ភ្នំពេញ៖ គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា លោក ប៉ាល់ ជីវ័ន បានបង្ហាញពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្លួន ក្នុងការបង្វឹកដល់កីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួនសរុប១៥នាក់ឱ្យមានគុណភាពបច្ចេកទេសល្អ ដើម្បីត្រៀមការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិនានា ជាពិសេសសម្រួចគោលដៅឆ្ពោះទៅចូលរួមការប្រកួតប្រជែងមេដាយជូនជាតិ ពីព្រឹត្តិការណ៍កីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី នៅប្រទេសឥណ្ឌា នាខែសីហា ឆ្នាំ២០២៤។
គ្រូជម្រើសជាតិតេក្វាន់ដូ ITF រូបនេះបានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ ក្នុងឱកាសប្រមូលផ្តុំហ្វឹកហាត់ជម្រើសជាតិថា ការប្រមូលផ្តុំក្រុមជម្រើសជាតិតេក្វាន់ដូ ITF មានចំនួនសរុប ១៥នាក់ ក្នុងនោះមានកីឡាករ ១០នាក់ និងកីឡាការិនី៥នាក់ ដោយការប្រមូលផ្តុំក្រុមជម្រើសជាតិឆ្នាំ២០២៤នេះមានភាពខុសប្លែកពីឆ្នាំមុនបន្តិច គឺចំនួនអត្តពលិកមានចំនួនតិចជាង ប៉ុន្តែក្រសួងអប់រំ យុវជន និងកីឡានៅតែរក្សាបាននូវការប្រមូលផ្តុំលើការស្នាក់នៅ អាហារបំប៉ន របបថវិកាឧបត្ថម្ភ ដូចឆ្នាំកន្លងទៅដែរ។
លោក ប៉ាល់ ជីវ័ន បន្ថែមថា សម្រាប់កម្មវិធីហ្វឹកហាត់ត្រៀមប្រកួតជើងឯកអាស៊ី នៅប្រទេសឥណ្ឌា ដែលនៅសល់ពេលប្រហែល៣ខែនេះ គឺក្នុង១ថ្ងៃៗត្រូវបានធ្វើឡើង៣ពេល ដោយពេលព្រឹកពីម៉ោង ៥ដល់ម៉ោង៧ ពេលថ្ងៃពីម៉ោង ១០:៣០-១២ និងពេលល្ងាច ពីម៉ោង ៥ដល់ម៉ោង៧។ «ការហ្វឹកហាត់ត្រៀមជើងឯកអាស៊ី នៅប្រទេសឥណ្ឌា លើកនេះ គឺយើងបានត្រៀមស្ទើរគ្រប់វិញ្ញាសាទាំងអស់ ទាំងវិញ្ញាសាមេគុន ប្រយុទ្ធ សម្តែង បច្ចេកទេសពិសេសជាដើម។ ជាមួយគ្នានេះ យើងក៏នឹងពិនិត្យមើលលើសិទ្ធផលរបស់កីឡាករ កីឡាការិនីកម្ពុជាថាតើពួកគាត់អាចមានសមត្ថភាពបច្ចេកទេសលើវិញ្ញាសាណាខ្លះ ដែលអាចបញ្ជូនឱ្យគាត់ចូលរួមប្រកួតប្រជែងមេដាយ»។
គ្រូធំរូបនេះសង្កត់ធ្ងន់ថា ៖«ការប្រមូលផ្តុំហ្វឹកហាត់នេះក៏មានគ្រូជំនួយពីរនាក់ទៀតដែរ ដែលគ្រូបង្វឹក និងគ្រូជំនួយប្តេជ្ញាសហការគ្នាប្រឹងប្រែងបង្វឹកដល់សិស្សគុនឱ្យក្រុមជម្រើសជាតិទទួលបានសិទ្ធផលខ្ពស់ៗ ដែលអាចទទួលយកបាន សម្រាប់ការប្រកួតកម្រិតអាស៊ី នាពេលខាងមុខនេះ។ ដោយាសារតែនៅសល់ពេលត្រឹម ៣ខែ យើងក៏មានការព្រួយបារម្ភដែរ ប៉ុន្តែទោះបីជាយ៉ាងណា ក៏យើងទាំងអស់គ្នាកំពុងតាំងចិត្តផ្តោតលើការបង្វឹក និងហ្វឹកហាត់ ដើម្បីសម្រួចគុណភាពបច្ចេកទេសរបស់ក្រុមជម្រើសជាតិឱ្យបាន»។
បន្ថែមពីលើនេះ ក្នុងខែទី១ គ្រូបង្វឹកកំពុតផ្តោតសំខាន់លើផ្នែកស្មារតី ការហាត់សមថាមពលកម្លាំង ហើយចូលដល់ខែទី២ ទើបលោកនឹងផ្តោតសំខាន់លើការបង្វឹកផ្នែកបច្ចេកទេស។ ជាចុងក្រោយ លោក ប៉ាល់ ជីវ័ន បានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលបានផ្តល់ការប្រមូលផ្តុំក្រុមជម្រើសជាតិតេក្វាន់ដូ ITF ក្នុងចំណោមប្រភេទកីឡាជាតិផ្សេងៗទៀត ដើម្បីត្រៀមបញ្ចេញសមត្ថភាពនៅលើឆាកអន្តរជាតិ។ ក្នុងនាមគ្រូបង្វឹកនៃសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោកប្តេជ្ញាពង្រឹងគុណភាព និងការគោរពវិន័យ ស្របតាមការណែនាំពីឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដើម្បីជំរុញឱ្យមានទាំងគុណភាពបច្ចេកទេស និងការគោរពវិន័យឱ្យបានល្អប្រសើរបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់គោលការណ៍ឱ្យសហព័ន្ធកីឡាជាតិចំនួន៣៧បានបោះជំរំហ្វឹកហាត់ជាផ្លូវការហើយ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ដើម្បីត្រៀមអត្តពលិកជម្រើសជាតិចូលរួមព្រឹត្តការណ៍ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ការប្រមូលផ្តុំក្រុមជម្រើជាតិ ឆ្នាំ២០២៤នេះធ្វើឡើងរយៈពេល៦ខែ ២៧ថ្ងៃ ដោយគិតចាប់ពី ថ្ងៃទី២២មេសា ដល់ថ្ងៃទី ១៨ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងចំណោមកីឡាទាំង៣៧ប្រភេទមានគ្រូបង្វឹក កីឡាករ កីឡាការិនី និងអនុរក្ស សរុបចំនួន៧៥០នាក់។ កីឡាទាំង៣៧នេះ មានទាំងប្រភេទកីឡាអូឡាំពិក ប្រភេទកីឡាមិនអូឡាំពិក និងកីឡាអត្តសញ្ញាណជាតិ ចូលរួមប្រមូលផ្តុំហ្វឹកហាត់តាមពេលវេលា ដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ឱ្យដោយមានការចុះជាប់តាមដានពិនិត្យមើលពីអនុរក្សផងដែរ៕
ប្រភព៖ AKP