ​ប្រកួត និង​បទ​បញ្ជាការ​បច្ចេកទេស​-​គ្រប់គ្រង​ការ​ប្រកួត ព្រមទាំង​ចាប់ឆ្នោត​ជ្រើសរើស​គូប្រកួត​បាល់ទាត់​ជម្រើស​ជើងឯក​ខេ​ម​បូ​ឌា​ន​លី​គ​យុវជន​អាយ​ក្រោម​១៦​ឆ្នាំ និង​ក្រោម​១៩​ឆ្នាំ (Cambodian Youth League) កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​សហព័ន្ធ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។ នេះ​ជា​ព្រឹត្តិការណ៍​បាល់ទាត់​យុវជន​របស់​កម្ពុជា​រដូវ​កាល​ថ្មី​មួយ​ក្នុង​ឆ្នាំ​២០២៤ ដើម្បី​កសាង​ធនធាន ដោយ​ការ​ប្រកួត​លី​គ​កម្រិត​យុវជន​នេះ​ធ្លាប់​បាន​ធ្វើ​ជា​ច្រើន​លើក ប៉ុន្តែ​ខកខាន​ច្រើន​ឆ្នាំ​កន្លង​មក​។

ការ​ប្រកួត​ជម្រើស​ជើងឯក​លី​គ​យុវជន អាយុ​ក្រោម​១៦​ឆ្នាំ និង​១៩​ឆ្នាំ ឆ្នាំ​២០២៤​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤ នេះ​តទៅ ដោយ​មាន​សមាគម​-​ក្លឹ​ប​បាល់ទាត់​ចំនួន​១១ សរុប​២០​ក្រុម ដែល​ក្នុង​នោះ U16 មាន​១០​ក្រុម និង​U19 មាន​១០​ក្រុម​ដូច​គ្នា​។ ការ​ប្រកួត​ត្រូវ​បែងចែក​ចេញ​ជា​ពីរ​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១​ត្រូវ​ប្រកួត​តាម​រូបមន្ត​លី​គ​២​ជុំ ម្ចាស់ផ្ទះ និង​ភ្ញៀវ និង​ដំណាក់កាល​ទី​២ គឺ​បញ្ចប់​ការ​ប្រកួត​លី​គ​ពីរ​ជុំ ក្រុម​ដែល​មាន​ចំណាត់ថ្នាក់​ពី​លេខ​១​ដល់​លេខ​៤​ត្រូវ​ប្រកួត​៣​ប្រកួត​បន្ថែម ដើម្បី​ជ្រើស​យក​១​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ គ្រង​ម្ចាស់​តំណែង​ជើងឯក ខណៈ​ការ​ប្រកួត​ទាំង​ពីរ​កម្រិត​នេះ​មាន ១៨៦​ប្រកួត រយៈពេល​៦​ខែ​។

ការ​ប្រកួត​ជម្រើស​ជើងឯក ខេ​ម​បូ​ឌា​ន​លី​គ​យុវជន អាយុ​ក្រោម​១៦​ឆ្នាំ និង​១៩​ឆ្នាំ ឆ្នាំ​២០២៤​មាន​សមាគម​-​ក្លឹ​ប​បាល់ទាត់​ចំនួន​១១ សរុប​ចំនួន​២០​ក្រុម ដូច​ជា ក្រុម​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ និង​១៩​ឆ្នាំ មក​ពី​ក្លឹ​ប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ក្លឹ​ប​បាល់ទាត់​បឹង​កេ​ត ក្លឹ​ប​បាល់ទាត់ អាយ អេស អាយ ដង្កោ​សែន​ជ័យ ក្លឹ​ប​បាល់ទាត់​ណា​ហ្គា​វើ​ល​ដ៍ ក្លឹ​ប​បាល់ទាត់​ព្រ​ខ័ន​រាជ​ស្វាយ​រៀង ហ្វូ​តប​ល​ក្លិប ឯ​.​ក ក្លឹ​ប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាគម​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ ក្លឹ​ប​បាល់ទាត់​វិសាខា សាលា​តម្រង់​ទិស​រាជធានី​ភ្នំពេញ និង​ក្រុម​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ របស់​សមាគម​ក្លិប​បាល់ទាត់​សៀមរាប យូ​ណាយ​ធី​ត និង​ក្រុម​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ​របស់​សាលា​កីឡាបាល់ទាត់​ជាតិ​។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​សិក្ខាសាលា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​លោក កែវ សា​រ៉េ​ត អគ្គលេខាធិការ FFC លោក យាន គី​វ​ឌ្ឍ​នា ប្រធាន​នាយកដ្ឋាន​អាជ្ញាកណ្តាល​ស្តីទី FFC ធ្វើ​បទ​បង្ហាញ​ពី​ច្បាប់​ការ​ប្រកួត​កីឡាបាល់ទាត់ និង​លោក កាក់ ឡង​ឌី ប្រធាន​នាយកដ្ឋាន​ប្រកួត FFC បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​បទបញ្ជា​បច្ចេកទេស និង​ការ​រៀបចំ​គ្រប់គ្រង​ការ​ប្រកួត ព្រមទាំង​តំណាង​សមាគម​-​ក្លឹ​ប​ចូលរួម​ផង​ដែរ​៕

ប្រភព៖ AKP

Previous articleThiago Silva បញ្ជាក់ពីការចាកចេញ និងគោលដៅបន្ទាប់របស់គាត់
Next articleក្លឹបមួយនៅអេស្ប៉ាញ បង្ហាញការចាប់អារម្មណ៍ទៅលើ De Gea