ភ្នំពេញ៖ កីឡាករប្រដាល់ជប៉ុនវ័យ៦៣ឆ្នាំ លោក KOZO FUJINAGA ដែលចូលរួមប្រកួតកីឡាប្រដាល់ឃីកបុកស៊ីងសប្បុរសធម៌ កម្ពុជា-ជប៉ុន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅស្តាតអូឡាំពិក ដើម្បីកៀរគរថវិកាជួយដល់កុមារកំព្រាកម្ពុជា បានប្រកាសថា លោកនឹងប្រគល់ជូនថវិកាដែលទទួលបានកម្មវិធីនេះនឹងប្រគល់ជូនដល់មូលនិធីកុមារកម្ពុជាទាំងអស់។
នេះជាការបញ្ជាក់របស់លោក KOZO FUJINAGA នៅក្នុងឱកាសសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅ TV-Tower រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍កីឡាប្រដាល់ឃីកបុកស៊ីងសប្បុរសធម៌ កម្ពុជា-ជប៉ុន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅស្តាតអូឡាំពិក ដើម្បីកៀរគរថវិកាជួយដល់កុមារកំព្រាកម្ពុជា ដោយមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជាប៉ះជាមួយអ្នកប្រដាល់ជើងខ្លាំងជប៉ុន ក្រោមការសហការរវាង TV TOWER និងសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា។
លោក KOZO FUJINAGA គូសបញ្ជាក់ថា ដោយសារតែលោកបានឃើញពីព្រឹត្តិការណ៍ប្រកួតប្រដាល់មិត្តភាពកម្ពុជា-ជប៉ុនធ្វើឡើង ដើម្បីកុមារកំព្រាកម្ពុជា ទើបលោកចេញមកប្រកួតនៅសង្វៀននៅកម្ពុជា ហើយដើម្បីជួយកុមារកម្ពុជា។ ការសម្រេចមកចូលរួមប្រកួតនៅកម្ពុជា លើកនេះ លោកបានប្តេជ្ញា ក៏ដូចជាត្រៀមចិត្តរួចហើយថា ទោះបីជាសន្លប់នៅក្នុងការប្រកួតក្តី ក៏រូបលោកសុខចិត្តទទួលយក ដើម្បីស្វែងរកមូលនិធីជួយដល់កុមារកម្ពុជា។ លោកធ្លាប់មកកម្ពុជា២លើកមកហើយ រួមទាំងការប្រកួតនេះទៀត សរុប៣លើកហើយៗលោកបានដឹងថា នៅកម្ពុជាមានកុមារកំព្រា។ លោកមកចូលរួមប្រកួតនេះ មិនខ្វល់ពីប្រាក់រង្វាន់ប៉ុន្មាននោះឡើយ ហើយក៏មិនមែនដើម្បីភាពល្បីឈ្មោះនោះដែរ ប៉ុន្តែផ្ទុយទៅវិញ លោកបានចូលរួមជួយដល់កុមារកំព្រាកម្ពុជា។ នេះជាការរួមចំណែករបស់កីឡាករជប៉ុនវ័យ ៦៣ឆ្នាំរូបនេះសម្រាប់កុមារកម្ពុជានូវអ្វីដែលលោកអាចជួយបាន។
លោកគូសបញ្ជាក់ថា ប្រសិនបើមានកម្មវិធីសប្បុរសធម៌បែបនេះទៀត នៅឆ្នាំក្រោយៗ លោកនឹងចូលរួមបន្តទៀត បើទោះបីជាឆ្នាំ២០២៥ខាងមុខ លោកមានវ័យ ៦៤ឆ្នាំក្តី ក៏លោកនៅតែមានឆន្ទៈចង់ចូលរួមដោយក្តីរីករាយផងដែរ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់មហាជន និងកុមារចូលរួមលេងកីឡាដើម្បីសុខភាព មិនថាប្រភេទកីឡាអ្វីនោះទេ ដោយការលេងកីឡា គឺជាទូតមួយនាំឱ្យមានទំនាក់ទំនងរវាងប្រទេសមួយទៅប្រទេសមួយទៀតបានយ៉ាងល្អប្រសើរបន្ថែមទៀតផងដែរ។ លោកក៏បានអរគុណ TV-Tower ដែលបានឧបត្ថម្ភគាំទ្រដល់ការរៀបចំកម្មវិធីប្រកួតមិត្តភាពសប្បុរសធម៌ កម្ពុជា-ជប៉ុន ជាលើកដំបូងនេះ។
គួររម្លឹកថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ឃីកបុកស៊ីងសប្បុរសធម៌កម្ពុជា-ជប៉ុនត្រូវបានរៀបចំឡើងជាលើកដំបូងនៅប្រទេសកម្ពុជា ដើម្បីកៀរគរថវិកាជួយដល់កុមារកំព្រាកម្ពុជា ដោយមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជាប៉ះជាមួយអ្នកប្រដាល់ជើងខ្លាំងជប៉ុនដោយមានចំនួន៩គូ ក្រោមការសហការរវាង TV TOWER និងសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា។ បើតាមការឱ្យដឹងលោក មាស វិចិត្រ អគ្គនាយកក្រុមហ៊ុន LDST Development បានឱ្យ ដឹងថា ព្រឹត្តិការណ៍កីឡាប្រដាល់ឃីកបុកស៊ីងសប្បុរសធម៌កម្ពុជា-ជប៉ុន ធ្វើឡើងដើម្បីកៀរគរថវិកាជួយដល់កុមារកំព្រាកម្ពុជា ដែលជាការចូលរួមចំណែកជួយដល់សង្គមជាតិផ្នែកមនុស្សធម៌ និងជួយដល់កុមារកំព្រាទាំងនេះទទួលបានសិក្សាតាមសាលាផងដែរ៕
ប្រភព៖ AKP