កីឡាឧត្តមសិក្សា-មធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិបញ្ចប់ជាស្ថាពរខណៈអាស៊ីអឺរ៉ុប គ្រងជើងឯក ក្នុងចំណោម៤៧គ្រឹះស្ថានឧត្តមសិក្សា

ភ្នំពេញ៖ លោក ហួត សេង​ទ្រី ប្រធាន​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ ឆ្នាំ​២០២៤ បាន​អះអាង​ថា ព្រឹត្តិការណ៍​កីឡា​នេះ​បាន​ដំណើរការ​ប្រកួត​យ៉ាង​រលូន ដោយ​កីឡាករ កីឡាការិនី​បាន​ឈរ​លើ​ឧត្តមគតិ​កីឡា ការ​គោរព​វិន័យ បទបញ្ជា​ការ​ប្រកួត ជំរុញ​ឱ្យ​ការ​ប្រកួត​នេះ​បាន​បញ្ចប់​ប្រកបដោយ​ភាព​ជោគជ័យ ខណៈ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប បាន​គ្រប់គ្រង​ម្ចាស់​ជើងឯក ដោយ​ឈ្នះ​មេដាយ​ច្រើន​ជាងគេ សរុប​រហូត​ដល់ ៦១​គ្រឿង ក្នុង​ចំណោម​គ្រឹះស្ថានឧត្តមសិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ចូលរួម​សរុប​ចំនួន ៤៧​។

នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ប្រធាន​នាយកដ្ឋាន នៅ​ក្នុង​របាយការណ៍​ជម្រាប​ជូន ក្នុង​ពិធី​បិទ​ការ​ប្រកួត នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ល្ងាច​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៤ ដែល​បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក ហួត សេង​ទ្រី បាន​ជម្រាប​ជូន​ថា ថ្ងៃនេះ​ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤ លើ​១៣​ប្រភេទ​កីឡា ដែល​មាន​ប្រតិភូ​កីឡា​ចូលរួម​សរុប ១ ៧៦៤ នាក់ ស្រី ៣៩១ នាក់ មក​ពី ៤៧​គ្រឹះស្ថានឧត្តមសិក្សា ដោយ​ក្នុង​នោះ​មាន​គ្រឹះស្ថានសិក្សា​សាធារណៈ ចំនួន ១៣ និង​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន ៣៤ ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​១៨-២៦ ខែឧសភា ឆ្នាំ​២០២៤​។

ក្នុង​នាម​គណៈកម្មការ​រៀបចំ​ការ​ប្រកួត លោក ហួត សេង​ទ្រី បាន​ថ្លែងអំណរគុណ​ចំពោះ​គ្រឹះស្ថានឧត្តមសិក្សា និង​មធ្យមសិក្សា​បច្ចេកទេស ដែល​បាន​បញ្ជូន​ប្រតិភូ​កីឡា​ចូលរួម​ការ​ប្រកួត​នេះ គណៈកម្មការ​បច្ចេកទេស​ទាំងអស់ រដ្ឋបាល​រាជធានី​ភ្នំពេញ កងកម្លាំង​មាន​សមត្ថកិច្ច មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​អង្គភាព​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​សហការ​ប្រកបដោយ​ឆន្ទៈ​ខ្ពស់ និង​បាន​បង្ក​លក្ខណៈ​ងាយស្រួល​គ្រប់​បែប​យ៉ាង ដែល​នាំ​ឱ្យ​ការ​ប្រកួត​ដំណើរការ​បាន​យ៉ាង​រលូន និង​ទទួល​បាន​ជោគជ័យ​ប្រកបដោយ​មោទនភាព​។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សង្កត់ធ្ងន់​ថា ឆ្លង​តាម​ការ​ប្រកួត​យ៉ាង​សកម្ម និង​ស្វិតស្វាញ នៅ​លើ​ទីលាន​ប្រកួត​ទាំង​១៣ ប្រភេទ​កីឡា រយៈពេល ០៩​ថ្ងៃ​កន្លង​មកនេះ បាន​កត់សម្គាល់​ឃើញ​ថា ក្រុមកីឡា​នីមួយ​ៗ​បាន​យក​អស់កម្លាំង​កាយ កម្លាំងចិត្ត សមត្ថភាព​បច្ចេកទេស និង​ទេព​កោសល្យ​របស់​ខ្លួន ដែល​បាន​ចូលរួម​ប្រកួត​ប្រកបដោយ​ទឹកចិត្ត​ក្លៀវក្លា​ក្នុង​នាម​ជា​អ្នកកីឡា​។ កាយវិការ​របស់​កីឡាករ កីឡាការិនី បាន​អនុវត្ត​ក្នុង​ការ​ប្រកួត​លើក​នេះ គឺ​ពិតជា​ឈរ​លើ​ស្មារតី​គោរព​វិន័យ បទបញ្ជា​បច្ចេកទេស ចេះ​ស្រឡាញ់​យោគយល់ អធ្យាស្រ័យ​គ្នា យល់​ច្បាស់​នូវ​មនសិការ​កីឡា និង​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​នូវ​ចំណង​សាមគ្គីភាព ដែល​ជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​ប្រទេស​ជាតិ​យើង​ទាំងមូល ស្រប​ទៅ​នឹង​ប្រធានបទ “​កីឡា​ឌី​ជី​ថ​ល ជា​អនាគត​យុវជន​”​។

គួរ​បញ្ជាក់​ថា លទ្ធផល​បច្ចេកទេស​នៃ​ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤ លើ​១៣​ប្រភេទ​កីឡា និង​គ្រឹះស្ថានសិក្សា ដែល​ទទួល​បាន​មេដាយ​ច្រើន​ជាងគេ និង​មេដាយ រួម​មាន​៖ សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប ឈរ​លេខ​១ ដោយ​ដណ្តើម​បាន​មេដាយមាស ២៨ ប្រាក់​១៨ និង​សំរឹទ្ធ​១៥ សរុប ៦១​គ្រឿង​, លេខ​២ វិទ្យាស្ថាន ខេ​ម​អេ​ដ មេដាយមាស ១៨ ប្រាក់ ១០ និង​សំរឹទ្ធ ១៥ សរុប ៤៣ ខណៈ​សាកលវិទ្យាល័យ វេ​ស្ទើ​ន ឈរ​លេខ​៣ ដណ្តើម​បាន​មេដាយមាស​ស ១៦ ប្រាក់ ១៦ និង​សំរឹទ្ធ​២០ រុ​ប ៥២​គ្រឿង​។ ចំពោះ​១៦​គ្រឹះស្ថានឧត្តមសិក្សា ដណ្តើម​បាន​មេដាយមាស រីឯ​១២​គ្រឹះស្ថាន​ទៀត​ទទួល​បាន​មេដាយ​ប្រាក់ និង​សំរឹទ្ធ ស្រប​ពេល​ដែល​១៥​គ្រឹះស្ថាន​ផ្សេង​ទៀត​មិន​ទទួល​បាន​មេដាយ​សោះ​៕

ប្រភព៖ AKP

Previous articleភ្នាកងាររបស់កីឡាករ Kevin De Bruyne បានជួបជាមួយនឹងក្លឹបមកពីអារ៉ាបដល់ទៅ ១០
Next articleសហព័ន្ធហែលទឹករកបានធនធានឆ្នើម៣នាក់ពីការប្រកួតឧត្តមសិក្សាថ្នាក់ជាតិត្រៀមទៅប្រកួតសាកលវិទ្យាល័យអាស៊ាន នៅឥណ្ឌូណេស៊ី