លោក ប៉ាល់ ជីវ័ន៖ កីឡាឧត្តមសិក្សាមានផលប្រយោន៍ដល់ការផលិតធនធាននិស្សិតថ្មីៗ និងបង្កើនគុណភាពជម្រើសជាតិ ត្រៀមជើងឯកអាស៊ី នៅឥណ្ឌា

ភ្នំពេញ៖ លោក ប៉ា​ល់ ជីវ័ន គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​តេ​ក្វា​ន់​ដូ ITF​កម្ពុជា និង​ជា​មន្ត្រី​អាជ្ញាកណ្តាល​-​ចៅក្រម​កីឡា​តេ​ក្វា​ន់​ដូ ITF ក្នុង​ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ ឆ្នាំ​២០២៤ បាន​គូសបញ្ជាក់​ពី​ផលប្រយោជន៍​សំខាន់​មួយ​ចំនួន ក្នុង​ការ​ផលិត​ធនធាន​កីឡាករ កីឡាការិនី​ជា​និស្សិត​ថ្មី​ៗ​បន្តវេន ហើយ​ក៏​ជា​ឱកាស​បង្កើន​គុណភាព​ដល់​ក្រុម​ជម្រើសជាតិ ត្រៀម​ទៅ​ប្រកួត​តេ​ក្វា​ន់​ដូ ITF ជើងឯក​អាស៊ី នៅ​ប្រទេស​ឥណ្ឌា នា​ខែសីហា ឆ្នាំ​២០២៤​ដែរ​។

លោក ប៉ា​ល់ ជីវ័ន បាន​លើក​ឡើង​ថា ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ ITF នៃ​កីឡា​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ ឆ្នាំ​២០២៤​នេះ​មាន​មាន​កីឡាករ ៣២​នាក់ និង​កីឡាការិនី​២០​នាក់​សរុប ៥២​នាក់​មក​ពី​៨​សាកលវិទ្យាល័យ ដោយ​មាន​វិញ្ញាសា​សរុប​ចំនួន​១៣​។ ការ​ប្រកួត​នេះ​គឺជា​ការ​ដកស្រង់​បទ​ពិសោធន៍​របស់​កីឡាករ កីឡាការិនី​មក​ពី​គ្រឹះស្ថានឧត្តមសិក្សា ហើយ​សហព័ន្ធ​កីឡា​ជាតិ ក៏​ដូច​ជា​ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​អាច​ជ្រើសរើស​បាន​នូវ​ធនធាន​បន្តវេន​ផង​ដែរ​។ ជាមួយ​គ្នា​នេះ កីឡាករ កីឡា​រិ​នី​ជម្រើសជាតិ​តេ​ក្វា​ន់​ដូ ITF កម្ពុជា ដែល​មាន​ខ្លះ​ជា​និស្សិត ក៏​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឧត្តម​សិក្សា ដើម្បី​បង្កើន​គុណភាព​បច្ចេកទេស ត្រៀម​ឆ្ពោះទៅ​ចូលរួម​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ ពី​ការ​ប្រកួត​តេ​ក្វា​ន់​ដូ ITF ជើងឯក​អាស៊ី នៅ​ប្រទេស​ឥណ្ឌា នា​ខែសីហា ឆ្នាំ​២០២៤​ផង​ដែរ​។

នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឧត្តម​សិក្សា និង​មធ្យមសិក្សា​ថ្នាក់​ជាតិ​នេះ ក្រៅពី​ការ​ផលិត​ធនធាន​កីឡាករ កីឡាការិនី​ជា​និស្សិត​ថ្មី​ៗ​បន្តវេន ក៏​ជា​ការ​ប្រកួត​មួយ​ដ៏​សំខាន់​ក្នុង​ការ​វាស់​ស្ទង់​គុណភាព​របស់​អត្ត​ព​លិ​ក​ជម្រើសជាតិ​មួយ​ចំនួន​ផង​ដែរ​ថា​តើ​ចំណុច​ណា​ដែល​នៅ​ខ្វះខាត ហើយ​ត្រូវ​ហ្វឹកហាត់​បំពេញបន្ថែម មុន​ពេល​ចេញ​ទៅ​ប្រកួត​អន្តរជាតិ​កម្រិត​អាស៊ី នៅ​ប្រទេស​ឥណ្ឌា​។

បន្ថែម​ពីលើ​នេះ គ្រូធំ​ជម្រើសជាតិ​តេ​ក្វា​ន់​ដូ ITF កម្ពុជា​រូប​នេះ​ក៏​បាន​សំណូមពរ​ដល់​បណ្តា​សាល​វិទ្យាល័យ​នានា ដែល​មិន​ទាន់​ចូលរួម​លើ​ប្រភេទ​កីឡា​ក្វា​ន់​ដូ ITF សូម​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ដូច​គ្នា​នេះ នា​ឆ្នាំ​ក្រោយ​ៗ​ទៀត ដើម្បី​ជំរុញ​ឱ្យ​ចលនា​និស្សិត​របស់​យើង​បាន​ចូលរួម​បច្ចេកទេស​សមត្ថភាព​លើ​ប្រភេទ​កីឡា​ឱ្យ​បាន​ច្រើន ដើម្បី​ជា​ធនធាន​សម្រាប់​ជាតិ​នា​ថ្ងៃ​ខាង​មុខ​បន្ត​ទៀត​។

សម្រាប់​សមាសភាព​ក្រុម​ជម្រើសជាតិ​តេ​ក្វា​ន់​ដូ ITF ប្រចាំឆ្នាំ​២០២៤ មាន​សរុប​ចំនួន ១៥​នាក់ ក្នុង​នោះ​អត្ត​ព​លិ​ក​ជា​និស្សិត​មាន​៩​នាក់​។ ក្នុងអំឡុងពេល​នេះ គឺជា​ការ​ហ្វឹកហាត់​បំប៉ន​បច្ចេកទេស ហើយ​នៅ​អំឡុង​ពាក់កណ្តាល​ខែកក្កដា ឆ្នាំ​២០២៤ ទើប​ជម្រើស​សមាសភាព​អត្ត​ព​លិ​ក​ឆ្នើម​ត្រៀម​ទៅ​ប្រកួត​ជើងឯក​អាស៊ី នៅ​ឥណ្ឌា នា​ខែសីហា ឆ្នាំ​២០២៤​។

ជា​ចុង​ក្រោយ លោក ប៉ា​ល់ ជីវ័ន បាន​ថ្លែងអំណរគុណ​ចំណោះ​ក្រសួង​អប់រំ យុវជន និង​កីឡា តាម​រយៈ​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា ដែល​រៀបចំ​ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា និង​មធ្យមសិក្សា​ថ្នាក់​ជាតិ​នេះ​ឡើង ក្នុង​ការ​ជំរុញ​ឱ្យ​យុវជន ក៏​ដូច​ជា​និស្សិត​តាម​សាកលវិទ្យាល័យ​នានា​បាន​ចូលរួម​លេង​កីឡា ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា «​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត​»៕

ប្រភព៖ AKP

Previous articleកីឡាករ Lloyd Kelly សម្រេចចិត្តចាកចេញពី Bournemouth ខណៈក្លឹបមួយនេះចង់បានគាត់ខ្លាំង
Next articleAston Villa គ្រោងផ្ទេរយកអតីតខ្សែបម្រើរបស់ក្លឹប Chelsea ម្នាក់