ភ្នំពេញ៖ បើទោះបីជាក្រុមព្រះខ័នរាជស្វាយរៀងបានឈ្នះម្ចាស់តំណែងជើងឯកខេមបូឌានព្រីមៀរលីគ ដែលជាក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២៣-២០២៤ ហើយក្តី កាលពីពីសប្តាហ៍មុន ក៏ក្រុមព្រះខ័នរាជស្វាយរៀង នៅតែខិតខំប្រឹងប្រែងប្រជែងបាន៣ពិន្ទុបន្ថែមពីក្រុមវិសាខា ដោយលទ្ធផល ៥-១ សម្រាប់ជំនួបសប្តាហ៍ទី២៩ នៃក្រុមកំពូលតារាងទាំង៤ (Top 4) កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។
នៅក្នុងជំនួបដ៏ស្វិតស្វាញនេះ ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងបានបើកការនាំមុខលើវិសាខា ៣-០ ហើយនៅវគ្គទី២ ព្រះខ័នរាជស្វាយរៀង បន្តធ្វើសម្រេចបាន២គ្រាប់បន្ថែម ខណៈគូប្រជែង វិសាខា តាមពីក្រោយបាន១គ្រាប់ដែរ។ ឆ្លងកាត់២៩ប្រកួត ព្រះខ័នរាជស្វាយរៀង ឈ្នះ២៤ប្រកួត ស្មើ៣ប្រកួត និងចាញ់២ប្រកួត មាន៧៥ពិន្ទុ ដោយព្រះខ័នរាជស្វាយរៀងបានគ្រងម្ចាស់ដំណែងជើងឯកលីគកំពូលកម្ពុជា ប្រចាំរដូវកាល ២០២៣-២០២៤ តាំងពីសប្តាហ៍មុនមកម្ល៉េះ នៅក្នុងជំនួបសប្តាហ៍ទី២៨ កន្លងទៅ ក្រោយប្រជែងបាន៣ពិន្ទុពីក្រុមបឹងកេត ៤-១ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ (ដោយសារពិន្ទុឈ្នះដាច់)។
ដោយឡែក១ប្រកួតទៀត ក្នុងជំនួបសប្តាហ៍ទី២៩ ម្សិលមិញនេះដែរ គឺភ្នំពេញក្រោនបានយកឈ្នះបឹងកេត ដោយលទ្ធផល ៥-០។ ចំណាត់ថ្នាក់នៃ Top 4 រួមមាន៖ ព្រះខ័នរាជស្វាយរៀង ៧៥ពិន្ទុ ជើងឯក, ភ្នំពេញក្រោន ៦៧ពិន្ទុ ជើងឯករង, ចំណាត់ថ្នាក់លេខ៣ វិសាខា ៤៧ពិន្ទុ ខណៈបឹងកេត ឈរនៅលំដាប់ទី៤ មាន៤១ពិន្ទុ។ ជ័យលាភីនៃចំណាត់ថ្នាក់នេះមិនមានការប្រែប្រួលនោះទេ ដោយនឹងមានការប្រែប្រួលត្រឹមពិន្ទុប៉ុណ្ណោះ បើទោះបីជាក្រុមទាំង៤ នៅសល់១ប្រកួតចុងក្រោយទៀតដូចៗគ្នាក្តី។
ចំពោះសប្តាហ៍ទី៣០ ដែលជាថ្ងៃប្រកួតចុងក្រោយនៃបញ្ចប់រដូវកាល ២០២៣-២០២៤ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ គឺមាន២ប្រកួតចុងក្រោយ ដែលជាការប្រកួតរវាងក្រុមវិសាខា ប៉ះ បឹងកេត ខណៈ ភ្នំពេញក្រោនប៉ះព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន Smart RSN។ បើតាមការប្រកាសជាផ្លូវការរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បានឱ្យដឹងថា ពិធីបិទការប្រកួត បំពាក់មេដាយ និងប្រគល់ពានជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣-២០២៤ នឹងធ្វើឡើងនៅកីឡដ្ឋាន Smart RSN នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ក្រោយបញ្ចប់ការប្រកួត៕
ប្រភព៖ AKP